ជាតិ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស្នើសម្ដេច ហ៊ុន សែន ជួយការពារភ្នំតាម៉ៅ ក្រោយកាត់ដីឲ្យក្រុមហ៊ុនឯកជនមួយ
27, Apr 2022 , 9:59 pm        
រូបភាព
លោក នីច ម៉ាក (Nick Marx) អ្នកជំនាញអភិរក្សសត្វព្រៃនៅអង្គការសម្ព័នមិត្តសត្វព្រៃ។ រូបពី Wildlife Care
លោក នីច ម៉ាក (Nick Marx) អ្នកជំនាញអភិរក្សសត្វព្រៃនៅអង្គការសម្ព័នមិត្តសត្វព្រៃ។ រូបពី Wildlife Care
ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Care) បានស្នើសុំសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្តរាគមន៍សួនសត្វភ្នំតាម៉ៅ ខណៈតំបន់អភិរក្សនេះ កំពុងរងការឈូសឆាយព្រៃឈើ ពីសំណាក់ក្រុមហ៊ុនឯកជនមួយ។ អាជ្ញាធរខេត្តតាកែវ បានអះអាងថា ការឈូសឆាយព្រៃឈើនេះ ក៏ព្រោះតែក្រុមហ៊ុននេះ បានទទួលសិទ្ធិកាន់កាប់ដីស្របច្បាប់នៅតំបន់ភ្នំតាម៉ៅ ពីរដ្ឋាភិបាល។

 
លោក Nick Marx អ្នក​ជំនាញ​អភិរក្ស​សត្វព្រៃនៅ​អង្គការសម្ព័នមិត្តសត្វព្រៃ បានចេញវីដេអូជាង៤នាទី រៀបរាប់ពីសត្វជាច្រើនដែលមានវត្តមាននៅភ្នំតាម៉ៅ ជាមួយក្ដីបារម្ភខ្លាចបាត់បង់តំបន់អភិរក្សមួយនេះ។ https://www.facebook.com/watch/?v=564291994908928
លោក Nick Marx  ដែលជាអ្នកអភិរក្សសត្វព្រៃនៅកម្ពុជា ប្រមាណ២០ឆ្នាំហើយ បាននិយាយថា បច្ចុប្បន្នតំបន់ភ្នំតាម៉ៅ ស្ថិតក្នុងស្រុក​បាទី ខេត្ត​តាកែវ
ត្រូវបានគេឈូសឆាយដី និងកាប់ព្រៃឈើ ដែលកំពុងបំផ្លាញជម្រកសត្វព្រៃ និងតំបន់ទេសចរណ៍។ 
 
លោក Nick Marx ពោលថា លោកគ្មានអំណាចឡើយ ប៉ុន្តែរូបលោកមានបេះដូងស្រលាញ់សត្វព្រៃ និងធម្មជាតិ។  លោក Nick Marx បានស្នើប្រមុខរដ្ឋាភិបាល យ៉ាងដូច្នេះ៖ «ខ្ញុំ និង​អ្នក​អភិរក្សផ្សេង​ទៀត សំណូម​ពរ​សម្ដេច ហ៊ុន សែន ជួយ​ការពារភ្នំតាម៉ៅដដែល ដើម្បីទុកជាជម្រកសុវត្ថិភាព​សម្រាប់សត្វព្រៃ និងជាកន្លែងកម្សាន្តធម្មជាតិដ៏ល្អ​សម្រាប់ប្រជាជននៅជិតទីក្រុងភ្នំពេញ»។ 
 
ជុំវិញការកាត់តំបន់ភ្នំតាម៉ៅទៅឲ្យក្រុមហ៊ុនឯកជននេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យពាក្យរដ្ឋាភិបាល អះអាងថា លោកមិនបានដឹងពីរឿងរ៉ាវនេះឡើយ ប៉ុន្តែគ្រាន់តែធ្លាប់បានឮពីដំណឹងនេះប៉ុណ្ណោះ។ 
 
ចំណែក លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ពុំបានដឹងរឿងនេះដែរ។ លោក សេង ឡូត និងលោក ផៃ ស៊ីផាន បានរុញឲ្យសួរនាំរឿងនេះ ទៅអាជ្ញាធរខេត្តតាកែវ។ 
 
ដូចគ្នាដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា លោកក៏មិនបានដឹងរឿងភ្នំតាម៉ៅនេះដែរ ព្រោះភ្នំនេះគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម និងលោក ស្រី វុឌ្ឍី បានឡើយ ដោយទូរស័ព្ទចូលពុំមានអ្នកឆ្លើយតប។ 
 
យ៉ាងណាក្ដី លោក មាស អ៊ុយ នាយករដ្ឋបាលខេត្តតាកែវ បានឲ្យដឹងថា តំបន់ភ្នំតាម៉ៅ បានផ្ទេរទៅឲ្យក្រុមហ៊ុនឯកជនហើយ កាលពីពេលអំឡុងខែមីនា ឆ្នាំ២០២២។ ចំណែកការឈូសឆាយដី និងកាប់ព្រៃនៅតំបន់ភ្នំតាម៉ៅ គឺពិតជាមានមែន ប៉ុន្តែលោក ក៏មិនដឹងព័ត៌មាន​លម្អិតដែរ ព្រោះតំបន់នោះ បានប្រគល់ឲ្យក្រុមហ៊ុនឯកជនហើយ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៧ មេសា តាមប្រព័ន្ធទូរស័ព្ទ លោក មាស អ៊ុយ ថ្លែងយ៉ាងដូច្នេះ៖ «ភ្នំតាម៉ៅហ្នឹង រដ្ឋបានផ្ទេរឲ្យវិស័យឯកជនហើយ។ ខ្ញុំអត់ចាំទេ ទំហំអាចទាំងអស់ អត់ចាំចំនួនប៉ុន្មានទេ ប៉ុន្តែដឹងតែផ្ទេរទៅឲ្យក្រុមហ៊ុនឯកជនហើយ… ខ្ញុំអត់ច្បាស់»។ 
 
ចំពោះទំហំផ្ទៃដី និងលក្ខខណ្ឌនៃការផ្ទេរឲ្យក្រុមហ៊ុនឯកជននេះ លោក មាស អ៊ុយ ពុំបានដឹងឡើយ ដោយសារលោកមិនបានចូលប្រជុំ ស្ដាប់របាយការណ៍។ រីឯគោលដៅអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ រួមទាំងការយកសត្វនៅតំបន់នេះ ទៅតំបន់ផ្សេងទៀតនោះ ក៏គ្មានព័ត៌មានច្បាស់លាស់ដែរ។ 
 
លោក កាន់ រ៉ា មន្រី្តចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្ត និងលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តតាកែវ សុទ្ធតែបានចូលរួមកិច្ចប្រជុំស្តីពីការកាត់តំបន់ភ្នំតាម៉ៅ ឲ្យក្រុមហ៊ុនឯកជននេះ កាលពីខែមុន។ ប៉ុន្តែមន្ត្រីទាំងពីរនេះ សុទ្ធតែអះអាងដូចគ្នាថា មិនបានចាំខ្លឹមសារដើម នៃសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលឡើយ។
 
តែយ៉ាងណាលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ បានបញ្ជាក់ថា ការកាត់តំបន់ភ្នំតាម៉ៅទៅឲ្យក្រុមហ៊ុនឯកជននេះ គឺតែមួយផ្នែក នៃភ្នំតាម៉ៅប៉ុណ្ណោះ មិនមែនប្រគល់ឲ្យក្រុមហ៊ុនឯកជនទាំងស្រុងនោះទេ។
 
កាលពីថ្ងៃទី១៨ មេសា សារព័ត៌មានកោះសន្តិភាព បានចេញផ្សាយថា ដីព្រៃនៃសួនសត្វភ្នំតាម៉ៅ ប្រមាណ៣០០ហិកតា នឹងត្រូវកាត់ឲ្យឈ្មួញ ដើម្បីអភិវឌ្ឍន៍។ 

ភ្នំតាម៉ៅ ជារមណីយដ្ឋានបែបធម្មជាតិ មានប្រាសាទ ព្រៃ ភ្នំ និង​សួនសត្វដ៏ធំនៅកម្ពុជា។  តំបន់នេះ ត្រូវបានក្រសួងកសិកម្ម រៀបចំដាំដើមឈើ និងសួនសត្វប្រមាណ៧០ហិចតា។  តំបន់៧០ហិចតានេះ មានភ្នំចំនួន៥ គឺភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង រួមទាំងប្រាសាទបុរាណពីរ គឺប្រាសាទតាម៉ៅ(ភ្នំតាម៉ៅ) និងប្រាសាទថ្មដុះ(ភ្នំថ្មដុះ)។ ឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មានសត្វកម្រច្រើនប្រទេសដូចជា ពស់​ថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លា​ឃ្មុំ​ជាដើម។ នេះបើតាមគេហទំព័រ demo.cambodia.gov.kh៕ 
 
 
 

Tag:
 សង្គម
  ភ្នំតាម៉ៅ
© រក្សាសិទ្ធិដោយ thmeythmey.com