ជាតិ
ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ ធ្លាក់ចុះ៤០ភាគរយ ដោយសារការប្រែប្រួលអាកាសធាតុ
21, Apr 2022 , 10:22 am        
រូបភាព
 (រូបភាពពី សមាគមស្វាយចន្ទីកម្ពុជា)
(រូបភាពពី សមាគមស្វាយចន្ទីកម្ពុជា)
ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុ បន្តអូសបន្លាយយូរ ដែលបានធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះយ៉ាងគំហុក។ ជាក់ស្ដែង រយៈពេល ៣ខែចុងក្រោយ ឆ្នាំ២០២២នេះ កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីស្រស់បានត្រឹមតែ ២៧ម៉ឺនតោនប៉ុណ្ណោះ ដោយធ្លាក់ចុះជិត ៤០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

 
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា ភ្លៀងធ្លាក់បន្តបន្ទាប់ ចាប់តាំងពីខែមករា មក បានធ្វើឱ្យដំណាំស្វាយចន្ទីរបស់ប្រជាកសិករជាច្រើនហិកតាខូចខាតធ្ងន់ធ្ងរ។ លោក ស៊ីឡុត វាយតម្លៃថា វិបត្តិអាកាសធាតុដ៏អាក្រក់នេះ អាចធ្វើឱ្យទិន្នផលស្វាយចន្ទីបាត់បង់ចន្លោះពី ៣០ទៅ ៦០ភាគរយ ខណៈភ្លៀងបន្តអូសបន្លាយទៀត។ 
 
លោក អួន ស៊ីឡុត ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទដូច្នេះ៖«ការនាំចេញ ធ្លាក់ចុះហ្នឹង បណ្ដាលមកពីធ្លាក់ទិន្នផល ដោយវិបត្តិអាកាសធាតុ ដែលធ្វើឱ្យទិន្នផលស្វាយចន្ទីនៅឆ្នាំថយចុះចន្លោះពី ៣០ទៅ៦០ភាគរយ។ ភ្លៀងតាំងពីខែមករា ដល់ចុងខែមីនា អ៊ីចឹង ធ្វើឱ្យស្វាយចន្ទីខូចច្រើន»។  
 


ក្រៅពីវិបត្តិអាកាសធាតុ លោក ស៊ីឡុត សង្កេតឃើញថា ការបញ្ជាទិញពីវៀតណាមក៏ធ្លាក់ចុះផងដែរ។ វៀតណាម ជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីធំមួយរបស់កម្ពុជា គឺរហូតដល់៩០ភាគរយ។ ជាក់ស្ដែង រយៈពេល ៣ខែដើមឆ្នាំ២០២២នេះ វៀតណាមប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ពីកម្ពុជាចំនួន ២៦ម៉ឺនតោនប៉ុណ្ណោះ។  
 
ជាមួយគ្នានេះ បញ្ហា ជី ប្រេងសាំង និងថ្នាំកសិកម្ម ឡើងថ្លៃ ក៏កំពុងធ្វើឱ្យកសិករមួយចំនួនខាតបង់ធ្ងន់ធ្ងរផងដែរ ខណៈកសិករខ្លះពិចារណារបោះបង់ការដាំ ឬកាប់ដើមចោល។ ប្រធានសមាគមរូបនេះ អះអាងថា បញ្ហាទាំងនេះ នឹងប៉ះពាល់ដល់ទិន្នផលស្វាយចន្ទីនៅឆ្នាំបន្ទាប់ទៀត។ 
 
លោក បញ្ជាក់ដូច្នេះថា៖«មកដល់ពេលកសិករយើងខាតបង់ធ្ងន់ធ្ងរណាស់។ ទិន្នផលរបស់គាត់បានថយចុះខ្លាំង ដោយសារអាកាសធាតុ និងជី សាំង ថ្នាំកសិកម្ម ឡើងថ្លៃហួសប្រមាណ។ អ៊ីចឹង កសិករ មិនអាចរកផលចំណេញបានទេ»។ 
 
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល ៣ខែចុងក្រោយនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ២ម៉ឺនតោន ដោយកើនឡើង ៣១១,៨៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ដោយឡែក ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ចំនួន ២៧ម៉ឺនតោនធ្លាក់ចុះ ៣៩,៦៧ភាគរយ ដែលភាគច្រើន នាំទៅប្រទេសវៀតណាម៕
 

Tag:
 ស្វាយចន្ទី
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com