ជាតិ
សេដ្ឋកិច្ច
អង់គ្លេស នឹងផ្តល់ជំនួយ១០០លានដុល្លារ ដើម្បីការពារតំបន់ជីវៈចម្រុះទន្លេមេគង្គក្រោម
02, May 2022 , 10:25 am        
រូបភាព
លោកស្រី Tina Redshaw ឯកអគ្គរាជទូតប្រទេសអង់គ្លេស។ រូបថត៖ ក្រសួងទេសចរណ៍
លោកស្រី Tina Redshaw ឯកអគ្គរាជទូតប្រទេសអង់គ្លេស។ រូបថត៖ ក្រសួងទេសចរណ៍
ដោយ៖ ធន់ សេងហុង 
 
រដ្ឋាភិបាលអង់គ្លេស សន្យាផ្តល់ជំនួយជាង១០០លានដុល្លារ ដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍតំបន់ទេសភាពចំនួន៦កន្លែងលើពិភពលោក។ នៅក្នុងនោះ ក៏មានតំបន់ទេសភាពជីវៈចម្រុះទន្លេមេគង្គក្រោមនៅកម្ពុជា ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។

 
កម្ពុជានឹងទទួលបានជំនួយមួយចំនួន ក្នុងចំណោមទំហំថវិកាប្រមាណ១០០លានដុល្លារ ពីប្រទេសអង់គ្លេស ដើម្បីអនុវត្តគម្រោងការពារតំបន់ទេសភាពទន្លេមេគង្គក្រោម។  កញ្ចប់ជំនួយនេះ ត្រូវបានលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៨មេសា។ 
 
ក្រសួងទេសចរណ៍បានស្រង់សម្តីលោកស្រី Tina Redshaw មកចុះផ្សាយដូច្នេះ៖« មូលនិធិការពារតំបន់ទេសចរណ៍ជីវៈចម្រុះBLFនៃចក្រភពអង់គ្លេស នឹងផ្តល់ជំនួយជាង១០០លានដុល្លា ដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍតំបន់ទេសភាពចំនួន៦កន្លែងលើពិភពលោក។ ក្នុងនោះគឺមានតំបន់ទេសភាពជីវៈចម្រុះ ទន្លេមេគង្គក្រោម របស់កម្ពុជាមួយ ផងដែរ»។ 
អគ្គរាជទូតអង់គ្លេសរូបនេះ បានបញ្ជាក់ថា មូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ(BLF) មានគោលបំណងរួមចំណែកអភិវឌ្ឍអេកូទេសចរណ៍ទន្លេមេគង្គក្រោម, ស្វែងយល់បន្ថែមពីបញ្ហាប្រឈមនានាក្នុងវិស័យអេកូទេសចរណ៍ និងគោលនយោបាយគាំទ្រនានា ជាពិសេសពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងទេសចរណ៍ លើការស្នើសុំគម្រោងគាំទ្រ តាមរយៈមូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ។ 


លោក ថោង ខុន​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កំពុងពិភាក្សាការងារជាមួយលោកស្រី Tina Redshew ឯកអគ្គរាជទូតប្រទេសអង់គ្លេស។ រូបថត៖ ក្រសួងទេសចរណ៍
 
ជាមួយគ្នានេះ លោក ថោង ខុន លើកឡើងថា កម្ពុជាមានគោលនយោបាយជំរុញ ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ ដោយផ្តោតការគិតគូរខ្លាំង អំពីវិស័យបរិស្ថាន ទេសចរណ៍ ការពារធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ខណៈតំបន់អេកូទេសចរណ៍ កំពុងដើរតួនាទីដ៏សំខាន់ក្នុងការទាក់ទាញទេសចរជាតិ អន្តរជាតិ និងផ្តល់ប្រភពចំណូលច្រើនដល់ប្រជាសហគមន៍។  លោក អះអាងថា កម្ពុជាផ្តោតសំខាន់លើទេសចរណ៍វប្បធម៌និងធម្មជាតិ ដែលត្រូវបានអភិវឌ្ឍន៍លើគោលការណ៍និរន្តភាព ហើយឆ្លើយតបនឹងប្រែប្រួលអាកាសធាតុ និងកាត់បន្ថយភាពក្រីក្រ។
 
ជុំវិញនៃមូលនិធិការពារតំបន់ទេសចរណ៍ជីវៈចម្រុះរបស់ប្រទេសអង់គ្លេស លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានលើកឡើងថា មូលនិធិនេះនឹងផ្តល់អាទិភាពក្នុងការអនុវត្តគម្រោងអភិវឌ្ឍនៅតំបន់ទេសភាពទន្លេមេគង្គក្រោមកម្ពុជា ដែលចាប់ពីខេត្តកំពង់ចាម ខេត្តកណ្តាលរហូតដល់ខេត្តព្រៃវែង តភា្ជប់ទៅភាគត្បូងប្រទេសវៀតណាម។ លោកបានបញ្ជាក់ថាចំពោះគម្រោងអនុវត្តជាក់ស្តែងអនុវត្តនឹងបង្ហាញនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២។ នេះបើក្រសួងទេសចរណ៍៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com