ជាតិ
សង្គមជាតិ
ទ័ពកម្ពុជា-វៀតណាម ធានារួមគ្នាធ្វើឲ្យព្រំដែន មានសន្តិភាព និងការអភិវឌ្ឍ 
ជំនួបរវាងលោក ហ៊ុន ម៉ាណែត និង លោក ឡេ ឌឹកថាយ (រូបពីទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកកម្ពុជា)
×![]()
កងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកវៀតណាម បានប្តេជ្ញារួមគ្នា ជំរុញការអនុវត្តអនុស្សារណៈឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍ។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងជំនួបរវាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ (Le Duc Thai) មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម នៅឯប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
ភាគីទាំង២ ថែមទាំងយល់ព្រមបន្តជួយគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បង្កលក្ខណៈដល់កិច្ចការបោះបង្គោលព្រំដែន ដែលនៅសល់ (ប្រមាណ១៦ភាគរយ) ឲ្យបានឆាប់ចប់ជាស្ថាពរទៅតាមផែនការនៃរដ្ឋាភិបាលប្រទេសទាំង២ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងគាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្ស។
ភាគីទាំង២ បានវាយតម្លៃថា ក្នុងឆ្នាំ២០២១ កងទ័ពការពារព្រំដែននៃប្រទេសទាំង២ បានបន្តកិច្ចសហការជាមួយគ្នាយ៉ាងសកម្ម លើការចូលរួមទប់ស្កាត់អំពើភេរវកម្ម និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទោះប្រទេសទាំង២ ប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩ក្តី។ ខ្លឹមសារនៃជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក ឡេ ឌឹកថាយ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់កងទ័ពជើងគោកកម្ពុជា៕
Tag:
ទ័ពកម្ពុជា-វៀតណាម
ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com