ជាតិ
សេដ្ឋកិច្ច
អាមេ៉រិក ផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ Pfizer ជិត២លានដូសដល់កម្ពុជា​ តាមយន្តការកូវ៉ាក់
03, May 2022 , 6:59 pm        
រូបភាព
 លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលស(ស្តាំ) ទទួលវ៉ាក់សាំងPfizer ពីលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំ។ រូបថត៖ UNICEF
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលស(ស្តាំ) ទទួលវ៉ាក់សាំងPfizer ពីលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំ។ រូបថត៖ UNICEF
ដោយ ៖ ធន់ សេងហុង 

កម្ពុជាទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ប្រភេទ​ Pfizer  ជិត២លានដូស ពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ វ៉ាក់សាំងដែលកម្ពុជាទទួលបាននេះ គឺតាមរយៈយន្តការកូវ៉ាក់ (COVAX Facility) ដោយមានអង្គការសុខភាពពិភពលោក(WHO) សហការជាមួយអង្គការយូនីសេហ្វ(UNICEF) និងដៃគូផ្សេងៗទៀត ជាអ្នកសម្របសម្រួល។​ នេះ គឺជាជំនួយលើកទីពីរហើយ ដែលកម្ពុជាទទួលវ៉ាក់សាំងកូវីដ-១៩​ពីអាម៉េរិក។

 
វ៉ាក់សាំងបង្ការកូវីដ-១៩ប្រភេទ​ Pfizer  ចំនួន១,៩៩៩,៥៣០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលអាម៉េរិក ត្រូវបានដឹកមកដល់កម្ពុជា នាព្រឹកថ្ងៃ៣ឧសភា។  ពិធីប្រគល់និងទទួលនៃវ៉ាក់សាំងនេះបានធ្វើឡើងក្រោមវត្តមានលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំ​កម្ពុជា។ វ៉ាក់សាំងនេះ គឺជាជំនួយលើកពីរបន្ទាប់ពីកម្ពុជាទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ប្រភេទ Johnson & Johnson ចំនួន១លានដូសពីរដ្ឋាភិបាលអាម៉េរិក កាលពីពាក់កណ្តាល ឆ្នាំ២០២១។​
 
ក្រៅតែពីផ្តល់ជំនួយវ៉ាក់សាំងទាំងនេះ អាម៉េរិកក៏បានចូលរួមធ្វើសកម្មភាពផ្សេង ៗជាមួយក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រយុទ្ធប្រឆាំងនឹងបញ្ហាសុខភាពសាធារណៈនៅកម្ពុជា ដែលបង្កដោយជំងឺកូវីដ-១៩ ផងដែរ។ បើតាមលោក W. Patrick Murphy កន្លងមកអាម៉េរិកតាមរយៈទីភ្នាក់ងារជំនួយអាម៉េរិក (USAID) បានផ្តល់ថវិកាជាង១៦លានដុល្លារ និងជំនួយបច្ចេកទេសចាំបាច់ដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
 

ជំនួយវ៉ាក់សាំងកូវីដ-១៩ Pfizer ជិត២លានដូសរបស់អាម៉េរិកបានមកដល់កម្ពុជា នាព្រឹកថ្ងៃទី៣ឧសភា។ រូបថត៖ UNICEF

លោក W. Patrick Murphy ថ្លែងថា៖ «យើងក៏បានធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ដោយយើងបានផ្តល់ជំនួយដល់ប្រជាជនកម្ពុជាច្រើនជាង១០លាននាក់នៅទូទាំង២៥រាជធានី-ខេត្ត»។ លោកបន្តអះអាងដូច្នេះ៖ «សហរដ្ឋអាម៉េរិក នៅតែមានមោទកភាព ក្នុងការធ្វើការងារជាដៃគូ ជាមួយប្រជាជនកម្ពុជា​ ដើម្បីជួយផ្តល់សម្ភារក្នុងការបញ្ចប់នូវជំងឺរាតត្បាតនេះ»។ 
 
កម្ពុជារំពឹងនឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រមាណ៧លានដូសពីមជ្ឈមណ្ឌលCOVAX។ ​លោក ម៉ម ប៊ុន​ហេង​ បានលើកឡើងថា​ វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសផ្សេងៗ តាមរយៈCOVAXនេះ នឹងត្រូវដឹកមកកម្ពុជា ជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងកូវីដ-១ ៩ប្រមាណ៧៣លានដូស ដែលបានពីជំនួយទ្វេភាគី ជំនួយតាមមជ្ឈមណ្ឌលCOVAX និងតាមការបញ្ជាទិញដោយផ្ទាល់ពីប្រទេសចិន។​
 
រដ្ឋមន្ត្រីសុខាភិបាលរូបនេះបានបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងទាំងនេះគឺមានជាង៥៣លានដូស ដែលកម្ពុជាទទួលបាន ហើយបានចាក់ឱ្យពលរដ្ឋនូវដូសមូលដ្ឋា ននិងដូសជំរុញ(ដូសទីបី និងទីបួន)។​ បើតាម លោក ម៉ម ប៊ុនហេង សព្វថ្ងៃកម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ នៅឃ្លាំងជាង៨លានដូស សម្រាប់បន្តចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ខណៈវ៉ាក់សាំង២០លានដូសទៀត ទៀត នឹងត្រូវដឹកមកកម្ពុជា ជាបន្តបន្ទាប់។
 
គិតត្រឹមថ្ងៃទី២ឧសភា ពលរដ្ឋនៅកម្ពុជាមានជាង១៤,៩៤លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយនៅក្នុងមានជាង ៨,៦លាននាក់ បានចាក់នូវដូសទីបី និង​១,៧លាននាក់ បានចាក់នូវដូសទីបួន។ ចំនួននេះ បានធ្វើឱ្យកម្ពុជា សម្រេចផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋ បានជាង៩៣ភាគរយ នៃប្រជាជនសរុប ១៦លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល៕ 
 

Tag:
 វ៉ាក់សាំង
 ​ COVID-19
  Pfizer
© រក្សាសិទ្ធិដោយ thmeythmey.com