COVID-19
ជាតិ
រដ្ឋាភិបាល លុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈ
26, Apr 2022 , 9:08 am        
រូបភាព
រដ្ឋាភិបាលកម្ពុជា សម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈ ​ក្រោយករណីឆ្លងកូវីដ-១៩ បានធូរស្បើយ។ ​ការសម្រេចនេះ ធ្វើឡើងនាកិច្ចប្រជុំរបស់គណៈកម្មការប្រឆាំងកូវីដ-១៩ និងអ្នកពាក់ព័ន្ធនាល្ងាចថ្ងៃទី២៥ មេសា។

 
តាមរយៈសារសំឡេង ជាង១៦នាទី នៅព្រឹកថ្ងៃទី២៦ មេសានេះ សម្តេច ហ៊ុន សែន គូសបញ្ជាក់ដូច្នេះថា៖«លើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងកន្លែងចំហនានា ក្រៅតែពីកន្លែងបិទជិត ដោយទុកឱ្យប្រជាជនទាំងអស់សម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស់ ឬមិនពាក់ម៉ាស់»។ ​
 
ដ្បិតតែរដ្ឋាភិបាល ទុកលទ្ធភាពឱ្យពលរដ្ឋសម្រេចចិត្តក្នុងការពាក់ម៉ាស់ ឬមិនពាក់ដោយខ្លួនឯងនៅទីសាធារណៈ ប៉ុន្តែសម្តេច ហ៊ុន សែន នៅក្នុងសារសំឡេងដដែល បានលើកទឹកចិត្តឱ្យពលរដ្ឋពាក់ម៉ាស់ នៅកន្លែង​ដែលមានមនុស្សកកកុញ និងកន្លែងដែលមានករណីសង្ស័យថាមានកូវីដ-១៩ដែរ ។ ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល ក៏នៅតែបន្តអំពាវនាវយ៉ាងទទូច ឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍​ ខណៈនៅមានពលរដ្ឋជាង៦ លាននាក់ទៀត ដែលមិនទាន់បានទទួលវ៉ាក់សាំងដូសជំរុញនេះ។ ពលរដ្ឋ ក៏ត្រូវតែធ្វើតេស្តរហ័សក្នុងករណីសង្ស័យណាមួយផងដែរ។ 
 
សម្តេច នាយករដ្ឋមន្ត្រី ក៏បង្ហើបពីការពិនិត្យលទ្ធភាព ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ សម្រាប់មន្ត្រីជួរមុខ និងអ្នកអាទិភាពផ្សេងទៀតដែរក្នុងពេលខាងមុខ៕
 
​ 
 

Tag:
 ពាក់ម៉ាស់
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com