ភ្នំពេញ៖ កាក់ ព្រះអាទិត្យរះ ជារូបិយវត្ថុធ្វើអំពីប្រាក់ ដែលគេប្រើប្រាស់សម្រាប់ធ្វើពាណិជ្ជកម្មក្នុងសម័យហ្វូណន។ កាក់នេះ ត្រូវបានចាប់ផ្តើមផលិតតាំងពីដើមសតវត្សទី៥ នៃគ្រឹស្តសករាជ។ នៅឆ្នាំ២០១២ កាក់ព្រះអាទិត្យរះ ត្រូវបានគេរកឃើញនៅការដ្ឋានធ្វើផ្លូវ ក្នុងស្រុកអង្គរបុរី។ កាក់នេះ មានទម្ងន់ពី ៨ក្រាម ដល់ ១០ក្រាម ដែលត្រូវបានមនុស្សសម័យនោះកាត់ជាបំណែកសម្រាប់ប្រើប្រាស់ជាការដោះដូរ។
បើតាមសៀវភៅ «កម្ពុជា៖ ពីសម័យហ្វូណន មកសម័យចេនឡា ១០០០ឆ្នាំ នៃប្រវត្តិរូបិយវត្ថុ» ដែលផ្តល់ដោយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន កាក់ព្រះអាទិត្យរះ ជារូបិយវត្ថុ ដែលបង្កើតឡើងដោយរចនាបង្ហាញពីទេពកោស្យសិល្បៈ នៃជនជាតិភីវ និងភាពចេះដឹងនៃការប្រើប្រាស់និមិត្តរូប ក្នុងព្រហ្មញ្ញសាសនារបស់ពួកគេ។
ប្រភេទស្តង់ដារនៃកាក់នេះ ផ្ទៃមុខមានរូបព្រះអាទិត្យរះ កាំរស្មីចំនួន៦។ នៅផ្នែកខាងលើ មានបន្ទាត់មួយ ដែលជាជើងមេឃ ដោយនៅក្រោមនោះជា ចំណាំងផ្លាត។ គម្លាតពីគ្នារវាងកាំនីមួយៗ ប្រវែងស្មើៗគ្នា កំណត់ដោយក្បាច់ពងត្រីមួយ។ ក្បាច់ពងត្រីទាំងនោះ ស្ថិតក្នុងរង្វង់ខាងក្រៅមួយទៀត ដែលរង្វង់ខាងក្រៅនោះ ព័ទ្ធដោយខ្សែពងត្រីមួយជាន់ទៀត។ គ្រាប់ពងត្រីទាំងនោះ មានចំនួន ២៧គ្រាប់ តំណាងឱ្យតារាទាំង២៧ដួង ឬប្រព័ន្ធតារា នៅក្នុងតារាសាស្រ្តនៃគម្ពីរវេទ(នក្សត្រ)។
ចំណែកផ្ទែខាងក្រោយនៃកាក់ មាននិមិត្តរូប ស្រីវត្សៈ តំណាងឱ្យព្រះនាងលក្ស្មី ដែលកើតចេញពីព្រះវិស្ណុ និងជាមហេសីព្រះវិស្ណុ។ ក្រៅពីនេះ កាក់នេះ ក៏មានលម្អដោយចំណិតព្រះចន្ទ និងក្បាច់ពងត្រី។ ចំណុច៣ ដែលស្ថិតនៅពីក្រោម គឺត្រូវគ្នាទៅនឹងអង្គរ៣ នៅក្នុងព្រហ្មញ្ញសាសនា។
កាក់ព្រះអាទិត្យរះ ត្រូវបានរកឃើញក្នុងបុរាណដ្ឋានជាច្រើន ចាប់ពីសតវត្សទី១៩មក។ វាគឺជាឧបករណ៍សម្រាប់បង់ប្រាក់ ដែលមានការផ្សព្វផ្សាយយ៉ាងទូលាយបំផុត នៅអាស៊ីអាគ្នេយ៍។ លោក ល្វី ម៉ាឡឺរ៉េ បានសរសេរថា៖ «វាគួរឱ្យកត់សម្គាល់ខ្លាំងណាស់ ដែលរូបិយវត្ថុរូបព្រះអាទិត្យរះ ត្រូវបានរកឃើញនៅតំបន់ក្បែរមាត់សមុទ្រ នៃឥណ្ឌូចិន។ នៅទីនោះ មានទំនាក់ទំនងពាណិជ្ជកម្ម ប្រហែលធ្វើឡើងដំបូងៗនៅប្រទេសឥណ្ឌា»។
កាក់ព្រះអាទិត្យរះ ត្រូវបានមនុស្សក្នុងសម័យនោះ កាត់ជាបំណែកៗ ដើម្បីប្រើប្រាស់។ ការកាត់បំបែករូបិយវត្ថុជាបំណែកតូចៗ គឺជាសកម្មភាពធ្វើឡើងយ៉ាងទូលំទូលាយ ក្នុងជីវិតប្រចាំថ្ងៃ របស់អ្នករស់នៅក្នុងអាណាចក្រហ្វូណន។ គេសង្កេតឃើញការកាត់រូបិយវត្ថុនេះមាននៅអូរកែវ។ អន្លង់កំណប់នៅចំណុចកន្លះឡាន បានផ្តល់សេចក្តីបញ្ជាក់ដំបូង សម្រាប់អ្វីដែលពាក់ព័ន្ធនឹងរាជធានីអង្គរបុរី។ ទីតាំងកន្លះឡាន បានបង្ហាញថែមទៀតថា ការកាត់កាក់នេះ ត្រូវបានសន្សំឡើង ឬក៏ប្រើប្រាស់ជាមួយនឹងរបស់ក្នុងស្តុករូបិយវត្ថុផ្សេងទៀត រហូតដល់ពេលគេកប់វាក្នុងដី។
ការកាត់ជាចំណិត ជាទូទៅច្រើនតែ ១ភាគ៤ ឬ ១ភាគ៨ចម្រៀក ប៉ុន្តែគេក៏ឃើញមានកាត់ជា ១២ ឬ ១៦ភាគ នៃទម្ងន់ដែរ។ ការកាត់តូចៗយ៉ាងនេះ បញ្ជាក់ឱ្យឃើញថា តម្លៃឯកតាប្រាក់ទាំងមូល ប្រហែលជាខ្ពស់ខ្លាំង ព្រោះតម្លៃនៃបំណែកតូចៗ វាស់សមាមាត្រគ្នាទៅនឹងទម្ងន់ប្រាក់។
ការប្រើប្រាស់រូបិយវត្ថុបែបនេះបង្ហាញថា សម័យហ្វូណន រូបិយវត្ថុដែមានរូបិយវត្ថុព្រះអាទិត្យរះ ដែលគេប្រើ ឬផលិត ឬកាក់ផ្សេងទៀត មានលក្ខណៈទ្វេពិតៗ។ រីឯចំណិតតូចៗនោះ គេហៅថា«រូបិយវត្ថុ-ទំនិញ»ដែលមានតម្លៃអាស្រ័យទាំងស្រុងលើបរិមាណ ឬទម្ងន់របស់វា។
យ៉ាងណាមិញ សៀវភៅ«កំណប់រូបិយវត្ថុអង្គរបុរី» បានរៀបរាប់ថា ប្រតិបត្តិការកាត់ជាបំណែកទាំងនេះ ធ្វើឱ្យខូចពងត្រីលំអតាមគែមជុំវិញ។ វាជាប្រតិបត្តិការកែច្នៃកាក់ដែលមើលពីក្រៅទៅ គឺដូចជាដើម្បីរក្សាតម្លៃកាក់ ដោយបញ្ចុះទម្ងន់លោហៈមានតម្លៃ។ ការធ្វើបែបនេះ ជាទូទៅ គឺបង្ហាញពីបញ្ហាក្រខ្សត់ធនធានលោហៈ ដែលគេអាចប្រៀបនឹងប្រតិបត្តិការសម័យទំនើប ក្នុងការបង្កើតរូបិយវត្ថុ ដោយមិនបានបង្កើតធនធានបន្ថែម ពោលគឺវាជាទម្រង់ពិសេសមួយ នៃការបញ្ចុះតម្លៃរូបិយវត្ថុ៕