ជាតិ
ពីនេះ ពីនោះ
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានជួយសង្គ្រោះត្រីបបែលយក្សដ៏ធំមួយ នៅខេត្តស្ទឹងត្រែង
09, May 2022 , 5:18 pm        
រូបភាព
ត្រីបបែលយក្សដែលក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គរៀបចំលែងចូលទៅក្នុងទន្លេមេគង្គវិញ។ រូបភាព៖ ឈុត ឈាណា
ត្រីបបែលយក្សដែលក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គរៀបចំលែងចូលទៅក្នុងទន្លេមេគង្គវិញ។ រូបភាព៖ ឈុត ឈាណា
ដោយ:
ស្ទឹងត្រែង៖ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមការងាររបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានសង្គ្រោះត្រីបបែល​យក្សទឹកសាបមួយក្បាល ទម្ងន់ ១៨០ គីឡូក្រាម ដែល ​អ្នកនេសាទចាប់បានដោយចៃដន់ នៅក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹង។

 
ត្រីបបែល​យក្សញីមួយក្បាលនេះ មានប្រវែងទទឹងដងខ្លួន​ ១៨៥ សង់ទីម៉ែត្រ ប្រវែងបណ្តោយដងខ្លួន​ ២០០សង់ទីម៉ែត្រ និងប្រវែងដងខ្លួនសរុប ពីចុងច្រមុះដល់ចុងកន្ទុយ​ ៣៩៣ សង់ទីម៉ែត្រ។ បើតាមការឱ្យដឹងពីអ្នកនេសាទឈ្មោះ ផន​ សុភា ដែល​ប្រើសន្ទូចផ្លែធំដើម្បីនេសាទត្រីនិយាយថា៖ «ខ្ញុំប្រើផ្លែសន្ទូចផ្លែធំ ដើម្បីនេសាទត្រី។ ប៉ុន្តែ​ចៃដន់ ត្រីបបែលយក្សមួយក្បាលនេះ បានទៅស៊ីត្រីដែលជាប់សន្ទូចរបស់ខ្ញុំ»។ 
 


ដោយចង់ចូលរួមក្នុងការងារអភិរក្ស ត្រីបបែលយក្ស ដែលជាប្រភេទរងគ្រោះ​ជិតផុតពូជនៅក្នុងទន្លេមេគង្គ លោក សុភា ​បាន​ទាក់ទងតាមទូរសព្ទ ​មកក្រុមការងាររបស់​គម្រោង​អច្ឆរិយ​នៃ​មេគង្គ ​ភ្លាមៗ បន្ទាប់ពីចាប់បាន។ មិនបង្អង់យូរ ក្រុមការងាររបស់គម្រោង បានចេញដំណើរពីភ្នំពេញនៅម៉ោង ៧​យប់ ឆ្ពោះទៅខេត្តស្ទឹងត្រែង។ យើងបានទៅដល់គោលដៅ នៅម៉ោង ៣ទាបភ្លឺ។ បន្ទាប់ពីបានហើយ​​បំពាក់​ស្លាកសញ្ញាសម្គាល់ ដើម្បីតាមដានដំណើរចរាចរផ្លាស់ទីរបស់វា ព្រមទាំងវាស់ប្រវែងដងខ្លួន ថ្លឹងទម្ងន់រួចហើយ ក្រុមការងារក៏បាន​​លែង​​វាឱ្យចូលទៅក្នុងទន្លេវិញ​​វិញ។
 



សូមបញ្ជាក់ថា ត្រីបបែលយក្សប្រភេទនេះ នាពេលបច្ចុប្បន្ន ឃើញមានរស់នៅក្នុងទន្លេមេគង្គកម្ពុជា ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។​ ត្រីបបែលយក្ស មានឈ្មោះវិទ្យាសាស្រ្ត (Urogymnus polylepis) និងឈ្មោះជាភាសាអង់គ្លេស Giant freshwater whipray។ វាអាចធំលូតលាស់ដល់ប្រវែងទទឹងដងខ្លួន ២៤០សង់ទីម៉ែត្រ និងទម្ងន់រហូតដល់ ៦០០គីឡូក្រាម។ បច្ចុប្បន្នត្រីបបែលយក្សប្រភេទនេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រភេទត្រីបបែល «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ Endangered (EN)» ក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com