ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋមន្រ្តី៖ មន្រ្តីខ្លះក្នុងប្រព័ន្ធយុត្តិធម៌ កន្លះឆ្នាំ មិនទាន់ទៅកន្លែងធ្វើការម្តង 
លោក កើត រិទ្ធ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។
×![]()
ដោយ៖ ទេពញាណ
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទម្លាយពីភាពអសកម្មរបស់មន្រ្តីមួយចំនួនក្នុងប្រព័ន្ធយុត្តិធម៌ថា អ្នកខ្លះ ទៅបំពេញការងារតែ១ថ្ងៃ ក្នុង១ខែ ហើយអ្នកខ្លះទៀត រហូតដល់ទៅកន្លះឆ្នាំ មិនទាន់បានទៅបំពេញការងារម្តងផង។ លោករដ្ឋមន្រ្តីទម្លាយព័ត៌មាននេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃ១២ ខែមេសា ឆ្នាំ២០២២។
លោក កើត រិទ្ធ ថ្លែងថា លោក បានចាត់តាំងលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង លោក ផូវ សំភី អគ្គនាយកកិច្ចការរដ្ឋបាលតុលាការនៃក្រសួងយុត្តិធម៌ ឲ្យធ្វើកិច្ចការលើការត្រួតពិនិត្យ និងស្រង់វត្តមានរបស់មន្រ្តីក្នុងប្រព័ន្ធយុត្តិធម៌ជាប់ជានិច្ច ដើម្បីដឹងថា អ្នកណាខ្លះ ទៅបំពេញការងារ ហើយអ្នកណាខ្លះ មិនទៅបំពេញការងារ។ លោក អះអាងថា មិនមែនតែព្រះរាជអាជ្ញា និងចៅក្រមនោះទេ មន្រ្តីផ្សេងទៀតក្នុងប្រព័ន្ធយុត្តិធម៌ ក៏ត្រូវត្រួតពិនិត្យ និងត្រូវស្រង់វត្តមានដែរ។ លោក បានប្រកាសចេញពីពិធីសន្និបាតថា ឆ្នាំ២០២២ គឺជាឆ្នាំពង្រឹងវិន័យនៃមន្រ្តីប្រព័ន្ធយុត្តិធម៌។
លោករដ្ឋមន្រ្តីយុត្តិធម៌ បញ្ជាក់ដូច្នេះថា៖«អ្នកខ្លះ១ខែ ធ្វើការឃើញមុខម្តង អត់បានទេ។ ឥឡូវចាប់ពីពេលនេះទៅ គឺឆ្នាំវិន័យ គឺមានន័យថា ពង្រឹងខាងវិន័យ។ អ៊ីចឹងហើយ បានជាខាងបុគ្គលិក លើកមកឲ្យខ្ញុំ ថា អ្នកនេះ កន្លះឆ្នាំហើយ អត់ដែលមកធ្វើការទេ សូមចាត់វិធានការផ្លូវច្បាប់។ ថ្ងៃមុន ឯកឧត្តម ជីវ សុងហាក់ [រដ្ឋលេខាធិការក្រសួងយុត្តិធម៌] លើក [ពីបញ្ហាហ្នឹងដែរ] ខ្ញុំ ថា ឯកភាពគាំទ្រពេញទំហឹង ជូនខាងបុគ្គលិក ដើម្បីធ្វើការងារនេះ»។
លោក ជិន ម៉ាលីន ដែលមានតួនាទីជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ដែរនោះ បដិសេធមិនបង្ហាញតួលេខឡើយថា ក្នុងប្រព័ន្ធយុត្តិធម៌ មានមន្រ្តីប៉ុន្មាននាក់ ដែលទៅធ្វើការតែ១ថ្ងៃ ក្នុង១ខែ និងមានមន្រ្តីប៉ុន្មាននាក់ ដែលកន្លះឆ្នាំ មិនទាន់ទៅធ្វើការងារម្តង។ ឆ្លើយតបនឹងសារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាម នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ ផ្តល់ហេតុផលដូច្នេះថា៖«ពាក់ព័ន្ធនឹងការងារនេះ វា ជាវិធានការផ្ទៃក្នុងរបស់ក្រសួង របស់ស្ថាប័ន។ អ៊ីចឹង អ្វីដែលយើងរកឃើញ មិនផ្សព្វផ្សាយជាសាធារណៈទេ ហើយយើង នឹងរៀបចំចាត់ចែងវិធានការទណ្ឌកម្មផ្នែកវិន័យផ្ទៃក្នុង សម្រាប់មន្រ្តីដែលអសកម្ម និងមន្រ្តី ដែលមិនបានគោរពតាមវិន័យការងារ»។
លោកបណ្ឌិត សេក សុជាតិ អ្នកតាមដានស្ថានការណ៍សង្គម មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា តែងស្វែងរកមន្រ្តីខ្មោច ឬមន្រ្តី ដែលមានតែឈ្មោះ តែមិនទៅធ្វើការ។ លោក បន្តថា មន្រ្តីទាំងនោះ បានយកពេលវេលា សម្រាប់បំពេញការងាររាជការ ទៅធ្វើកិច្ចការដទៃ ដើម្បីស្វែងរកផលប្រយោជន៍ផ្សេងៗ ឬដើម្បីបំពេញបន្ថែមសេដ្ឋកិច្ចគ្រួសារ។ លោក កត់សម្គាល់ឃើញថា មន្រ្តី ដែលធ្វើការងារសកម្ម មានចំនួនតិចតួចប៉ុណ្ណោះ។
អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ អធិប្បាយជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទដូច្នេះថា៖«បញ្ហាទាំងអស់នេះ សម្រាប់ខ្ញុំ មិនមានអីចម្លែកទេ ព្រោះក្នុងសង្គមរបស់យើងពេលបច្ចុប្បន្នហ្នឹង មិនមែនតែក្នុងក្រសួងយុត្តិធម៌ ឬមន្រ្តីក្នុងស្ថាប័នយុត្តិធម៌ទេ គឺស្ទើរតែគ្រប់អង្គភាព ស្ថាប័ន ក្នុងព្រះរាជាណាចក្រកម្ពុជា»៕
Tag:
កើត រិទ្ធ
ប្រព័ន្ធយុត្តិធម៌
មន្រ្តីអសកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com