ជាតិ
សុខភាព
សម្តេច ហ៊ុន សែន តម្រូវឱ្យពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ជាចាំបាច់ ដើម្បីបង្កើនភាពស៊ាំសហគមន៍
24, Apr 2022 , 6:29 pm        
រូបភាព
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
ផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា សម្រេចបានជាង៩៣ភាគរយដែលមានពលរដ្ឋប្រមាណ១៤,៨លាននាក់បានទទួលវ៉ាក់សាំងនូវដូសទីមួយនិងពីរ ​(ដូសមូលដ្ឋាន)។ ប៉ុន្តែក្នុងចំណោមនោះ មានពលរដ្ឋត្រឹមជាង៨,២លាននាក់ប៉ុណ្ណោះ ដែលបានចាក់នូវដូសទីបី​ (ដូសជំរុញ) ខណៈកម្ពុជាទទួលបានជំនួយវ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានបញ្ជាលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងនូវដូសទីបីជាចាំបាច់ ដល់ពលរដ្ឋ ដើម្បីភាពស៊ាំក្នុងសហគមន៍។

 
«មិនថាកម្មករ-កម្មការិនីទេ! ប្រជាជនទាំងអស់នៅកម្ពុជា​ ត្រូវតែបានចាក់នូវដូសទីបីជាចាំបាច់»។ នេះបើយោងតាមសារសំឡេងពិសេសរបស់សម្តេច ហ៊ុន សែន នារសៀលថ្ងៃទី២៤មេសា ដោយបានបញ្ជាក់ថា នេះជាការតម្រូវមួយ ដើម្បីកម្ពុជាឈានឆ្ពោះទៅរកការបន្ធូរបន្ថយទាំងស្រុង ឬមួយផ្នែកធំនៃវិធានការសុខាភិបាលសម្រាប់ការពារការឆ្លងនៃជំងឺកូវីដ-១៩។  
 
ប្រមុខរដ្ឋាភិបាល បានប្រាប់លោកស្រី ឱ វណ្ណឌីន ឱ្យសហការជាមួយកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបើកយុទ្ធនាការចាក់វ៉ាក់សាំងនូវដូសទីបី ដល់កម្មករ-កម្មការិនីនៅតាមរោងចក្រ​ និងក្រុមហ៊ុនសំណង់នានា រួមទាំងអាជីវករនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬជនងាយឆ្លងជំងឺកូវីដ-១៩ នៅគ្រប់រាជធានី-ខេត្ត ដើម្បីបង្កើនភាពស៊ាំសហគមន៍ឱ្យបានកាន់តែខ្ពស់។ សម្តេច បន្តមានប្រសាសន៍ដោយសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «គឺធ្វើយ៉ាងម៉េច​ឱ្យពួកគាត់បាន [ចាក់] នូវដូសទីបី ជាចាំបាច់ ហើយប្រសិនបើពួកគាត់ទទួលបានដូសទីបួន គឺកាន់តែប្រសើរ។ ប៉ុន្តែអ្វីដែលជាសំណូមពរដ៏ទាបបំផុតរបស់ខ្ញុំ គឺ[ពលរដ្ឋត្រូវបាន]ចាក់ដូសទីបី ហើយដូសទីបីនេះ យើងនៅសល់មនុស្សជាង៦លាននាក់ទៀត ដែលត្រូវចាក់»។ 
 
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៣មេសា កម្ពុជាមានពលរដ្ឋជាង ១៤,៨លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ក្នុងនោះ ពលរដ្ឋជាង ៨,២លាននាក់បានចាក់នូវដូសទីបី ​ខណៈដូសទីបួនមានត្រឹមជាង១,៣លាននាក់ប៉ុណ្ណោះ។ ផ្អែកលើតួលេខនេះ សម្តេច ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ឱ្យទៅចាក់វ៉ាក់សាំងនូវដូសទីបី ដើម្បីប្រើប្រាស់ឱ្យលទ្ធភាពនូវអ្វីដែលមានក្នុងដៃ ក្នុងការពង្រឹងភាពស៊ាំក្នុងសហគមន៍ និងងាយស្រួលដល់ការបើកសេដ្ឋកិច្ច-សង្គមទាំងស្រុង ដែលគ្មានថ្ងៃត្រឡប់ក្រោយ។
 
ចាប់តាំងពីខែចុងមីនា ឆ្នាំ២០២២មក ចំនួនអ្នកជំងឺកូវីដ-១៩នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់។ ជាក់ស្តែង បន្ទាប់ពីចប់ពិធីបុណ្យចូលខ្មែរមកទល់បច្ចុប្បន្ន កម្ពុជាក៏ពុំមានសញ្ញានៃការឆ្លងរីករាលនូវជំងឺនេះផងដែរ។ ប៉ុន្តែយ៉ាងណាមិញ សម្តេចក៏ទាមទារយ៉ាងទទូចឱ្យពលរដ្ឋគ្រប់រូប​ យ៉ាងហោចត្រូវតែចាក់នូវដូសទីបី ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃភាពស៊ាំសហគមន៍កម្ពុជា៕ 
 

Tag:
 COVID-19
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com