ជាតិ
លោក ទៀ សីហា៖ សៀមរាប មានប្រតិបត្តិករគ្រប់គ្រាន់ សម្រាប់កំណើនទេសចរនាអនាគត​
09, May 2022 , 3:02 pm        
រូបភាព
សៀមរាប៖ វិបត្តិកូវីដ-១៩ រយៈពេល២ឆ្នាំនេះ វិស័យទេសចរណ៍របស់កម្ពុជា ពិសេសអ្នកប្រកបរបរក្នុងវិស័យនេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ប្រតិបត្តិករទេសចរ មួយចំនួនធំ បានប្ដូរអាជីពខ្លួន ទៅធ្វើការងារផ្សេងៗ ដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព។ ទោះយ៉ាងនោះក្ដី លោក ទៀ សីហា អភិបាលខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ បានអះអាងថា សៀមរាប មានប្រតិបត្តិករទេសចរគ្រប់គ្រាន់ សម្រាប់កំណើនភ្ញៀវនាពេលអនាគត។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាស រវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ និង លោក ទៀ សីហា អភិបាលខេត្តសៀមរាបដូចតទៅ៖
 

សៀមរាប ជាខេត្តទេសចរណ៍ ហើយអំឡុងពេលនៃវិបត្តិកូវីដ-១៩ សៀមរាប បានរងផលប៉ះពាល់យ៉ាងខ្លាំង ពិសេសអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍។ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន បានផ្អាកដំណើរការស្ទើរទាំងស្រុង។ ចំណែកឯ មគ្គុទេសក៍ទេសចរមួយចំនួន ក៏បង្ខំចិត្តផ្លាស់ប្ដូរអាជីព ដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ។ ទោះយ៉ាងណា សៀមរាបក៏មិនខ្វះប្រតិបត្តិករទេសចរ សម្រាប់ផ្ដល់សេវាទេសចរណ៍ដល់ភ្ញៀវនោះដែរ។
  

អភិបាលខេត្តសៀមរាប បានអះអាងថា សៀមរាបមានប្រតិបត្តិករទេសចរគ្រប់គ្រាន់ សម្រាប់កំណើនភ្ញៀវទេសចរនាពេលអនាគត។ លោក ពន្យល់ដូច្នេះថា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប បានបើកដំណើរការបាន៤០ភាគរយប៉ុណ្ណោះ ព្រោះចំនួនភ្ញៀវនៅមានកម្រិត។ លោក ទៀ សីហា លើកឡើងថា៖«បើសិនជាមានភ្ញៀវទេសចរមកវិញ ខ្ញុំជឿជាក់ថា ពួកគាត់នឹងត្រឡប់មកបម្រើការងារស្នូលរបស់គាត់វិញ។ ប្រតិបត្តិករទេសចរ និងមគ្គុទេសក៍ទេសចរមានច្រើនក្នុ ងខេត្តសៀមរាប។ អ្វីដែលយើងខ្វះ គឺមគ្គុទេសក៍ទេសចរភាសាមួយចំនួន»។ 
 
ដ្បិតមើលឃើញពីកំណើនទេសចរជាតិ នាពេលបច្ចុប្បន្ន លោក សីហា លើកទឹកចិត្តឱ្យអ្នកមកកម្សាន្តក្នុងខេត្តសៀមរាប គួរប្រើប្រាស់សេវាកម្មមគ្គុទេសក៍ទេសចរភាសាខ្មែរ ពេលចូលទស្សនាប្រាសាទនានា ក្នុងតំបន់អង្គរ ដើម្បីឱ្យបានដឹងពីអត្ថន័យចម្លាក់ លើផ្ទាំងសិលា និងប្រវត្តិសាស្រ្តផងដែរ៕
 

 
 

Tag:
 សៀមរាប
  ទៀ សីហា
© រក្សាសិទ្ធិដោយ thmeythmey.com