ជាតិ
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល៖ ពលរដ្ឋអាចធ្វើដំណើរលើ​ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឥតគិតថ្លៃបាន១ខែ
26, Apr 2022 , 8:59 pm        
រូបភាព
លោក ស៊ុន ចាន់ថុល កំពុងបង្ហាញគំរូផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ដល់ ភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ គល់ទទឹង និង ព្រះតេជគុណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា នាថ្ងៃទី២៦មេសា។ រូបថត៖ MPWT
លោក ស៊ុន ចាន់ថុល កំពុងបង្ហាញគំរូផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ដល់ ភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ គល់ទទឹង និង ព្រះតេជគុណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា នាថ្ងៃទី២៦មេសា។ រូបថត៖ MPWT
ភ្នំពេញ៖ តាមផែនការផ្លូវល្បឿនលឿន(Expressway) ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាអំឡុងខែកញ្ញា ឆ្នាំ២០២២។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បញ្ជាក់ថា បន្ទាប់ផ្លូវនេះដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនោះ ពលរដ្ឋគឺអាចធ្វើដំណើរដោយឥតគិតថ្លៃ ក្នុងរយៈពេលមួយខែ។

 
ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានតម្លៃវិនិយោគ ប្រមាណ២០០០លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅខែកក្កដា។ លោក ស៊ុន ចាន់ថុល បានបន្ថែមថា ក្រោយពីប្រើប្រាស់សាកល្បងហើយ ផ្លូវនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាអំឡុងខែកញ្ញា ឆ្នាំ២០២២។ 
 
«ក្រោយពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនោះ ក្រុមហ៊ុនអនុញ្ញាតឱ្យ[ពលរដ្ឋ]ធ្វើដំណើរលើផ្លូវនេះ ​ដោយឥតគិតថ្លៃ ក្នុងរយៈពេលមួយខែ»។​ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ក្នុងឱកាសចុះទស្សនកិច្ចផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាថ្ងៃទី២៦មេសា។
 

 លោក ស៊ុន ចាន់ថុល កំពុងថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលត្រៀមបញ្ចប់ការដ្ឋានសាងសងនាពេលឆាប់ៗនេះ។​ រូបភាព៖ MPWT

លោក ស៊ុន ចាន់ថុល បន្តរៀបរាប់ថា សម្រាប់ឆ្នាំទីមួយនៃការដំណើរការផ្លូវល្បឿនលឿននេះ ក្រុមហ៊ុនបានបញ្ចុះថ្លៃពី១៨ដុល្លារមកនៅត្រឹម១២ដុល្លារសម្រាប់ការធ្វើដំណើរមួយម្តង ឬ២៤ដុល្លារសម្រាប់ការដំណើរទៅ-មក។ បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ការដំណើរតាមផ្លូវនេះ គឺចំណាយតិច ចំណេញពេលវេលា និងមានសុវត្ថិភាពថែមទៀត ។ 
 
សូមជម្រាបថា ផ្លូវល្បឿនលឿននេះ មានប្រវែងជិត២០០គីឡូម៉ែត្រ ដែលភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅភូមិ១ សង្កាត់លេខ៣ នៃក្រុងព្រះសីហនុ។ ផ្លូវនេះ​ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២មីនា ឆ្នាំ២០១៩ ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd។

ផ្លូវនេះ ឆ្លងកាត់ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ។ ជាមួយនឹងការដាក់ឱ្យប្រើផ្លូវល្បឿនលឿននេះ នាអំឡុងខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ​និងដឹកជញ្ជូន ក៏នឹងផលិតវីដេអូ ពន្យល់ឬណែនាំដល់ពលរដ្ឋពីការប្រើប្រាស់ផ្លូវនេះ ប្រកបដោយសុវត្ថិភាព ផងដែរ។ សម្រាប់ផ្លូវល្បឿនលឿននេះ គឺមិនអនុញ្ញាតឱ្យម៉ូតូ និងរថយន្ត ដែលបើកបរក្នុងល្បឿនយឺត៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រើប្រាស់ឡើយ៕ 
 
 
 
 

Tag:
 ​ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
  លោក ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com