COVID-19
ជាតិ
កម្ពុជាទទួលបានជំនួយវ៉ាក់សាំងកូវីដ-១៩ ជាង១លានដូស ពីអ៊ីតាលី
24, Apr 2022 , 3:15 pm        
រូបភាព
មន្រ្តីកម្ពុជា និងមន្រ្តីស្ថានទូតអ៊ីតាលី ទៅទទួលវ៉ាក់សាំងនៅព្រលានយន្តហោះភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។ រូបពីវីដេអូរបស់ BTV
មន្រ្តីកម្ពុជា និងមន្រ្តីស្ថានទូតអ៊ីតាលី ទៅទទួលវ៉ាក់សាំងនៅព្រលានយន្តហោះភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។ រូបពីវីដេអូរបស់ BTV
ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤មេសា កម្ពុជាទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ១លានដូសពីប្រទេសអ៊ីតាលី។ បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល វ៉ាក់សាំងកូវីដ-១៩​ដែលកម្ពុជាទទួលបាននេះ គឺជាប្រភេទ​Astra Zeneca។



វ៉ាក់សាំងកូវីដ-១៩ ចំនួន ១ ០៥៦ ០០០ដូស ប្រភេទ​Astra Zeneca ដែលរដ្ឋាភិបាលប្រទេសអ៊ីតាលី ផ្តល់ឱ្យកម្ពុជានោះ ត្រូវបានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នាថ្ងៃទី២៤មេសា។ លោកស្រី យក់ សម្បត្តិ​ បានបញ្ជាក់ថា​ វ៉ាក់សាំងទាំងនេះ គឺជាជំនួយឥតសំណងដែលកម្ពុជាទទួលបានពីប្រទេសអ៊ីតាលី ហើយពិធីទទួល-ទទួលជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី២៥មេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន សែន។

បើតាមលោកស្រី យក់ ​សម្បត្តិ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងនេះ គឺសម្រាប់ផ្តល់ជាដូសជំរុញនូវដូសទីបី​និងទីបួន ខណៈមានពលរដ្ឋនៅកម្ពុជាជាង១៤,៨លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺនេះ។ ចំនួននេះ គឺស្មើនឹងអត្រាជាង៩៣ភាគរយនៃផែនការរបស់រដ្ឋាភិបាល។  ក្នុងនោះ ពលរដ្ឋដែលបានចាក់វ៉ាក់សាំងនូវ ដូសទីបីមានជាង៨,២លាននាក់ ខណៈដូសទីបួនមានត្រឹមជាង១,៣លាននាក់ប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៣មេសា។​

មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ប្រមាណ៥០លានដូសសម្រាប់ផ្តល់ជូនដល់ពលរដ្ឋដោយឥតគិតថ្លៃ។ វ៉ាក់សាំងទាំងនោះមាន ប្រភេទ៖ Johnson & Johnson, Astra Zeneca, Pfizer, Sinovac និងSinopharm... ជាដើម៕

Tag:
 វ៉ាក់សាំងកូវីដ-១៩
  អ៊ីតាលី
© រក្សាសិទ្ធិដោយ thmeythmey.com