ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំវៀតណាម បន្តសុំឲ្យមេដឹកនាំកម្ពុជា បង្កើតលក្ខខណ្ឌដែលអាចឲ្យពលរដ្ឋវៀតណាមអាចពង្រឹងភាពស្របច្បាប់នៅកម្ពុជា
12, May 2022 , 10:59 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក ផាម មិញឈិញ នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក ផាម មិញឈិញ នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
ដោយ៖ ទេពញាណ
 
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិញ (Phạm Minh Chính) បានជួបគ្នានៅលើទឹកដីសហរដ្ឋអាម៉េរិក ក្នុងឱកាសដែលលោកទាំង២ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ មុនកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក មកដល់ មេដឹកនាំកម្ពុជា-វៀតណាម ឆ្លៀតជួបគ្នាដាច់ដោយឡែក នៅថ្ងៃទី១១ ខែឧសភា ដោយបាននិយាយគ្នាពីបញ្ហាមួយចំនួនទាក់ទងនឹងប្រទេសជាតិ។ 



ក្នុងចំណោមប្រធានបទនានា ស្ថានភាពនៃប្រជាពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ក៏ត្រូវបានមេដឹកនាំវៀតណាម រំលេចឡើងនៅចំពោះមុខមេដឹកនាំកម្ពុជាដែរ។ សារព័ត៌មាន Viet Nam News របស់វៀតណាម សរសេរដូច្នេះថា៖«លោកនាយករដ្ឋមន្រ្តី ផាម មិញឈិញ បានអរគុណរដ្ឋាភិបាលកម្ពុជា និងសុំឲ្យរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់លើសហគមន៍វៀតណាមនៅកម្ពុជា រួមទាំងសុំឲ្យបង្កើតលក្ខខណ្ឌដល់ពួកគេ ដើម្បីឲ្យពួកគេ អា​ចពង្រឹងភាពស្របច្បាប់ និងរក្សាលំនឹងជីវភាពរបស់ពួកគេនៅកម្ពុជា»។ 
 
គេ មិនដឹងថា នាយករដ្ឋមន្រ្តីកម្ពុជា ឆ្លើយតបយ៉ាងណា ចំពោះការស្នើសុំរបស់នាយករដ្ឋមន្រ្តីវៀតណាមខាងលើនោះទេ ដ្បិតថា ក្នុងអត្ថបទរបស់សារព័ត៌មាន Viet Nam News ពុំមានឃើញសរសេរពីការឆ្លើយតបរបស់នាយករដ្ឋមន្រ្តីកម្ពុជាត្រង់កន្លែងនេះឡើយ។  
 
សូមបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូ ទៅដល់សហរដ្ឋអាម៉េរិក នៅថ្ងៃទី១០ ខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក។ ក្រៅពីជំនួបផ្លូវការនានា មេដឹកនាំកម្ពុជា ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាម៉េរិកផងដែរ៕  
 

Tag:
 កម្ពុជា-វៀតណាម
  ហ៊ុន សែន
  Phạm Minh Chính
© រក្សាសិទ្ធិដោយ thmeythmey.com