ជាតិ
ពីនេះ ពីនោះ
កាលពីបុរាណ៖ អណ្តើកហ្លួង​ជាព្រះរាជសម្បតិ្តរបស់ព្រះរាជវង្សានុវង្ស
05, May 2022 , 7:59 am        
រូបភាព
លោក Christopher Poyser (កាន់អណ្តើកហ្លួងញី) និង លោក សោម ស៊ីថា ​(កាន់អណ្តើកហ្លួងឈ្មោល) នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង។ រូបភាព៖ ឈុត ឈាណា /គម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ
លោក Christopher Poyser (កាន់អណ្តើកហ្លួងញី) និង លោក សោម ស៊ីថា ​(កាន់អណ្តើកហ្លួងឈ្មោល) នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង។ រូបភាព៖ ឈុត ឈាណា /គម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ
ដោយ:
អណ្តើកហ្លួង ឬអណ្តើកសរសៃ​ ជាប្រភេទឧរង្គសត្វ មានឈ្មោះជាភាសាអង់គ្លេស Southern River Terrapin (Royal turtle) និងឈ្មោះវិទ្យាសាស្ត្រ (Batagur affinis)។ អណ្តើកហ្លួង ឬហៅថាអណ្តើកសរសៃ គឺជាប្រភេទអណ្តើកទឹកសាបដែលមានមាឌធំ។ អណ្តើកហ្លួងញី ​មានទំហំស្នូករហូតដល់ ៦២.៥សង់ទីម៉ែត្រ មានផ្ទៃពណ៌ប្រផេះ ឬខ្មៅទាំងអស់។ វាអាចបន្តពូជបាននៅអាយុចន្លោះ ពី១៤ឆ្នាំ ដល់២៥ឆ្នាំ ខណៈអណ្តើកហ្លួងឈ្មោល អាចមានទំហំស្នូក ៤៩សង់ទីម៉ែត្រ មានភ្នែកពណ៌លឿងថ្លា ច្រមុះបះឡើង​។

 
 អណ្តើកហ្លួង មានម្រាមជើងមុខធំ ជាប់ស្បែក​ដូចជើងទា មានក្រញ៉ាំជើង៤ ​​ខុសប្លែកពីអណ្តើកផ្សេងទៀត ដែលមានក្រញ៉ាំប្រាំ។ វា​អាចរស់នៅក្នុងទឹកភ្លាវ (ទឹកសាបលាយទឹកសមុទ្រ) តាមពាម តាមព្រែក ដែលហូរចាក់ទៅក្នុងសមុទ្រ មានដើមកោងកាង ដើមចាក និងរុក្ខជាតិផ្សេងៗ ដុះតាមមាត់ច្រាំង។ អណ្តើកហ្លួង វាអាចរស់បានរហូតដល់អាយុជាង១០០ឆ្នាំឡើងទៅ។ អណ្តើកហ្លួង ជា​ប្រភេទ​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ ​​ដូច​ពពួក​​ខ្លាឃ្មុំ​ខ្មៅ​អាស៊ី ដំរី​អាស៊ី ​និង​ប្រភេទ​ខ្លា​ដំបង​ឥណ្ឌូចិន​ជាដើម​។
 

​ អណ្តើកហ្លួងឈ្មោល នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង រូបភាព៖ ឈុត ឈាណា / គម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ

​ឧបសម្ព័ន្ធទី៣​ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិ ជានិមិត្តរូបនៃព្រះរាជាចក្រកម្ពុជា បានដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជា។​​ មូលហេតុដែលនាំឱ្យទៅដល់ការដាក់ឈ្មោះអណ្តើកប្រភេទនេះ ​ថា «អណ្តើកហ្លួង» នោះ គឺដោយមានប្រវត្តិពីបុរាណដំណាលថា នៅក្នុងប្រទេសកម្ពុជា កាលពីបុរាណ អណ្តើកហ្លួង មានប្រវត្តិជាប្រភេទអណ្តើក ដែលត្រូវបានការពារដោយព្រះរាជក្រឹត្យ ដោយបានចាត់ទុកជាព្រះរាជសម្បតិ្តរបស់ព្រះរាជវង្សានុវង្ស។ 
 

​ អណ្តើកហ្លួងញី នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង រូបភាព៖ ឈុត ឈាណា / គម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ

កាលពីដើមឡើយ តាមរយៈនៃការចាប់ និងប្រមូលពងដោយប្រជាពលរដ្ឋ ដើម្បីយកទៅថ្វាយព្រះមហាក្សត្រ និងគ្រួសារព្រះរាជវង្ស និងដោយឃើញរូបរាងស្អាត និងការស្រឡាញ់ ព្រះមហាក្សត្រ ក៏បានដាក់ព្រះរាជបញ្ជាឱ្យមានការយាមកាម និងការពារ​ចំពោះអណ្តើក ​រហូតដល់ប្រជារាស្រ្ត​ហៅអណ្តើកប្រភេទនេះថា ​«អណ្តើកហ្លួងៗ» តរហូតមកដល់សត្វថ្ងៃនេះ។
ក្រោយមក ប្រជាជនខ្មែរដែលបានជួបប្រទះ ឬចាប់បានអណ្តើកហ្លួងភាគច្រើន តែងតែយកមកលាងសម្អាត លាបប្រេងម្ស៉ៅ និងនិមន្តព្រះសង្ឃសូត្រធម៌ បួងសួងសុំសេចក្តីសុខ រួចលែងវាចូលទៅទីជម្រកដើមក្នុងធម្មជាតិវិញ។ 
 
​​ក្នុងអំឡុងទសវត្សរ៍៨០ និង៩០ គេជឿថា នៅក្នុងប្រទេសកម្ពុជា អណ្តើកហ្លួងបានផុតពូជទៅហើយ។ ប៉ុន្តែក្នុង​ឆ្នាំ២០០០ ​ ​ក្រុម​អ្នក​ជំនាញ​អាម៉េរិក​មួយ​ក្រុម​ មក​ពី​អង្គការ Wildlife Conservation Society (WCS) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាម៉េរិក បានសហការជាមួយ រដ្ឋបាល​ជល​ផលកម្ពុជា​ បាន​រក​ឃើញ​​​វត្តមានសត្វ​អណ្តើកហ្លួងនេះ​ឡើង​វិញ​ នៅ​តាមប្រព័ន្ធព្រែក​ស្រែ​អំបិល ​ក្នុងខេត្ត​កោះកុង​។ ​
 
លោក សោម ស៊ីថា ប្រធានគម្រោងនៃអង្គការ​សមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា អណ្តើកហ្លួងជាប្រភេទសត្វស៊ីរុក្ខជាតិ និងផ្លែឈើជាអាហារ មានដូចជា ផ្លែអំពូ (រុក្ខជាតិមានដុះច្រើនតាមមាត់ព្រែក ក្នុងព្រែកស្រែអំបិល ខេត្តកោះកុង) ត្រកួន ផ្លែឈើ សណ្តែកបណ្តុះ ផ្លែល្វា ផ្លែជម្ពូ រុក្ខជាតិក្នុងទឹកនានា ដូចជាកំប្លោក និងចកជាដើម ព្រមទាំងផ្លែឈើដែលមានផ្លែតាមរដូវកាល ដែលអាចរកបានផ្សេងៗ ទៀតផងដែរ។ ហើយម្តងម្កាល ពួកវាក៏ស៊ីចំណីជាសាច់ដូចជាបង្កង បង្គារ ជាដើមផងដែរ។ 
 
ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិ មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង បានបង្កាត់ និងភ្ញាស់​កូនអណ្តើកហ្លួង បានចំនួនជាង ៤៥០ក្បាល ដែលបច្ចុប្បន្ន ស្ថិតក្នុងការចិញ្ចឹម និងថែបំប៉នរបស់មជ្ឈមណ្ឌល ​ខណៈអណ្តើកហ្លួង​វ័យជំទង់ចំនួន១៤៧ក្បាល ដែលមានសុខភាពល្អ ត្រូវបានលែងឱ្យទៅរស់នៅតាមបែបធម្មជាតិវិញហើយ។​ លោក ស៊ីថា បានឱ្យដឹងថា៖ «មជ្ឈមណ្ឌល នឹងបន្តបេសកកម្មរបស់ខ្លួន ក្នុងការងារបង្កាត់ ភ្ញាស់​ ថែបំប៉ន​​ និងលែងវាឱ្យចូលទៅរស់នៅក្នុងធម្មជាតិវិញ ឱ្យបានកាន់តែច្រើន តាមតែអាចធ្វើបាន»។
 
គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ក្រោមគម្រោងអភិរក្សអណ្តើកហ្លួង នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល អង្គការ Mandai Nature នៃប្រទេសសិង្ហបុរី និងក្រោមជំនួយថវិកាពីម្ចាស់ជំនួយនានា ជាច្រើនមានដូចជា សហភាពអ៊ឺរ៉ុប តាមរយៈគម្រោងដៃគូប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃ ​US Forest Service, Rainforest Trust, Turtle Survival Alliance និងម្ចាស់ជំនួយឯកជន នានាផ្សេងទៀត។ បច្ចុប្បន្ន នៅក្នុងមជ្ឈមណ្ឌលមានអណ្តើកហ្លួងសរុបចំនួន ១៥៤ក្បាល៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com