COVID-19
ជាតិ
ក្រសួងសុខាភិបាល ពុំទាន់អាចវាយតម្លៃពីកម្រិតឆ្លងកូវីដ-១៩ ក្រោយចូលឆ្នាំបានទេ
18, Apr 2022 , 6:08 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រសួងសុខាភិបាល ពុំទាន់អាចវាយតម្លៃពីកម្រិតឆ្លងកូវីដ-១៩ ក្រោយចូលឆ្នាំខ្មែរបានទេ ដោយរង់ចាំមើលស្ថានភាពជាក់ស្ដែង រហូតដល់ដំណាច់ខែមេសានេះ។

 
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ក្រោយជួបជុំសប្បាយនៃពិធីចូលឆ្នាំហើយ គឺជាការកំណត់ស្ថានភាពឆ្លងកូវីដ-១៩។
 
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានឆ្លើយតបជាមួយអ្នកសារព័ត៌មានតាមតេឡេក្រាម នៅថ្ងៃទី១៨ ខែមេសានេះថា៖ «យើងមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបានឡើយ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺត្រូវរង់ចាំ និងបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ នៅតំបន់ណាមួយ រហូតដំណាច់ខែមេសា»។ 
 
តែយ៉ាងណាលោកស្រី ឱ វណ្ណឌីន ស្នើឲ្យពលរដ្ឋដែលមានរោគសញ្ញាសង្ស័យវិជ្ជមានកូវីដ-១៩ ប្រញាប់ទៅធ្វើតេស្តរហ័ស។ «បើលទ្ធផលបង្ហាញ​ វិជ្ជមានកូវីដ-១៩​ និងបើក្នុងលក្ខណៈស្រាល សូមនៅដោយឡែក​ ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ​ និងអ្នកដទៃ​ ហើយថែទាំព្យាបាលខ្លួននៅផ្ទះ ឱ្យបានល្អហ្មត់ចត់​ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក​។ បើមានរោគសញ្ញាសង្ស័យថាវិវត្តន៍ទៅធ្ងន់ធ្ងរ​ សូមប្រញាប់ទៅស្វែងរកការព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ​ កុំសម្ងំនៅផ្ទះ​ ដែលអាចស្លាប់បាត់បង់ជីវិតបាន»។ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល។
 
ទន្ទឹមនឹងនេះ លោកស្រី ឱ វណ្ណឌីន បានប្រាប់ដល់អាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យនៅតាមតំបន់ ឱ្យជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ ទាំងដូសមូលដ្ឋាន  និងដូសជំរុញ(ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា៕

© រក្សាសិទ្ធិដោយ thmeythmey.com