ជាតិ
រថយន្ត
យានយន្តអគ្គិសនី៖ ជាមាគ៌ាឆ្ពោះទៅការធ្វើចរាចរណ៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា និងទូទាំងសកលលោក
16, May 2022 , 7:59 pm        
រូបភាព
ដោយ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន 
និង លោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំកម្ពុជា
 
រថយន្តអគ្គិសនី កំពុងតែពេញនិយមទូទាំងពិភពលោក។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ នៅឆ្នាំ២០២០ ចំនួនរថយន្តអគ្គិសនីចរាចរតាមដងផ្លូវនានាបានកើនឡើង ៤៣% ពីឆ្នាំ ២០១៩ ស្មើនឹងជាង ១០ លានគ្រឿង។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតក្នុងអំឡុងពេលដែលការចុះបញ្ជីរថយន្ត​ថ្មីជារួម មានការថយចុះព្រោះតែជំងឺឆ្លងរាតត្បាតកូវីដ-១៩នោះគឺ ការលក់រថយន្តអគ្គិសនីនៅទូទាំងសកលលោក កើនឡើង ៧០% ស្មើនឹង ៤,៦% នៃការលក់រថយន្តសរុបក្នុងឆ្នាំ ២០២០ ដែលជាតួលេខឯត្តទកម្មមិនធ្លាប់មាន។

 
ការលក់ទោចក្រយានយន្តអគ្គិសនី ក៏មានការកើនឡើងគួរ​ឱ្យកត់សម្គាល់ផងដែរ ជាពិសេសនៅតាម    បណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ ដែលសាធារណជនអាចជួលមធ្យោបាយធ្វើដំណើរប្រភេទអគ្គិសនី នៅតាមទីកន្លែងមួយចំនួនក្នុងទីក្រុងភ្នំពេញ។ ឧទាហរណ៍ កម្មវិធីទូរស័ព្ទ Go2 របស់ក្រុមហ៊ុន Oyika អនុញ្ញាតឱ្យអ្នកដំណើរជួលទោចក្រយានអគ្គិសនីជិះ រួចទុកវានៅតាមផ្លូវ ដើម្បីឱ្យអ្នកដំណើរបន្ទាប់ជួលជិះបន្ត។ ក្នុងពេលឆាប់ៗខាងមុខនេះ រ៉ឺម៉កកង់បី (តុកតុក) អគ្គិសនី នឹងមានវត្តមាននៅតាមផ្លូវក្នុងទីក្រុងភ្នំពេញ ហើយរថយន្តក្រុងអគ្គិសនី នឹងមានសម្រាប់ដឹកជញ្ចូនអ្នកដំណើរតាមទីកន្លែងនានាក្នុងខេត្តសៀមរាប។
 
រថយន្តអគ្គិសនី មានវត្តមានរួចទៅហើយនៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា បើទោះជាចំនួនតិចតួចក្តី ប៉ុន្តែកំពុងកើនឡើងជាបន្តបន្ទាប់។ ក្រុមហ៊ុនជាច្រើនបានបើកកន្លែងតាំងបង្ហាញយានយន្តអគ្គិសនីរបស់ខ្លួននៅរាជធានីភ្នំពេញ ដោយកន្លងមក ក្រុមហ៊ុនទាំងនេះបានបង្ហាញរថយន្តអគ្គិសនីជាង ១០ ប្រភេទ។ ក្នុងទីផ្សារបច្ចុប្បន្ន មានក្រុមហ៊ុនផ្គត់ផ្គង់ទោចក្រយានយន្តអគ្គិសនីប្រហែល ៩ ក្រុមហ៊ុន និងមានក្រុមហ៊ុនចំនួន ១​ ដែលផ្គត់ផ្គង់ត្រីចក្រយានយន្តអគ្គិសនី។
 
មានមូលហេតុជាច្រើនដែលធ្វើឱ្យការលក់យានយន្តអគ្គិសនី មានការកើនឡើងយ៉ាងឆាប់រហ័សនៅកម្ពុជា និងទូទាំងសកលលោក។ ថ្លៃដើមនៃបច្ចេកវិទ្យាផ្ទុកថាមពល(អាគុយ)បានធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យថ្លៃដើមនៃប្រភេទយានយន្តអគ្គិសនី ក៏មានការធ្លាក់ចុះផងដែរ។ វត្តមាននៃប្រភេទអាគុយថ្មីៗដែលមានកម្លាំងអាំងតង់ស៊ីតេថាមពលខ្ពស់ជាងមុន អាចបញ្ចូលថាមពលប្រើប្រាស់បានច្រើនដងជាងមុន និងមានការបាត់បង់កម្លាំងថាមពលតិចតួច ជាកត្តាផ្ទាល់ដែលនាំឱ្យយានយន្តអគ្គិសនីអាចប្រើប្រាស់បានកាន់តែយូរ និងកាន់តែអាចជឿទុកចិត្តបាន។ នេះជាហេតុធ្វើឱ្យមានការកើនឡើងនូវទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់។ គិតត្រឹមឆ្នាំ ២០២៥ គេរំពឹងថា តម្លៃនៃទោចក្រយានយន្តអគ្គិសនី នឹងមានតម្លៃដូចគ្នានឹងទោចក្រយានយន្តដែលប្រជាពលរដ្ឋធ្លាប់ប្រើកន្លងមកសម្រាប់គោលបំណងដូចគ្នា។ 
 
កត្តាមួយទៀតដែលអាចនាំឱ្យការលក់យានយន្តអគ្គិសនី មានការកើនឡើងយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក គឺការកំណត់កម្រិតអតិបរមានៃឧបត្ថម្ភធន។ នៅអឺរ៉ុប និងប្រទេសចិន ពុំមានការផ្តល់ឧបត្ថម្ភធនដល់យានយន្តដែលមានតម្លៃលើសពីកម្រិតកំណត់មួយជាក់លាក់ឡើយ។ បើតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ការកំណត់បែបនេះអាចបណ្តាលឱ្យតម្លៃរថយន្តអគ្គិសនី គិតជាមធ្យម មានការថយចុះនៅក្នុងតំបន់ទាំងពីរនេះ៖ យានយន្តអគ្គិសនីដើរដោយអាគុយ (ហៅកាត់ថា BEVs) ដែលលក់នៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០២០ មានតម្លៃ៣%ទាបជាងតម្លៃកាលពីឆ្នាំ ២០១៩ ខណៈពេលដែលយានយន្តបញ្ចូលអគ្គិសនីនិងប្រើប្រេងឥន្ធនៈ (ហៅកាត់ថា PHEVs) លក់នៅអឺរ៉ុបមានតម្លៃទាបជាងមុន ៨%។
 


 ការលក់រថយន្តអគ្គិសនីក្នុងសកលលោក ២០១០ - ២០២០ (ប្រភព៖ ទីភ្នាក់ងារថាមពលអន្តរជាតិ)
 
យានយន្តអគ្គិសនីត្រូវបានចាត់ទុកជាជម្រើសដំណោះស្រាយបច្ចេកទេស ដើម្បីឆ្លើយតបនឹងកម្រិតនៃការបញ្ចេញឧស្ម័នដ៏តឹងរ៉ឹងនៅតាមប្រទេសជាច្រើន។ នៅក្នុងកិច្ចប្រជុំកំពូល COP លើកទី ២៦ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុង Glasgow បណ្តារដ្ឋាភិបាល ក្រុមហ៊ុនផលិតរថយន្ត និងអ្នកពាក់ព័ន្ធដទៃទៀតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីធ្វើអន្តរកាលឆ្ពោះទៅរកការលក់រថយន្តដែលប្រើប្រាស់ជាលក្ខណៈគ្រួសារ និងរថយន្តទេសចរណ៍ ដែលមានការបញ្ចេញឧស្ម័នស្មើសូន្យឱ្យបាន ១០០% ត្រឹមឆ្នាំ ២០៤០ នៅទូទាំងសកលលោក និងត្រឹមឆ្នាំ ២០៣៥ នៅតាមប្រទេសដែលជាទីផ្សារនាំមុខក្នុងពិភពលោក។ ប្រទេសចំនួន ១៥ បានព្រមព្រៀងដាក់ចេញនូវការប្តេជ្ញាចិត្តដោយឡែក ថានឹងសម្រេចឱ្យបាននូវការលក់រថយន្តដឹកជំនិញ និងរថយន្តក្រុងប្រភេទអគ្គិសនី ដែលមានការបញ្ចេញឧស្ម័នស្មើសូន្យឱ្យបាន ១០០% ត្រឹមឆ្នាំ ២០៤០។ ប្រទេសកម្ពុជានៅមិនទាន់បានដាក់ចេញនូវការប្តេជ្ញាចិត្តបែបនេះនៅឡើយទេ។
 
គួរកត់សម្គាល់ថា យានយន្តអគ្គិសនីអាចមាននិរន្តរភាពទៅបាន លុះត្រាតែប្រភពអគ្គិសនីដែលប្រើប្រាស់សម្រាប់បញ្ចូលថាមពលយានយន្តទាំងនេះមាននិរន្តរភាពដែរ។ ការបញ្ចេញឧស្ម័នប្រាកដជាស្ថិតនៅកម្រិតសូន្យ ប្រសិនបើយានយន្តទំាងនេះបញ្ចូលអគ្គិសនីពីប្រភពថាមពលកកើតឡើងវិញ ប៉ុន្តែការបញ្ចេញឧស្ម័នពុំមានកម្រិតសូន្យនោះឡើយ ប្រសិនបើយានយន្តទាំងនេះបញ្ចូលថាមពលពីបណ្តាលអគ្គិសនីរបស់រដ្ឋនោះ។ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការដឹកជញ្ជូនស្អាត (ICCT) បានបញ្ជាក់ថា រថយន្តអគ្គិសនីនៅតែមានភាពស្អាតជាងរថយន្តដែលប្រើម៉ាស៊ីនចំហេះខាងក្នុង ក្នុងវដ្តជីវិតរបស់វា បើទោះជារថយន្តទាំងនេះបញ្ចូលថាមពលពីបណ្តាញអគ្គិសនីដែលបំពុលបរិស្ថានខ្លាំងជាងគេក៏ដោយ។ រថយន្តទាំងនេះក៏ផ្តល់នូវអត្ថប្រយោជន៍ ផ្នែកសុខភាព និងបរិស្ថានផងដែរតាមរយៈការកាត់បន្ថយការបំពុលខ្យល់ ដែលជួយផ្តល់នូវអត្ថប្រយោជន៍ផ្នែកសុខភាពសាធារណៈ។ លើសពីនេះចំណាយប្រតិបត្តិការនៃយានយន្តអគ្គិសនី ក្នុងមួយគីឡូម៉ែត្រ ស្មើនឹងជិតពាក់កណ្តាលនៃយានយន្តដែលមានម៉ាស៊ីនប្រើចំហេះខាងក្នុង ដែលគេធ្លាប់ប្រើកន្លងមក។
 
ការកសាងមូលដ្ឋានសម្រាប់ធ្វើអន្តរកាលឆ្ពោះទៅរកការប្រើប្រាស់យាន្តយន្តអគ្គិសនីនៅកម្ពុជា
 
រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងហេតុផលល្អ បានបញ្ចូលយានយន្តអគ្គិសនី ទៅក្នុងគោលនយោបាយជាតិស្តីពីវិស័យដឹកជញ្ជូនរបស់កម្ពុជា ជាមួយនឹងការផ្តោតការយកចិត្តទុកដាក់លើតំបន់ទីក្រុង។ ជាមួយនឹងការពង្រីកទីក្រុងដ៏ឆាប់រហ័ស ទីក្រុង គឺជាកន្លែងដែលផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធល្អបំផុតសម្រាប់យានយន្តអគ្គិសនី៖ ផ្លូវក្រាលកៅស៊ូ ប្រភពអគ្គិសនីដែលអាចពឹងទុកចិត្តបានបាន និងវត្តមាននៃស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនីកាន់តែច្រើន។ យុទ្ធសាស្រ្តរយៈពេលវែងរបស់កម្ពុជាស្តីពីអព្យាក្រឹតកាបូន ដែលត្រូវបានដាក់ជូនអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីខែធ្នូ ឆ្នាំ២០២១ បានបញ្ចូលការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវរថយន្តគ្រួសារ និងរថយន្តក្រុងដែលប្រើប្រាស់ក្នុងទីក្រុងប្រភេទអគ្គិសនីឱ្យបាន ៤០% និងទោចក្រយានយន្តអគ្គិសនី ៧០% ត្រឹមឆ្នាំ ២០៥០។ 
 
ជាជំហានទី ១ ដើម្បីឈានទៅដល់ការសម្រេចតាមទិសដៅនេះ កម្ពុជាបានកាត់បន្ថយពន្ធនាំចូលយានយន្តអគ្គិសនីក្នុងឆ្នាំ ២០២១ ឱ្យនៅទាបជាងពន្ធលើយានយន្តដែលមានម៉ាស៊ីនចំហេះខាងក្នុង ៥០%។ វិធានការនេះជាការផ្តល់ការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋងាកទៅប្រើប្រាស់យានយន្តអគ្គិសនីវិញ។
 
លើសពីនេះ រាជរដ្ឋាភិបាលកំពុងលើកទឹកចិត្តឱ្យមានការវិនិយោគលើរោងចក្រតម្លើងយានយន្តអគ្គិសនី នៅកម្ពុជា។ វិធានការនេះ មានសក្តានុពលបង្កើតការងារបៃតង និងជំរុញឱ្យមានការវិនិយោគបៃតងបន្ថែមទៀត ក៏ដូចជាជួយឱ្យកម្ពុជាមានវត្តមានក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់យានយន្តអគ្គិសនីនៅថ្នាក់តំបន់ និងថ្នាក់សកល ដែលទើបមានវត្តមានកាលពីពេលថ្មីៗកន្លងមកនេះ។
 
កត្តាមួយក្នុងចំណោមកត្តាសំខាន់ៗ ដែលរារាំងដល់ការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងសកលលោក គឺកង្វះស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី។​ ការបង្កើនចំនួនស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី នៅទូទាំងប្រទេសអាចជាចលករមួយក្នុងចំណោមចលករសំខាន់ៗ ដែលជួយឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីជាទ្រង់ទ្រាយធំ។ ប៉ុន្តែ វាទាមទារ​ឱ្យមានយានយន្តអគ្គិសនីចំនួនច្រើនជាងមុន ដើម្បីផ្តល់ការលើកទឹកចិត្តក្នុងទីផ្សារឱ្យក្រុមហ៊ុននានាធ្វើការវិនិយោគលើស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនីបន្ថែមទៀត។

ដែលនេះជាសេណារីយ៉ូមេមាន់ និងពងមាន់។ ដោយហេតុនេះហើយ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងលើកទឹកចិត្តឱ្យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងប្រទេសដំឡើងស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមទីតាំងមួយចំនួន។ ក្រសួងកំពុងរៀបចំនូវលក្ខខណ្ឌសម្រាប់ផ្តល់អាជ្ញាប័ណ្ណ ដល់អ្នកដែលមានបំណងបង្កើតស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនីដែលឯករាជ្យ។
 
UNDP សហភាពអឺរ៉ុប និងរដ្ឋាភិបាលស៊ុយអែត តាមរយៈកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា កំពុងធ្វើការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីពង្រីកវិសាលភាព និងចំនួនហេដ្ឋារចនាសម្ព័ន្ធបម្រើដល់យានយន្តអគ្គិសនីនៅកម្ពុជា។ សម្ព័ន្ធភាពនេះក៏កំពុងជួយដល់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការរៀបចំក្របខ័ណ្ណគតិយុត្តដែលចាំបាច់ ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី ក៏ដូចជាផ្តល់ការលើកទឹកចិត្តឱ្យវិស័យឯកជនទាញប្រយោជន៍ពីប្រភេទយានយន្តទាំងនេះ ដូចជាតាមរយៈការប្រើវាជាមធ្យោបាយដឹកជញ្ជូនទំនិញជាដើម។ 
 
ជំហានបន្ទាប់
 
ជាមួយនឹងការឡើងថ្លៃនៃប្រេងឥន្ធនៈ ព្រោះតែភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ពេលនេះ គឺជាពេលដែលត្រូវគិតគូរឡើងវិញពីមធ្យោបាយធ្វើដំណើរ និងការធ្វើចរាចណ៍ប្រកបដោយនិរន្តរភាព។ ខណៈពេលដែលកម្ពុជាមានកិច្ចខិតខំប្រឹងប្រែងសំខាន់ៗគួរឱ្យចាប់អារម្មណ៍ជាច្រើន ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានទូលំទូលាយ ប្រហែលជាចាំបាច់ត្រូវមានការអនុវត្តកំណែទម្រង់ជាច្រើន មុនពេលដែលទីផ្សារយានយន្តអគ្គិសនី អាចឈានដល់កម្រិតទីផ្សារដែលមានភាពចាស់ទុំ។ ចាំបាច់ត្រូវមានការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់ពីសក្តានុពលនៃកំណើនទីផ្សារយានយន្តអគ្គិសនី ដោយធ្វើការបែងចែកវិធានការនានាជាអាទិភាពរយៈពេលខ្លី មធ្យម និងវែង។ ចំណុចដែលត្រូវយកមកធ្វើការពិចារណា អាចមានដូចជា៖
 
វាយតម្លៃលើផលប៉ះពាល់នៃការបញ្ចូលថាមពលយានយន្តអគ្គិសនីដែលកាន់តែមានចំនួនច្រើនឡើងៗ មកលើបណ្តាញអគ្គិសនីរដ្ឋនាពេលបច្ចុប្បន្ន។
បង្កើតប្រភពថាមពលប្រកបដោយនិរន្តរភាព សម្រាប់បញ្ចូលថាមពលយានយន្តអគ្គិសនី។
 
កំណត់ពីផលប៉ះពាល់បរិស្ថាន ពីការបោះចោលអាគុយ ដែលលែងប្រើបានរបស់យានយន្តអគ្គិសនី ជាមួយការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងការចោលសំណល់ទាំងនេះប្រកបដោយសុវត្ថិភាព។
 
ការដាក់ឱ្យអនុវត្តនូវស្តង់ដារ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាថាផលិតផលនានា ផ្តល់នូវគុណភាពល្អ និងសុវត្ថិភាពបំផុតដល់អតិថិជនកម្ពុជា។


 EV charging station 1 ©UNDP_2022_Im Samruol

ការដាក់ឱ្យអនុវត្តនូវការកំណត់អាយុរថយន្តដែលប្រើប្រាស់រួចសម្រាប់នាំចូល និងរថយន្តដែលប្រើប្រាស់នៅក្នុងប្រទេស ដើម្បីលុបបំបាត់យានយន្តដែលពុំមានការសន្សំសំចៃប្រេងពីក្នុងប្រទេស និងឆ្លើយតបនឹងការព្រួយបារម្ភផ្នែកសុវត្ថិភាពចរាចរណ៍។
 
បង្កើតជំនាញដែលចាំបាច់សម្រាប់កម្លាំងពលកម្មក្នុងស្រុក ដើម្បីឱ្យកម្ពុជាអាចបន្តរក្សាខ្សែច្រវ៉ាក់ផ្គត់ផ្គង់យានយន្តអគ្គិសនីទាំងមូល ជាពិសេស ដើម្បីឱ្យយុវជនកម្ពុជាអាចទទួលបានឱកាសការងារថ្មីៗ និងជំរុញការចូលរួមរបស់វិស័យឯកជន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធយានយន្តអគ្គិសនី និងដាក់ឱ្យអនុវត្តនូវភាពជាដៃគូរដ្ឋ និងឯកជនដែលត្រូវបានរៀបចំយ៉ាងល្អសម្រាប់ផ្តល់ហិរញ្ញប្បទាន និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។
 
ខណៈពេលដែលកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន និងត្រៀមចាកចេញពីស្ថានភាពជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ឱ្យកាន់តែមាននិរន្តរភាព គឺជាគន្លឹះសម្រាប់ភាពជោគជ័យរបស់កម្ពុជា។ ឆ្នាំបន្តបន្ទាប់នាពេលខាងមុខនេះ គឺជាឆ្នាំដែលផ្តល់នូវភាពរីករាយក្នុងការសម្រួច វិស័យគមនាគមន៍ សម្រាប់សតវត្សរ៍ទី ២១ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ យើងទន្ទឹងធ្វើការជាមួយនឹងដៃគូពាក់ព័ន្ធទាំងអស់ ក្នុងវិស័យសាធារណៈ វិស័យឯកជន និងវិស័យមិនរកប្រាក់ចំណេញ ដើម្បីផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គមឱ្យបានជាអតិបរមា ដើម្បីធានាផ្តល់សេវាដឹកជញ្ជូនប្រកបដោយនិរន្តរភាពសម្រាប់ទំាងអស់គ្នា៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com