ជាតិ
ពីនេះ ពីនោះ
របាយការណ៍៖ កម្ពុជាមានមូស ២៩០ប្រភេទ ដោយ៤៣ប្រភេទបង្កជំងឺ
19, Apr 2022 , 7:59 pm        
រូបភាព
ប្រភេទមួយចំនួន ដែលមានវត្តមានក្នុងប្រទេសកម្ពុជា ក្នុងចំណោមមូសចំនួន២៩០ប្រភេទ។ រូបភាពពី ក្រសួងបរិស្ថាន។
ប្រភេទមួយចំនួន ដែលមានវត្តមានក្នុងប្រទេសកម្ពុជា ក្នុងចំណោមមូសចំនួន២៩០ប្រភេទ។ រូបភាពពី ក្រសួងបរិស្ថាន។
យោងតាមរបាយការណ៍ របស់ក្រសួងបរិស្ថាន អំពីកំណត់ត្រាមូសនៅកម្ពុជា គិតត្រឹមឆ្នាំ២០២០ បានរកឃើញសត្វមូសចំនួន២០ពួក ស្មើនឹង២៩០ប្រភេទ ដោយ ៤៩ប្រភេទជាកំណត់ត្រាថ្មី និង ៤៣ប្រភេទ​ ជាប់ពាក់ព័ន្ធនឹងការបង្កជំងឺ។ ដោយឡែកនៅលើពិភពលោក មានមូសសរុបជាង ៣ ៦០០ប្រភេទ។


បើតាមក្រសួងបរិស្ថាន តាមការវាយតម្លៃជំងឺឆ្លងបង្កឡើងដោយសត្វល្អិត មានច្រើនជាង១៧ភាគរយ នៃជំងឺឆ្លងសរុប និងបណ្ដាលឱ្យមនុស្សស្លាប់ជាងមួយលាននាក់ក្នុងមួយឆ្នាំៗ។ ក្នុងចំណោមសត្វល្អិតបង្កជំងឺទាំងនោះ មានមូសបីពួក ត្រូវបានកត់ត្រាជាភ្នាក់ងារចម្លងជំងឺជាងគេ។ 
 
មូសបីពួក ដែលកត់ត្រាជាភ្នាក់ងារចម្លងជំងឺជាងគេ រួមមាន មូសក្នុងពួកអេដេស (Aedes) ជាភ្នាក់ងារបង្កជំងឺគ្រុនឈាម (Dengue) គ្រុនឈីក (Chikungunya) ហ្ស៊ីកា (Zika)។ ពួកអាណូផេលេស (Anopheles) ជាភ្នាក់ងារបង្កជំងឺគ្រុនចាញ់ (Malaria)។ ពួកគូលិច (Culex) ជាភ្នាក់ងារបង្កជំងឺគ្រុនលឿង (Yellow fever) និង ជំងឺរលាកខួរក្បាលជប៉ុន (Japanese Encephalitis)។ ជំងឺមូសទាំងបីពួកខាងលើនេះ សុទ្ធតែជាភ្នាក់ងារបង្កជំងឺជើងដំរី (Elephantiasis)។
 
នៅឆ្នាំ២០២០កន្លងទៅ មានការសិក្សាអំពីមូសរយៈពេលពេញមួយឆ្នាំ នៅរាជធានីភ្នំពេញ ដោយនិស្សិតផ្នែកអភិរក្សចម្រុះ នៃសាកលវិទ្យាភូមិន្ទភ្នំពេញ សហការនឹងវិទ្យាស្ថានប៉ាស្ទ័រ រកឃើញមូសចំនួន១០ប្រភេទ។ ក្នុងនោះមូសក្នុងពួកអេដេស ចាប់បានសំណាកច្រើនជាងគេ ប្រមាណ៨៧ភាគរយ នៃសំណាកមូសសរុប ខណៈប្រភេទមូស Toxorhychites splendens ចាប់បាន​តិចជាងគេ។ មូសប្រភេទ Toxorhychites splendens ត្រូវបានចាត់ទុកជាប្រភេទសូចនាករ ក្នុងការគ្រប់គ្រងប្រភេទមូសផ្សេងៗ​ ព្រោះថាដង្កូវទឹកមូសប្រភេទនេះ ស៊ីដង្កូវទឹករបស់ប្រភេទមូសផ្សេងៗទៀត ហើយមូសប្រភេទនេះក៏មិនបង្កជំងឺដែរ។ 
 
គួរជម្រាបផងដែរថា មូសជាសត្វល្អិតមានស្លាប ស្ថិតក្នុងអម្បូរគូលីស៊ីដេ (Culicidae) មានមាត់ជាទ្រនិចស្រួច សម្រាប់ខាំជញ្ជក់បណ្ដាលឱ្យរមាស់ និងបង្កជាជំងឺគ្រុនចាញ់ ឬគ្រុនឈាមជាដើម។ ជាទូទៅ មូសញីរស់នៅដោយបឺតជញ្ជក់ឈាមមនុស្ស និងសត្វ ដើម្បីចិញ្ចឹមជីវិត និងបង្កកំណើត។ ឯមូសឈ្មោលវិញ បឺតជញ្ជក់ទឹកដមផ្កាជាអាហារ៕
 
 

Tag:
 ThmeyThmey
  បរិស្ថាន
  កំណត់ត្រាមូស
© រក្សាសិទ្ធិដោយ thmeythmey.com