COVID-19
ជាតិ
រដ្ឋាភិបាល កំពុងពិចារណាឱ្យដកកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈ
25, Apr 2022 , 10:43 am        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល កំពុងពិចារណាលើការដកកាតព្វកិច្ចពាក់ម៉ាស នៅតាមទីសាធារណៈ ក្រោយមើលឃើញពីស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាល។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវីដ-១៩ ជាង១លានដូស ពីរដ្ឋាភិបាលអ៊ីតាលី នៅព្រឹកថ្ងៃទី២៥ មេសា នាវិមានសន្តិភាព។


មូលហេតុដែលសម្ដេច ហ៊ុន សែន ចង់បន្ធូរបន្ថយវិធានការការពារកូវីដ-១៩នេះ ដោយសារមើលឃើញពីទិដ្ឋភាពនៃការជួបជុំគ្នារបស់ពលរដ្ឋ ជាលក្ខណៈទ្រង់ទ្រាយធំ នៅទីកន្លែងកម្សាន្តនានា ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ មិនសូវមានអ្នកពាក់ម៉ាសការពារកូវីដ-១៩ នោះទេ ប៉ុន្តែស្ថានការណ៍ឆ្លងជំងឺនេះ បែរជាមិនផ្ទុះខ្លាំងទៅវិញ។ ដោយសារមើលឃើញរូបភាពបែបបនេះហើយ ទើបសម្ដេច ចង់ឱ្យលើកលែងលើករណីពាក់ម៉ាស នៅតាមទីសាធារណៈនេះ។
 
«ខ្ញុំចង់ឱ្យមានការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស នៅតាមទីធ្លាសាធារណៈ ក៏ប៉ុន្តែតម្រូវឱ្យពាក់នៅទីកន្លែងដូចជាការបិទជិត (ទីកន្លែងជួបជុំ ក្នុងបន្ទប់, កន្លែងការងារ) នៅទីនេះ ជាដើម»។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានពិភាក្សាជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល លើចំណុចនេះហើយ។
 
ជុំវិញបញ្ហានេះ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំអន្តរក្រសួង នៅថ្ងៃទី២៥ មេសានេះ ដើម្បីពិនិត្យលទ្ធភាពលើការដកកាតព្វកិច្ចពាក់ម៉ាស នៅទីសាធារណៈ។
 
បើតាមនាយករដ្ឋមន្ត្រី ហ៊ុន សែន ពលរដ្ឋទូទាំងប្រទេសចំណាយថវិកាជាមធ្យម ១០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ សម្រាប់ការទិញម៉ាសពាក់ការពារជំងឺកូវីដ-១៩នេះ ។ ដូច្នេះការដកកាតព្វកិច្ចពាក់ម៉ាសនេះ ក៏ជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋមួយផ្នែកដែរ។ 
 
កាលពីដើមខែមេសា កន្លងមកនេះ សម្ដេច ហ៊ុន សែន ក៏សាកល្បងដកកាតព្វកិច្ចពាក់ម៉ាសនៅក្នុងខេត្តចំនួន៤ រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារ ផងដែរ។ ការសាកល្បងនេះ ឃើញថា លទ្ធផលឆ្លងកូវីដ-១៩ នៅក្នុងខេត្តទាំងនេះ មានអត្រាទាប ដែលជាសញ្ញាមួយល្អ សម្រាប់ដំណើរការអនុគ្រោះកាតព្វកិច្ចពាក់ម៉ាស ដល់ខេត្តផ្សេងៗទៀត។
 
សម្រាប់សម្តេច ហ៊ុន សែន អត្រាឆ្លង និងស្លាបទាបនេះ ដោយសារភាពស៊ាំសហគមន៍ ដែលបណ្តាលមកពីការចាក់វ៉ាក់សាំងដល់ពលរដ្ឋ ជាពិសេសការចាក់ដូសជំរុញ។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល បានជំរុញឱ្យពលរដ្ឋជាង៦លាននាក់ទៀត ដែលមិនទាន់ទៅចាក់ដូសទី៣ និងទី៤ ប្រញ៉ាប់ទៅចាក់នៅគ្រប់ទីកន្លែង ដែលក្រសួងសុខាភិបាល បានរៀបចំបម្រើការជូនពលរដ្ឋ។
 
វ៉ាក់សាំងកូវីដ-១៩ ជាង២០លានដូសទៀត ដែលបណ្ដាប្រទេសផ្សេងៗ សន្យាផ្ដល់ឱ្យកម្ពុជា នឹងត្រូវបញ្ជូនមកជាបន្តបន្ទាប់ ខណៈកម្ពុជា នៅសល់វ៉ាក់សាំងជាង១១លានដូស ក្នុងឃ្លាំង។ នេះបើតាមលោកនាយករដ្ឋមន្រ្តី៕
 

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com