ជាតិ
សាលាបារាំងចុងបូព៌ា ប្រគល់វត្ថុបុរាណ១៤៦កេស ឱ្យអាជ្ញាធរជាតិអប្សរារក្សាទុក
× ភ្នំពេញ៖ សាលាបារាំងចុងបូព៌ា បានប្រគល់វត្ថុបុរាណចំនួន១៤៦កេស រួមមានសិលាចារឹក ព្រះពុទ្ធរូបសរសរឈើជាដើមប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុក។ វត្ថុទាំងនេះបានពីការធ្វើកំណាយ នៅប្រាសាទមេបុណ្យខាងលិច ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧។
សាលាបារាំងចុងបូព៌ា (EFEO) បានប្រគល់បុរាណវត្ថុចំនួន១៤៦កេស ដែលបានរកឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវក្នុងឆ្នាំ២០១២ដល់ឆ្នាំ២០១៧ អំឡុងពេលជួសជុលប្រាសាទមេបុណ្យខាងលិច ដល់អាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក។
រូបភាពដោយ អាជ្ញាធរជាតិអប្សរា
វត្ថុទាំងនោះរួមមាន កំណាត់សរសរឈើ ចំនួន១១ដើម និងសិលាចារឹក១ផ្ទាំង។ វត្ថុផ្សេងទៀត ភាគច្រើនជាបំណែកភាជន៍ដែលមានស្រទាប់រលោង និងពុំមានស្រទាប់រលោង, វត្ថុសំណាក(ដីសម្រាប់វិភាគ) បំណែកចម្លាក់ថ្មភក់ និងថ្មភក់បំណែកលោកហៈធាតុ ដូចជាដែក ស្ពាន់ លង្ហិន ជាពិសេសជាងនេះគឺព្រះពុទ្ធរូបធ្វើពីក្រមួនចំនួន១អង្គដាក់ក្នុងឆ្នាំងដីធំមួយជាមួយអំបោះឆៅបញ្ចុះក្នុងដី។ ការប្រគល់វត្ថុទាំងនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែឧសភាតាមរយៈមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ។
នេះមិនមែនជាលើកទី១ទេ ដែលសាលាបារាំងចុងបូព៌ា បានប្រគល់បុរាណវត្ថុ រកឃើញនៅប្រាសាទមេបុណ្យខាងលិច ជូនអាជ្ញាធរជាតិអប្សរា គ្រាន់តែលើកនេះ វត្ថុបុរាណដែលបានប្រគល់ជូនមានចំនួនច្រើនជាងពេលមុនៗ។ នេះបើតាមលោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ។
រូបភាពដោយ អាជ្ញាធរជាតិអប្សរា
លោក ទិន ទីណា អះអាងទៀតថា ក្រៅពីសាលាបារាំងចុងបូព៌ា ស្ថាប័នផ្សេងៗក៏តែងប្រគល់វត្ថុបុរាណ ឱ្យអាជ្ញាធរជាតិអប្សរាដែរ បន្ទាប់ពីបានរកឃើញក្នុងអំឡុងពេលជួសជុល និងស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរ។ ទន្ទឹមនឹងនេះ ស្ថាប័នអន្តរជាតិទាំងអស់ដែលកំពុងបំពេញការងារជួសជុលប្រាសាទ និងសិក្សាស្រាវជ្រាវនៅតំបន់អង្គរ តែងប្រគល់បុរាណវត្ថុ ដែលរកឃើញជូនមកអាជ្ញាធរជាតិអប្សរា ក្រោយពេលសិក្សារួច។ បើស្ថាប័នអន្តរជាតិ មានចង់សិក្សាពីវត្ថុសិល្បៈទាំងនោះបន្ថែម គឺតម្រូវឱ្យស្នើសុំការអនុញ្ញាតសិន។ នេះបើតាមការបន្ថែមរបស់ លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ ឯកសារអង្គរ។
សូមបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិច ត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ចន្លោះឆ្នាំ១០៤៩-១០៦៦ នៅលើកោះតូចមួយកណ្តាលបារាយណ៍ទឹកថ្លា ដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍៕
រូបភាពដោយ អាជ្ញាធរជាតិអប្សរា
Tag:
វត្ថុបុរាណ
សាលាបារាំង
អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com