COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មីមានតែ២នាក់ប៉ុណ្ណោះ ខណៈការពាក់ម៉ាស់លែងជាកាតព្វកិច្ច
26, Apr 2022 , 12:08 pm        
រូបភាព
ដោយ: រួបរួម
ជាលើកដំបូងបើគិតចាប់តាំងពីករណីអូមីក្រុងរាលដាលនៅកម្ពុជា ដោយរបាយការណ៍បង្ហាញថា អ្នកឆ្លងថ្មីមានត្រឹមតែ២នាក់ប៉ុណ្ណោះ ស្របពេលដែលរដ្ឋាភិបាល សម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈ។



យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលសម្រាប់ថ្ងៃទី២៥ ខែមេសា ករណីឆ្លងអូមីក្រុងដែលបញ្ជាក់ដោយ PCR មានតែ២ករណីប៉ុណ្ណោះ ខណៈអ្នកសះស្បើយមានចំនួន២៣នាក់។

នេះជាករណីឆ្លងតិចបំផុត បើគិតចាប់តាំងពីអូមីក្រុងវាយលុកចាប់ពីថ្ងៃទី៨ ខែមករា មក ស្របពេលដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារជាសំឡេង ដើម្បីប្រកាសពីការលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងកន្លែងចំហនានា ក្រៅតែពីកន្លែងបិទជិត ដោយទុកឱ្យប្រជាជនទាំងអស់សម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។


គិតត្រឹមថ្ងៃទី២៦ ខែមេសា នេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន១៣៦ ២៣០នាក់ ក្នុងនោះ ១៣២ ៩៦៨នាក់ បានជាសះស្បើយ និង៣០៥៦នាក់ បានស្លាប់។ ករណីនាំចូលពីបរទេសមាន១៣២ ៩៦៨នាក់ និងករណីអូមីក្រុងក្នុងសហគមន៍មាន ១៤ ៤២៧នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com