ជាតិ
ហ៊ីងស្រស់ កំពុងមានទីផ្សារ និងតម្លៃថ្លៃ!
23, Apr 2022 , 9:59 am        
រូបភាព
ភ្នំពេញ៖ រយៈពេលជាង១ឆ្នាំហើយ ដែលអាជីវករមួយចំនួនបានយកហ៊ីងស្រស់មកលក់លើទីផ្សារ។ ទន្ទឹមនឹងនេះ ហ៊ីងស្រស់ ក៏មានទីផ្សារ សម្រាប់ពលរដ្ឋចំនួន ពិសេសពលរដ្ឋនៅរាជធានីភ្នំពេញ។ តាមការអះអាងពីអាជីវករទាំងនោះ ហ៊ីងស្រស់លក់បានតម្លៃថ្លៃ ហើយមួយថ្ងៃពួកគេអាចលក់បានចន្លោះពី២០-៣០គីឡូក្រាមឯណោះ។


ហ៊ីង ជាសត្វមួយប្រភេទ ដែលមានសន្ដានកង្កែប តែសណ្ឋានមាឌត្រមុល និងបំប៉ោងខ្លួនបាន។ បច្ចុប្បន្ន សត្វហ៊ីង កំពុងមានទីផ្សារ និង​មាន​តម្លៃខ្ពស់នៅ​រាជធានីភ្នំពេញ ដោយសារអតិថិជនទិញទៅធ្វើម្ហូប។ អ្នកស្រី ថន​ ស្រីមុំ ជាអាជីវករលក់ហ៊ីងស្រស់ និងហ៊ីងប្រឡាក់គ្រឿង នៅផ្សារសំណង់១២ ក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ហ៊ីងមានទីផ្សារល្អ ហើយក៏លក់បានតម្លៃថ្លៃគួរសមផងដែរ។
 
អាជីវករ​ស្រីមុំ លក់ហ៊ីងស្រស់ បានតម្លៃ៣៥០០០រៀលក្នុងមួយគីឡូក្រាម និងហ៊ីងប្រឡាក់គ្រឿង តម្លៃ៣៨០០០រៀលក្នុងមួយគីឡូក្រាម។ អាជីវករវ័យ៣៣ឆ្នាំរូបនេះ លើកឡើងថា៖«ហ៊ីងរបស់ខ្ញុំលក់គឺទិញពីកសិករខេត្តព្រះវិហារ និងក្រចេះ។ ហ៊ីងហ្នឹងក៏មិនមែនហ៊ីងចិញ្ចឹមដែរ ពួកគាត់ដើរចាប់តាមភ្លឺស្រែ ព្រោះយកមកហ្នឹងមានតូចមានធំ អត់ធំៗស្មើគ្នាទេ»។


 រូបភាពពីហ្វេសប៊ុក Srey Tuch Online Shop

ងាកមកអាជីវករលក់ហ៊ីងម្នាក់ទៀត អ្នកស្រី ស៊្រុន លាងហ៊ន ក៏អះអាងថា ហ៊ីងកំពុងមានទីផ្សារនាពេលបច្ចុប្បន្នផងដែរ។ អ្នកស្រី លាងហ៊ន អាចលក់ហ៊ីងស្រស់នេះ បានតម្លៃ៦ម៉ឺនរៀលឯណោះ ក្នុងមួយគីឡូក្រាម។
 
«ខ្ញុំបង្ហោះលក់តាមហ្វេសប៊ុក ហើយមានភ្ញៀវកម្មង់ទិញច្រើន មានទីផ្សារ។ ជាមធ្យមខ្ញុំលក់ដាច់២០-៣០គីឡូក្រាមក្នុងមួយថ្ងៃ បើថ្ងៃណាតិចជាង១០គីឡូក្រាម ព្រោះភ្ញៀវគេទិញម្នាក់៤-៥គីឡូក្រាមទុកហូបអ៊ីចឹងទៅ»។ នេះជាការលើកឡើងរបស់អ្នកស្រី ស៊្រុន លាងហ៊ន ដោយបញ្ជាក់ថា អ្នកស្រី ទិញហ៊ីងទាំងនេះ ពីកសិករខេត្តសៀមរាប ក្រចេះ និងខេត្តព្រះវិហារ។
 
ក្រៅពីនេះ លោក ធី សុធា ជាអាជីវករលក់ហ៊ីងម្នាក់ទៀត ក៏ថា ហ៊ីងមានទីផ្សារ ហើយលក់បានតម្លៃខ្ពស់ទៀតផង។ លោក សុធា លក់ហ៊ីងស្រស់នោះតម្លៃ៤៥០០០រៀលក្នុងមួយគីឡូក្រាម។


រូបភាពពីហ្វេសប៊ុក Srey Tuch Online Shop

អាជីវកររូបនេះ លើកឡើងថា៖«ខ្ញុំប្រមូលទិញពីកសិករតាមខេត្ត ហើយយកមកលក់បានតម្លៃ៤៥០០០រៀលក្នុងមួយគីឡូក្រាមហ្នឹង។ និយាយទៅលក់ដាច់ដែរ បានជាង១០-២០គីឡូក្រាមរាល់ថ្ងៃ»។
 
តាមការបញ្ជាក់ពីអាជីវករទាំង៣ខាងលើ ហ៊ីងស្រស់នេះ អតិថិជនភាគច្រើនទិញយកទៅធ្វើម្ហូបបានច្រើនប្រភេទដូចជា ឆា ស្ងោរ ប្រឡាក់គ្រឿងអាំង ចៀន បំពងជាដើម៕
 

Tag:
 ហ៊ីង
© រក្សាសិទ្ធិដោយ thmeythmey.com