ជាតិ
សេដ្ឋកិច្ច
៣ខែដើមឆ្នាំ២០២២ កម្ពុជា-អាម៉េរិក សម្រេចបានទំហំពាណិជ្ជកម្ម ២,២ពាន់លានដុល្លារ
×
ដោយ ៖ ធន់ សេងហុង
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអាម៉េរិក សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ២,២ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២២នេះ។ ទំហំនេះ បានកើនឡើងរហូតដល់ ៤១,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង ១,៥ពាន់លានដុល្លារ។
ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញ ជាមួយបណ្តាប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការនាំចេញទំនិញពីកម្ពុជាទៅអាម៉េរិក ៣ខែនេះ មានទំហំទឹកប្រាក់រហូតដល់ ២,១៥ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ៤៣,៧ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានត្រឹមតែ ១,៤៩ ពាន់លានដុល្លារ។
ចំណែកឯការនាំចូលទំនិញពីអាម៉េរិក មកកម្ពុជាវិញ មានទំហំជាង៧៦លានដុល្លារ ដោយធ្លាក់ចុះប្រមាណ ០,៨ ភាគរយ បើធៀបរយៈពេលដូចគ្នា ដែលមានទំហំទឹកប្រាក់ ៧៧លានដុល្លារ ក្នុងឆ្នាំ២០២១។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា នេះជាសញ្ញាល្អ សម្រាប់កំណើននាំចេញពីកម្ពុជាទៅអាម៉េរិក។ លោកបន្តទៀតថា ស្របពេលដែលចិន និងអាម៉េរិក កំពុងដំឡើងពន្ធដាក់គ្នានេះ ក៏ជាឱកាសសម្រាប់កម្ពុជា ដែលអាចទាក់ទាញវិនិយោគិនកាន់តែច្រើន ខណៈកម្ពុជាដាក់ឱ្យអនុវត្តច្បាប់វិយោគថ្មី ដើម្បីលើកទឹកចិត្តដល់អ្នកដែលមានបំណងរកស៊ីនៅកម្ពុជា។
ទំនិញដែលកម្ពុជា នាំចេញទៅអាម៉េរិកភាគច្រើនជាទំនិញពីវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ។ លោក លឹម ហេង បានបន្ថែមទៀតថា កម្ពុជាកំពុងត្រូវការវិនិយោគិនជាច្រើន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជា ជាពិសេសទៅលើវិស័យកសិឧស្សាហកម្ម ដែលកែច្នៃផលិតកសិកម្ម និងវិស័យទេសចរណ៍ សំដៅលើការសាងសង់សណ្ឋាគារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។
សូមជម្រាបថា កាលឆ្នាំ២០២១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេស-តំបន់នៅលើពិភពលោក បានជាង៤៨ពាន់លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា មាន ១៩,៣ពាន់លានដុល្លារ។ រីឯការនាំចូលវិញ មាន២៨,៧ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
Tag:
អាមេរិក កម្ពុជា ទំហំពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com