ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្ថាបត្យករ លី រស្មី បញ្ចូលរចនាបថ​ខ្មែរ​ក្នុងស្នាដៃខ្លួន ព្រោះចង់ថែរក្សា​មរតកស្ថាបត្យកម្មដូ​ន​​​​​​តា
08, May 2022 , 5:59 pm        
រូបភាព
លោក លី រស្មី អនុរដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
លោក លី រស្មី អនុរដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ​ លោក លី រស្មី បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកស្ថាបត្យកម្មពីប្រទេសរុស្សី។ មានពិសោធន៍ជិត២០ឆ្នាំ ក្នុងវិស័យសំណង់ លោក លី រស្មី ដែលជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងនោះ តែងតែបញ្ចូលនូវរចនាបថ និងអត្តសញ្ញាណខ្មែរ ទៅក្នុងស្នាដៃស្ថាបត្យកម្មនានារបស់ខ្លួន។ គោលគំនិតនៃការបញ្ចូលរចនាបថខ្មែរ ក្នុងស្នាដៃគូសវាសប្លង់អគារ និងសំណង់ផ្សេងៗនោះ គឺលោក លី រស្មី ​ចង់​រំលេចនូវស្ថាបត្យកម្មដ៏ល្អប្រណិតរបស់ខ្មែរ និងចង់ឱ្យស្ថាបត្យកម្មបុរាណមានភាពពេញនិយម និងរស់រវើកឡើងវិញ​។ សម្រាប់ស្ថាបត្យក​រូបនេះ ការរក្សា ឬបញ្ចូលស្នាដៃស្ថាបត្យកម្មខ្មែរ គឺមានសារសំខាន់ ក្នុងការរក្សាមរតកដូនតា អត្តសញ្ញាណជាតិ អត្តចរិត និងដួងព្រលឹងជាតិ​ខ្មែរ។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្រប​ សម្រួល កម្មវិធី «គំនិតថ្មី»  និង លោក លី រស្មី ដូចតទៅ៖
 
 
លោក លី រស្មី ជាស្ថាបត្យករដ៏ឆ្នើមមួយរូប ដែលមានស្នាដៃលេចធ្លោជាច្រើន ដែលដូចជាអគារស្នាក់ការក្រសួងដែនដី នគរូបនីយកម្មថ្មី, ទីស្តីការក្រសួងបរិស្ថាន, អគារស្នាក់ការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងការរចនាបដិមាធំៗដែលត្រូវបានដំឡើងនៅក្នុងខេត្តព្រះសីហនុ នាពេលថ្មីៗនេះ។ រាល់ស្នាដៃស្ថាបត្យកម្ម​របស់ខ្លួន លោក លី រស្មី ដែលជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងនោះ តែងតែបញ្ចូលនូវរចនាបថ និងអត្តសញ្ញាណខ្មែរ។ បញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ជំនាញស្ថាបត្យកម្មពីប្រទេសរុស្ស៊ី លោក លី រស្មី បានប្រាប់កម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗថា ការណ៍ដែលលោក តែងដាក់បញ្ចូលការរចនាប្លង់អគារ ឬបដិមា លាយឡំ​រចនាបទខ្មែរ និងបែបទំនើប គឺលោកចង់​រំលេចនូវស្ថាបត្យកម្មដ៏ល្អប្រណិតរបស់ខ្មែរ និងចង់ឱ្យស្ថាបត្យកម្មបុរាណមានភាពពេញនិយម និងរស់រវើកឡើងវិញ​។ សម្រាប់ស្ថាបត្យករដែលមានពិសោធន៍ជិត២០ឆ្នាំ ក្នុងវិស័យសំណង់រូបនេះ ការរក្សា ឬបញ្ចូលស្នាដៃស្ថាបត្យកម្មខ្មែរ គឺមានសារសំខាន់ ក្នុងការរក្សាអត្តសញ្ញាណខ្មែរ អត្តចរិត និងដួងព្រលឹងជាតិខ្មែរ។
 
ស្ថាបត្យករ លី រស្មី រៀបរាប់ពីគោលគំនិតរបស់ខ្លួនយ៉ាងដូច្នេះ «ទឹកដីខ្មែរ ត្រូវមានលក្ខណៈជាខ្មែរ ដ្បិតតែឥឡូវជាសម័យកាលភាវូបនីយកម្ម ដែលស្ថាបត្យកម្ម​មាន​លក្ខណៈទំនើបច្រើន​ [​... ] ខ្ញុំគិតថា ទីក្រុងភ្នំពេញយើង ក៏ដូចជាទីក្រុងផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺត្រូវការស្ថាបត្យកម្មដែលមានអត្តសញ្ញាណ មានអត្តចរិត មានព្រលឹងជាខ្មែរច្រើន។ បើមិនអ៊ីចឹងទេ យើងមានការបាត់បង់មរតកដូនតារបស់យើង»។ ​
 
លោក លី រស្មី មានសុទិដ្ឋិនិយមថា ស្ថាបត្យកម្មបុរាណនឹងកាន់តែ​រស់រវើក
 
មានបទពិសោធន៍ក្រាស់ក្រែល នៅក្នុងវិស័យស្ថាបត្យកម្ម លោក លី រស្មី បានបញ្ជាក់ថា ​នៅក្នុងការរៀបចំនគរូបនីយកម្មទីក្រុង គឺត្រូវការទាំងស្ថាបត្យកម្មទំនើប និងស្ថាបត្យកម្មបុរាណ នៅជាមួយគ្នា។ ជាមួយគ្នានេះ ស្ថាបត្យកររូបនេះ មើលឃើញថា បច្ចុប្បន្ន នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងនានានៅកម្ពុជា សម្បូរណាស់ទៅហើយអគារបែបទំនើប នៅឡើយកង្វះខាតអគារដែលមានលក្ខណៈខ្មែរ។ ទោះជាយ៉ាងជានេះក្តី នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ លោក លី រស្មី កត់សម្គាល់ឃើញថា តម្រូវការសំណង់បុរាណ និងស្ថាបត្យកម្មបែបទំនើបផ្សារភ្ជាប់ នឹងស្ថាបត្យកម្មបែបបុ​រាណ ចាប់ផ្តើមកម្រើកការពេញនិយមឡើងវិញ។


លោក លី រស្មី អតីនិស្សិតផ្នែកស្ថាបត្យកម្ម  ពីប្រទេសរុស្សី
 
កំណើនតម្រូវការនេះ ធ្វើឱ្យស្ថាបត្យកររូបនេះ មានសុទិដ្ឋិនិយមថា សំណង់ស្ថាបត្យកម្មខ្មែរ អាចនឹងមានការរីកចម្រើន​ និងកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសសំណង់អគាររបស់ស្ថាប័នរដ្ឋ និងអគារដែលមានមុខងារបម្រើដល់វិស័យសិល្បៈ វប្បធម៌។ លោក លី រស្មី ក៏លើកទឹកចិត្តឱ្យមានការបញ្ចូលនូវរចនាបខ្មែរ នៅតាមសំ​ណង់​​អគារឯកជន ឱ្យបានកាន់តែច្រើនដែរ។ លោក លី រស្មី មានប្រសាសន៍ដូច្នេះ៖ «អគារដែលគួរត្រូវមានលក្ខណៈខ្មែរនោះ មានសារមន្ទីរ រោងមហោស្រព សាលារៀន អគាររដ្ឋបាលសាធារណៈរបស់រដ្ឋ អគារមួយចំនួនទៀតដែលទាក់ទងនឹងដួងព្រលឹងរបស់ខ្មែរ ដែលបម្រើដល់មុខងារប្រើប្រាស់ទាក់ទងនឹងវប្បធម៌ ឬក្រសួងស្ថាប័នរដ្ឋផ្សេងៗ គួរតែមានលក្ខណៈជាខ្មែរ»។
 
​កំណើនស្ថាបត្យកម្មបុរាណ ​ទាមទារឱ្យកម្ពុជាបង្កើនអ្នកជំនាញក្នុងវិស័យនេះ
ស្ថាបត្យកម្មបុរាណកាន់តែ​ពេញនិយម ក៏ទាមទារឱ្យបង្កើន​ធនធានមនុស្សក្នុងវិស័យនេះដែរ ខណៈដែល​បច្ចុប្បន្ន លោក លី រស្មី មើលឃើញថា អ្នកជំនាញផ្នែក​ស្ថាបត្យកម្មបុរាណ នៅមានចំនួនកម្រិតនៅឡើយ។ ដើម្បីបង្កើនធនធានមនុស្សលើជំនាញស្ថាបត្យកម្មបុ​រាណនេះ លោក លី រស្មី ​ចង់ឱ្យមានការបង្កើតនាយកដ្ឋានបណ្តុះបណ្តាលមួយ ដែលផ្តោតការសិក្សា ស្រាវ​ជ្រាវ លើសំណង់បុរាណនេះ។ «ការបង្កើតធនធានមនុស្ស ឱ្យមានអ្នកជំនាញផ្នែកសំណង់បុរាណ  តាមលក្ខណៈបុរាណ គឺជាចំណុចមួយដ៏សំខាន់ សម្រាប់អភិវឌ្ឍន៍ធនធានមនុស្សផ្នែកសំណង់បុរាណ ឱ្យកើនក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគាំទ្រដល់ការកសាងសង់សំណង់បុរាណទាំងអស់ នៅក្នុងប្រទេសខ្មែរយើង ឱ្យមានការរីកចម្រើនវិញ»។ នេះបើតាមស្ថាបត្យករ លី រស្មី ដែលបានបន្តទៀតថា ការប្រមូលផ្តុំអ្នកជំនាញស្ថាបត្យកម្មបុរាណ មកបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ គឺជាចំណុចដ៏សំខាន់ដើម្បីជំរុញភាពរីកចម្រើននៃស្ថាបត្យកម្មបុរាណ ដ៏មានតម្លៃរបស់ខ្មែរ។
 
តាមរយៈកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បណ្ឌិត លី រស្មី ក៏លើកទឹកចិត្តស្ថាបត្យករជំនាន់ក្រោយ ឱ្យព្យាយាមបញ្ចូលនូវទម្រង់សិល្បៈ និងស្ថាបត្យកម្មខ្មែរ ទៅក្នុងស្នាដៃរបស់ខ្លួន តាមរយៈការសិក្សាស្រាវជ្រាវឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បី​ចូលរួមថែរក្សា ការពារ ក៏និងលើកគុណតម្លៃនៃស្ថាបត្យកម្មដ៏សម្បូបែបរបស់ខ្មែរ៕
 

Tag:
 ស្ថាបត្យករ
  ស្ថាបត្យកម្ម
  សំណង់
  នគរូបនីយកម្ម
  លី រស្មី
  ស្ថាបត្យកម្មបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com