ជាតិ
សេដ្ឋកិច្ច
៤ខែ កម្ពុជានាំទំនិញទៅអាម៉េរិកបាន ២ ៩០០លានដុល្លារ និងនាំចូលវិញមានត្រឹម១០០លានដុល្លារ
14, May 2022 , 9:59 pm        
រូបភាព
សម្តេច ហ៊ុន សែន កំពុងស្វាគមន៍ជាមួយលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា ក្នុងជំនួបធុរកិច្ចមួយនៅវិមានសន្តិភាព ថ្ងៃទី៥ឧសភា ឆ្នាំ២០២២។
សម្តេច ហ៊ុន សែន កំពុងស្វាគមន៍ជាមួយលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា ក្នុងជំនួបធុរកិច្ចមួយនៅវិមានសន្តិភាព ថ្ងៃទី៥ឧសភា ឆ្នាំ២០២២។
ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២២ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម ជាមួយសហរដ្ឋអាម៉េរិក បានប្រមាណ ៣ ០២៨លានដុល្លារ។ ក្នុងនោះទំនិញដែលកម្ពុជានាំទៅអាម៉េរិក មានតម្លៃរហូតដល់ជាង ២ ៩០០លានដុល្លារ ខណៈទំនិញដែលកម្ពុជានាំចូលពីអាម៉េរិកវិញ មានត្រឹម​ជាង ១០០លានដុល្លារ។ នេះបើយោងតាមស្ថិតិពាណិជ្ជកម្មទំនិញ ជាមួយប្រទេសសំខាន់ៗ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។​

 
៤ខែមកនេះ កម្ពុជានាំទំនិញទៅទីផ្សារអាម៉េរិក សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ២ ៩៣២លានដុល្លារ។ ទំហំនេះ គឺកើនរហូតដល់ ៥៣,៦ភាគរយ ​បើធៀបនឹងរយៈពេលដូចគ្នា២០២១។ ដោយឡែក ទំនិញដែលកម្ពុជានាំចូលពីអាម៉េរិកវិញ មានតម្លៃត្រឹម ១០៤លានដុល្លារប៉ុណ្ណោះ។ 
 
ស្ថិតិពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញ-នាំចូលនេះ បានធ្វើឱ្យកម្ពុជា និងអាម៉េរិក សម្រេចទំហំពាណិជ្ជកម្មរួមគ្នា បានដល់ជាង ៣ ០២៨លានដុល្លារ។ 
 
ទំហំពាណិជ្ជកម្មទ្វេភាគីនេះ ក៏បង្ហាញឱ្យឃើញថា​ អាម៉េរិកជាដៃគូពាណិជ្ជកម្មធំ លំដាប់លេខ២ ជាមួយកម្ពុជា បន្ទាប់ពីប្រទេសចិន ដែលមានទំហំជាង ៣ ៩៣០លានដុល្លារ ក្នុងពេល៤ខែមកនេះ។ តែបើនិយាយពីការនាំចេញ អាម៉េរិកគឺជាទីផ្សារលំដាប់ទី១ របស់កម្ពុជា ខណៈចិននាំចូលទំនិញពីកម្ពុជា មានត្រឹមជាង ៤២៣លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមសិ្ថតិ​ដដែល។
 
ជុំវិញ​ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដ៏ល្អ​ប្រសើរនេះ សម្តេច​ ហ៊ុន សែន ​ចង់ឃើញវត្តមានវិនិយោគិនអាម៉េរិកកាន់តែច្រើនថែមទៀតនៅកម្ពុជា ខណៈបណ្តាក្រុមហ៊ុនធំៗចំនួនរបស់អាម៉េរិក បានស្វែងយល់ពីសក្តានុពល​ និងភាពរីកចម្រើននៅកម្ពុជា។ ក្រុមហ៊ុនធំៗទាំងនោះសម្លឹងឃើញឱកាសវិនិយោគបន្ថែមលើវិស័យរថយន្ត បច្ចេកវិទ្យា សុខាភិបាល ជាពិសេសវិស័យថាមពល បានមើលឃើញពីតម្រូវការទីផ្សារខ្ពស់នៅកម្ពុជា។
 
សូមជម្រាបថា កាលថ្ងៃទី៥ ខែឧ​សភា ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន​ (USA–ASEAN Business Council US-ABC) ដឹកនាំដោយលោក Michael Michlalk  អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា​ និងតំណាងក្រុមហ៊ុន​អាម៉េរិកចំនួន១៣ បានជួបជាមួយ សម្តេច ហ៊ុន សែន  នៅទីក្រុងភ្នំពេញ ដើម្បីស្វែងយល់ពីសក្តានុពល ឱកាសបណ្តាក់​វិនិយោគនៅកម្ពុជា​៕ 
 
 
 

Tag:
 ពាណិជ្ជកម្ម
  កម្ពុជា-អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com