COVID-19
អន្តរជាតិ
អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅកូរ៉េខាងជើង បន្តកើនឡើង ខណៈប្រទេសត្រូវបិទខ្ទប់ទាំងស្រុង
15, May 2022 , 11:59 am        
រូបភាព
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកូរ៉េខាងជើង បានឡើងដល់៤២នាក់ហើយក្នុងរយៈពេលបីបួនថ្ងៃក្រោយប្រទេសនេះប្រកាសពីការផ្ទុះជំងឺផ្លូវដង្ហើមមួយនេះ។ កូរ៉េខាងជើង ក៏បង្កើនការរឹតត្បិតនានា និងបិទខ្ទប់ប្រទេសទាំងមូលក្នុងគោលបំណងបញ្ឈប់ការឆ្លងរាត្បាតឱ្យបានលឿនបំផុត។ អាជ្ញាធរ​សុខាភិបាលប្រទេសនេះ ក៏បានរៀបចំប៉ុស្ដិ៍បង្ការជំងឺឆ្លងបន្ថែមទៀត ព្រមទាំងបានរៀប​ចំការ​ចែក​ចាយ​ថ្នាំព្យាបាលផង។

 
អស់រយៈពេល៤ថ្ងៃមកហើយដែលកូរ៉េខាងជើងបានប្រកាសពីការផ្ទុះជំងឺកូវីដ-១៩ ក្នុងប្រទេស។ មេដឹកនាំកូរ៉េខាងជើង គីម​ ជុនអ៊ុន ក៏បានប្រកាសឱ្យបិទខ្ទប់ប្រទេសចាប់ពីថ្ងៃទី១២ ឧសភាមក បា​ន​ហៅការផ្ទុះឡើងនៃជំងឺនេះជាវិបត្តិដ៏ធំមួយ ដែលនឹងបង្កភាពចលាចលក្នុងស្រុក។ តែលោក​ក៏​បាន​ជំរុញឱ្យមានការចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការរាលដាលជំងឺមួយនេះដែរ។
 
«ខេត្ត ក្រុង និង​ស្រុក​ទាំងអស់​ ​ត្រូវ​បាន​បិទ​ទាំងស្រុង ហើយកន្លែងធ្វើការ រោងចក្រ និង​លំនៅឋាន​របស់​ប្រជាជន ក៏ត្រូវបានរឹតត្បិតផងដែរចាប់តាំងពីថ្ងៃទី១២ ខែឧសភា ហើយការ​ធ្វើ​តេស្ត​រក​ជំងឺ​យ៉ាង​ហ្មត់ចត់ កំពុងតែត្រូវបានធ្វើឡើង»។ ទីភ្នាក់ងារព័ត៌មាន KCNA បាន​រាយការណ៍​បែប​នេះ​នៅ​ថ្ងៃទី១៥ ខែឧសភា។ បន្ថែមពីលើនេះ អាជ្ញាធរសុខាភិបាលបានរៀបចំ​ប៉ុស្ដិ៍បង្ការជំងឺឆ្លង​បន្ថែមទៀត​ព្រម​ទាំង​ចែកចាយថ្នាំព្យាបាលទៅតាមមន្ទីរពេទ្យ និងគ្លីនិកនានា ខណៈមន្ត្រីជាន់ខ្ពស់បានបរិច្ចាគថ្នាំបម្រុងរបស់ពួកគេផង។
 
ក្នុងរបាយការណ៍ខាង ករណីក្ដៅខ្លួនថ្មីមានរហូតដល់២៩ម៉ឺននាក់ ខណៈមនុស្ស១៥នាក់បានស្លាប់ ដែលនាំឱ្យអ្នកស្លាប់សរុបមាន៤២នាក់។ ករណីគ្រុនក្ដៅសរុបមាន៨២ម៉ឺននាក់ ហើយអ្នកកំពុង សម្រាកព្យាបាលមាន៣២ម៉ឺននាក់។
 
កូរ៉េខាជើង មាន​ប្រព័ន្ធសុខាភិបាលមួយទន់ខ្សោយដែលអាចនឹងពិបាកក្នុងការធ្វើតេស្តរកជំងឺកូវីដ-១៩ លើប្រជាជនរាប់សិបម៉ឺននាក់ដែលចេញរោគសញ្ញា។ កង្វះ​ចំណេះ​ដឹងពីវិធីសាស្រ្តព្យាបាលតាម​បែប​វិទ្យាសាស្ត្រក៏ជាបញ្ហាធំមួយសម្រាប់ប្រទេសឯកោមួយនេះផងដែរ គួបផ្សំនឹងការមិនទាន់ផ្ដល់វ៉ាក់សាំងដល់ប្រជាជន។ កន្លងមក រដ្ឋាភិបាលប្រទេសនេះ បដិសេធទទួលវ៉ាក់សាំងពីយន្តការ COVAX រាប់លានដូស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com