ជាតិ
សេដ្ឋកិច្ច
១០ឆ្នាំ នៃដំណើរការផ្សារមូលបត្រកម្ពុជា មានត្រឹម១៦ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានបញ្ជី
16, May 2022 , 9:59 pm        
រូបភាព
លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា រូបថត ៖ CSX
លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា រូបថត ៖ CSX
ដោយ៖ ធន់ សេងហុង 
 
 ភ្នំពេញ៖ រយៈពេល១០ឆ្នាំនៃការបង្កើតផ្សារមូលបត្រកម្ពុជា(CSX) គឺមានក្រុមហ៊ុនចំនួន១៦ប៉ុណ្ណោះ ដែលបានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណ(បណ្ណបំណុល)។ ក្រុមហ៊ុនទាំងនេះ បានកៀរគរទុនវិយោពីគផ្សារមូលបត្រ បានប្រមាណ២៨១លានដុល្លារ ដែលមានទំហំតូចនៅឡើយ។

 
មកដល់បច្ចុប្បន្ន កម្ពុជា​មានក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងមាន៧ក្រុមហ៊ុនទៀត  បោះលក់បណ្ណបំណុល។ បើតាម​អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា(CSX) លោក ហុង សុហួរ ក្រុមហ៊ុនទាំង១៦នោះប្រមូលទុនវិនិយោគពីផ្សារមូលបត្របានក្នុងទំហំ ២៨១លានដុល្លារ។ 
 
អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លោក ហុង សុហួរ បានអះអាង ក្នុង​ពិធីសន្និសីទជាតិស្ដីពីទីផ្សារមូលបត្រកម្ពុជាក្រោមប្រធានបទ៖ មួយទស្សវត្សរ៍នៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ​ នាព្រឹកថ្ងៃទី១៦ឧសភា ឆ្នាំ២០២២យ៉ាងដូច្នេះ៖ «ទោះបីជាផ្សាររបស់យើងនៅមានទំហំតូច បើធៀបនឹងប្រទេសជិតខាង និងប្រទេសដទៃ​។ ប៉ុន្តែមួយទស្សវត្សរ៍មកនេះ  យើងសម្រេចបាននូវសមិទ្ធជាច្រើន ដែលសមិទ្ធទាំងនេះ គឺជាឧត្តមប្រយោជន៍ ដល់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម វិនិយោគិន ក៏ដូចជាបានរួមចំណែកក្នុងកម្រិតណាមួយនៃការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ»។​
 
ចាប់ពីឆ្នាំ២០១៩មក ទំហំជួយដូរក្នុងផ្សារមូលបត្រកម្ពុជា គឺមានកើនឡើងយ៉ាងខ្លាំង ដោយជាមធ្យម​មានទំហំទឹកប្រាក់ជិត១៦ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ ទំហំជួញដូរនេះបានកើនដល់រង្វង់៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃនៃ​ឆ្នាំ២០២២ បើធៀបនឹងកាលឆ្នាំ២០១៨ទំហំជួញដូរ មានត្រឹម២ម៉ឺនដុល្លារ ឬក្រោមនេះទៀតទៅ។ នេះជារៀបរាប់បន្ថែមរបស់លោក ហុង សុហួរ។​
អគ្គនាយកនៃផ្សារមូលបត្រកម្ពុជារូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ « វិស័យឯកជនរបស់ប្រទេសមួយ មិនអាចរីកចម្រើនអស់លទ្ធភាពទេ បើសិនជាវិស័យមូលបត្ររបស់ប្រទេសនោះ មិនមានការរីកចម្រើន» ។
 
មូលបត្រនៅកម្ពុជា មានពីរប្រភេទ គឺមូលបត្របំណុល និងមូលបត្រកម្មសិទ្ធ ។ កម្ពុជាគ្រោងនឹងដាក់ឱ្យដំណើរការគម្រោងវិនិយោគរួម នៅក្នុងផ្សារហ៊ុនកម្ពុ ជា​នាពេលឆាប់ៗនេះ ។ នេះជាការលើកឡើងរបស់លោក ស៊ូ​ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ដែលបានបន្ថែមថា អ្នកវិនិយោគលើការជួញដូរហ៊ុន និងទទួលបានអត្ថប្រយោជន៍ និងភាពងាយស្រួលថែមទៀត តាមរយៈកម្មវិធី CSX Trade ដោយគ្រាន់ទាញកម្មវិធីនៅលើ App ទូរស័ព្ទដៃ។ 
 
កន្លងមករដ្ឋាភិបាលកម្ពុជា ​តាមរយៈអគ្គនាយកពន្ធដារ ក្នុងការលើកទឹកចិត្ត និងកាត់បន្ថយពន្ធទៅលើប្រាក់ចំណូល ចំពោះសហគ្រាសណាដែលបានចុះបញ្ជីលក់មូលបត្រ ទាំងមូលបត្រកម្មសិទ្ធនិងមូលបត្របំណុល។ ជាពិសេស កាត់បន្ថយទៅលើពន្ធកាត់ទុកលើការប្រាក់ ភាគលាភ និងការប្រាក់ពាក់ព័ន្ធនិងមូលបត្របំណុល។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ 
 
លោក អូន ព័ន្ធមុនីរ័ត្ន ជំរុញឱ្យមូលបត្រកម្ពុជា​ និងអង្គភាពពាក់ព័ន្ធ​បន្តការផ្សព្វផ្សាយ​ឱ្យកាន់តែសកម្ម ដើម្បីចាប់យកឱកាសថ្មីនៃប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងពន្លឿនការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ព្រមទាំងគិតគូរការអភិវឌ្ឍទីផ្សារមូលបត្រសម្រាប់១០ឆ្នាំខាងមុខ ។ 
 
សូមជម្រាបថា ទីផ្សារមូលបត្រកម្ពុជា ត្រូវបានអនុម័តក្នុងឆ្នាំ ២០០៧ ហើយត្រូវបានដាក់ឱ្យដំណើរក្នុងឆ្នាំ​២០០៨​ ។ នៅក្នុងឆ្នាំ២០១០ ផ្សារមូលបត្រកម្ពុជា ​បានសហការជាមួយក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ ក្រោមរូបភាពជាក្រុមហ៊ុនចម្រុះរដ្ឋ ហើយបានដាក់ឱ្យជួញដូរមូលបត្រជាលើកដំបូង នៅឆ្នាំ២០១២ ៕ 
 
 

Tag:
 CSX
© រក្សាសិទ្ធិដោយ thmeythmey.com