ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
«អសារ» និង «អាសា» មានន័យ​ខុសគ្នា
22, May 2024 , 7:29 am        
រូបភាព
យោងតាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «អសារ» និង «អាសា» មានន័យរៀងៗខ្លួន ដែលយើងមិនអាច​សរសេរច្របូក​ច្របល់គ្នា​បាននោះឡើយ។

 
«អសារ» មានន័យថា ដែលឥតខ្លឹម; ឥតប្រយោជន៍, ឥតអំពើ; ដែលមិនកើតការឬមិនបានការ; ដែលមិនខ្ជាប់ខ្ជួន, មិនរឹងប៉ឹង; ដែលគ្មានតម្លៃ; ដែលមិនពិត, ពុំប្រាកដ;... (ច្រើនប្រើផ្សំជាមួយនឹងពាក្យ ឥតការ)។ សម្ដីអសារឥតការ, របស់អសារឥតការ ។
 
ក្រៅពីគុណសព្ទ «អសារ» ក៏អាច​ប្រើជា​កិរិយាវិសេសន៍ បាន​ដែរ។ ទុកចោលអសារឥតការ, ខូចអសារឥតការ ។ ប្រើជា អសារៈ ក៏បាន៖ សម្ដីអសារៈ ។ ពាក្យផ្ទុយគឺ សារ ឬ សារៈ ។
 
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អានថា «អៈសារ៉ៈ» ដូចជា អសារគតិ គតិមិនខ្ជាប់ខ្ជួន; គតិមិននឹង។ អសារជាត ឬ អសារព្រឹក្ស ឈើឥតខ្លឹម មានសុទ្ធតែសាច់ស្រាយ : រកា, គ, ស្ពង់... ជា អសារជាត ឬ អសារព្រឹក្ស ( ប្រើជា អសារកជាត ឬ អសារកព្រឹក្ស ក៏បាន )។ ពាក្យផ្ទុយ សារជាត ឬ សារព្រឹក្ស ។ 
 
អសារទ្រព្យ ឬ -ធន ទ្រព្យថយថោក, ទ្រព្យឥតតម្លៃ ( ពាក្យផ្ទុយ សារទ្រព្យ ឬ សារធន) ។ អសារធម្ម ឬ –ធម៌ ធម៌ឥតខ្លឹម, ធម៌ឥតគោល គឺមិច្ឆាប្រតិប័ទ (ពាក្យផ្ទុយ សារធម្ម ឬ សារធម៌) ។ អសារវាចា ឬ -វាទ សម្ដីឥតសារៈ, សម្ដីឥតសព្ទឥតសារ (ពាក្យផ្ទុយ សារវាចា ឬ –វាទ) ។ អសារវាទិន ឬ –វាទី អ្នកដែលច្រើនតែប្រើសម្ដីឥតសារៈ; បើស្ត្រីជា អសារវាទិនី (ពាក្យផ្ទុយ សារវាទិន –វាទី; សារវាទិនី ) ។ ល ។
 
រីឯពាក្យ «អាសា» សម្រាប់ថ្នាក់ពាក្យជានាមមានន័យថា បំណង; សង្ឃឹម, ការនឹកសង្ឃឹម
មានអាសា, អស់អាសា ។ បើជាកិរិយាសព្ទ វាជាពាក្យសាមញ្ញ ដែល​សំដៅសេចក្ដីថា "មានឧស្សាហ៍, មានព្យាយាម, ខំប្រឹង; ពេញចិត្តចំពោះកិច្ចការ, ស្រឡាញ់កិច្ចការ។ កូននុះអាសារៀនណាស់; មនុស្សហ្នឹងអាសាធ្វើការគ្រាន់បើ ។
 
អាសាស្ម័គ្រ អ្នករាជការស៊ីវិល ឬប្រជាពលរដ្ឋសាមញ្ញ ដែលស្ម័គ្រចិត្តចូលខ្លួនជួយជាកម្លាំងដល់កងទាហាន សម្រាប់ជួយការពារស្រុកទេសក្នុងពេលមានភ័យអាសន្ន ដោយមានសម្លៀកបំពាក់និងសស្ត្រាវុធដូចជាទាហាន។ កងអាសាស្ម័គ្រ ។ អាសាអាសាញ់ ដែលមានឧស្សាហៈច្រើនមិនខ្ជិលច្រអូស។ 
 
«អាសា» ក៏សំដៅសេចក្ដីថា "ការជួយឈឺឆ្អាលដោយស្ម័គ្រចិត្តឥតអ្នកណាបង្ខំ; ដែលស្ម័គ្រចិត្ត, ដែលជួយឈឺឆ្អាលដោយស្ម័គ្រចិត្ត" ក៏មាន។ យកអាសាគេ ជួយឈឺឆ្អាលគេដោយស្ម័គ្រស្មោះអស់ពីចិត្តពីថ្លើម ។ ទាហានអាសា ទាហានស្ម័គ្រចិត្ត គឺអ្នកដែលសុំចូលធ្វើទាហានដោយស្ម័គ្រពីចិត្តខ្លួន ជួយឈឺឆ្អាលរាជការផែនដី ៕
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com