ជាតិ
សង្គមជាតិ
ប្រធានក្រុមយុវជនសំរាម អះអាងថា កន្ទុយបារីរាប់ម៉ឺន បានចោលតាមច្រាំងទន្លេចតុមុខ
30, Apr 2022 , 8:40 pm        
រូបភាព
ភ្នំពេញ៖ រយៈពេលជិត៣០សប្ដាហ៍ហើយ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ក្រុមយុវជនសំរាម ដឹកនាំដោយលោក សាន ដារ៉ាវីត បានអនុវត្តយុទ្ធនាការរើសសំរាម តាមច្រាំងទន្លេចតុមុខ ដើម្បីសម្អាតក្នុងទីក្រុង។ ក្រៅពីសំរាមប្លាស្ទិក លោក ដារ៉ាវីត អះអាងថា ក៏មានសំណល់កន្ទុយបារីរាប់ម៉ឺន ចោលពាសពេញតាមច្រាំងទន្លេនោះផងដែរ។​


យុទ្ធនាការរើសសំរាមតាមច្រាំងទន្លេ អនុវត្តរៀងរាល់ចុងសប្ដាហ៍ ដែលមានសមាជិកនៃក្រុមយុវជនសំរាម និងអ្នកចូលរួមស្ម័គ្រចិត្ត ជាសិស្ស-និស្សិតផងដែរ។ ទីតាំងគោលដៅរបស់ពួកគេ​ គឺនៅតាមបណ្ដោយច្រាំងទន្លេចតុមុខ (ត្រើយម្ខាង) ដែលជាទីតាំងទេសចរណ៍ មានមនុស្សម្នាមកកម្សាន្តច្រើននៅរាជធានីភ្នំពេញ។
 
ក្រៅពីសំរាមប្លាស្ទិក លោក ដារ៉ាវីត ដែលជាប្រធានក្រុមយុវជនសំរាម ហើយបានចុះអនុវត្តការងាររើសសំរាមដោយផ្ទាល់នោះ សង្កេតឃើញថា មានសំណល់កន្ទុយបារីយ៉ាងច្រើនរាប់ម៉ឺនកន្ទុយ ត្រូវបានបោះចោលតាមច្រាំងទន្លេផងដែរ។ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ សំណល់កន្ទុយបារី នៅតែមានច្រើន មិនបានកាត់បន្ថយសោះឡើយ ដ្បិតបានរើសចេញច្រើនហើយក៏ដោយ។



លោក សាន ដារ៉ាវីត លើកឡើងថា៖«យុទ្ធនាការហ្នឹង យើងធ្វើបានជាង២០សប្ដាហ៍ហើយ។ ហើយពួកយើងរើសសំរាម និងកន្ទុយបារី។ មកដល់ឥឡូវ យើងឃើញថា កន្ទុយបារី រើសមិនចេះអស់សោះ វាច្រើន មានហូរហែរហូត។ ឃើញអ៊ីចឹង យើងចង់ឱ្យមនុស្សទាំងអស់បានដឹង ថានៅទីតាំងនោះ មានការជក់បារីច្រើន និងចូលរួមកាត់បន្ថយ ព្រោះវាប៉ះពាល់ច្រើន»។
 
សំណល់កន្ទុយបារី អាចបង្កផលប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ និងទឹកទន្លេ ដូច្នេះមនុស្សត្រូវទុកដាក់សំណល់នេះឱ្យបានត្រឹមត្រូវ និងពុំអាចចោលពាសវាលពាសកាលឡើយ។ ដើម្បីបញ្រ្ចាបការយល់ដឹង និងកាត់បន្ថយសំណល់កន្ទុយបារី នៅតាមច្រាំងទន្លេ លោក ដារ៉ាវីត រើសកន្ទុយបារី ហើយលក់តម្លៃ១០០រៀលក្នុងមួយកន្ទុយ។ 
 
 
បើតាមលោក ដារ៉ាវីត កន្ទុយបារីដែលរើសមកនោះ លោកលក់បានថវិកាប្រមាណ១០ម៉ឺនរៀលហើយ។ លោក បញ្ជាក់ថា ថវិកាដែលបានពីការលក់កន្ទុយបារី គឺសម្រាប់ផ្គត់ផ្គង់ការចំណាយផ្សេងៗក្នុងយុទ្ធនាការដូចជា ទិញថង់ដាក់សំរាម ស្រោមដៃ ដង្គៀបចាប់សំរាមជាដើម។ មួយវិញទៀត ថវិកាទាំងនោះនឹងផ្ដល់សម្រាប់ក្មេងៗ ឬមនុស្សចាស់ អ្នករើសសំរាម អ្នកបោសសំរាម ដោយប្រមូលទិញកន្ទុយបារីបន្តពីពួកគាត់។ 
 
លោក សាន ដារ៉ាវីត បញ្ជាក់បន្ថែមថា រហូតមកដល់បច្ចុប្បន្ន កន្ទុយបារីដែលប្រមូលបាន គឺជិត១០ម៉ឺនកន្ទុយ ដែលអាចលក់បានថវិកាជាង១០លានរៀល។ ចំពោះចំនួនកន្ទុយបារីទាំងអស់នោះ នឹងត្រូវចោលក្នុងធុងសំរាម ពុំមានការកែច្នៃអ្វីឡើយ។
 
សូមបញ្ជាក់ថា យុវជនសំរាម ជាឈ្មោះយុវជនមួយក្រុម ដែលជាញឹកញាប់តែងចុះរើសសំរាម និងសម្អាតទីសាធារណៈក្នុងក្រុង និងតាមបណ្តាខេត្តមួយចំនួន។ កន្លងមកក្រុមនេះ បានបង្កើតយុទ្ធនាការប្រមូលសំរាមតាមប្រឡាយលូបឹងត្របែក និងបង្កើតយុទ្ធនាការប្រមូលលុយ ១ដុល្លារ ដើម្បីទិញធុងសំរាមដាក់តាមទីសាធារណៈ និងកន្លែងលំហែនានាទៀតផង៕
 

Tag:
 សំរាម
  កន្ទុយបារី
  ទន្លេចតុមុខ
© រក្សាសិទ្ធិដោយ thmeythmey.com