ជាតិ
សេដ្ឋកិច្ច
កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មរួមគ្នាឱ្យលើស ១០ពាន់លានដុល្លារ នៅឆ្នាំ២០២២ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ ត្រីមាសទីមួយឆ្នាំ២០២២ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាមបានក្នុងរង្វង់១,៧ពាន់លានដុល្លារ។ ភាគីទាំងពីរបានប្តេជ្ញាជំរុញពាណិជ្ជកម្មរួមគ្នាឱ្យកើនលើស១០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២។
បច្ចុប្បន្ន បើទោះបីវៀតណាមរឹតត្បិតលើការនាំចូលស្ករស និងស្វាយចន្ទីពីកម្ពុជា រួមទាំងជួបប្រទះនូវវិបត្តិសុខភាពសាធារណៈដោយសារជំងកូវីដ-១៩ក្តី ក៏ភាគីកម្ពុជានិងវៀតណាម ប្តេជ្ញាបង្កើនពាណិជ្ជកម្មរួមគ្នាឱ្យលើសពីទំហំ១០ពាន់ដុល្លារ នៅក្នុងឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
នៅថ្ងៃទី២២មេសា លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក Tran Quoc Khanh អនុរដ្ឋមន្រ្តីនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាមតាមប្រព័ន្ធអនឡាញ ដើម្បីរកដំណោះស្រាយបញ្ហាពាណិជ្ជកម្មទ្វេភាគី។ បើតាមក្រសួងពាណិជ្ជកម្ម ភាគីទាំងពីរពិភាក្សាគ្នាដោយផ្តោតលើដំណោះស្រាយនូវវិធានបូកបន្ថែម (Extended Cumulation)នៃដើមកំណើតទំនិញសម្រាប់ផលិតកម្មកង់នាំចេញទៅសហភាពអឺរ៉ុប ការនាំចេញគ្រាប់ស្វាយចន្ទីនិងស្ករសទៅប្រទេសវៀតណាម និងការរៀបចំក្របខ័ណ្ឌសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅពង្រីកកំណើនសេដ្ឋកិច្ច។
ការពិភាក្សានេះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ ដើម្បីស្វែងរកដំណោះស្រាយលើវិធានបូកបន្ថែម (Extended Cumulation) សម្រាប់ផលិតកម្មកង់ដែលកម្ពុជានាំទៅសហភាពអឺរ៉ុប ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀតណាម-សហភាពអឺរ៉ុប បានចូលជាធរមានកាលពីឆ្នាំ២០២០ ដែលបទប្បញ្ញត្តិលេខ ២០១៥/២៤៤៦ របស់សហភាពអឺរ៉ុប តម្រូវឱ្យភាគីកម្ពុជា-វៀតណាមបំពេញនីតិវិធីចាំបាច់ក្នុងការទទួលបានវិធានបូកបន្ថែមនេះ។ សម្រាប់ការពិភាក្សាលើបញ្ហាការនាំស្វាយចន្ទី និងស្ករសពីកម្ពុជាទៅប្រទេសវៀតណាមដែលមានការរាំងស្ទះផ្នែកបច្ចេកទេសមួយចំនួន ភាគីនៃប្រទេសទាំងពីរបានប្តេជ្ញាចិត្តសហការដោះស្រាយកិច្ចការនេះបន្តទៀត ដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
ដ្បិតមានបញ្ហាពាណិជ្ជកម្មមួយចំនួនបានបង្កើតរវាងកម្ពុជា-វៀតណាមក៏ពិតមែន ប៉ុន្តែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានបង្កើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងកាលឆ្នាំ២០២១ កម្ពុជា-វៀតណាម សម្រេចទំហំពាណិជ្ជកម្មរួមគ្នាបានរហូតដល់ជិត៩ពាន់លានដុល្លារ។ សម្រាប់ឆ្នាំ២០២២ភាគីទាំងពីរប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មឱ្យកើនដល់១០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com