ជាតិ
យុវជនសកម្ម សេវាល្អ
អាជ្ញាធរឃុំក្បាលត្រាច ​បន្តពន្លឿនការធ្វើអត្រានុកូលដ្ឋានជូនពលរដ្ឋ ទោះមានភាពមិនប្រ​ក្រតីខ្លះ ​
17, May 2022 , 7:59 am        
រូបភាព
ដោយ៖ អេង គឹមលាង យុវជនឃុំក្បាលត្រាច
 
ក្រគរ, ពោធិ៍សាត់៖ ការចុះបញ្ជីអត្រានុកូលដ្ឋាន ក្នុងឃុំក្បាលត្រាច ​ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅតែមានដំណើរការល្អប្រសើរ ខណៈដែលអាជ្ញាធរតែងតែពន្លឿនការផ្តល់សេវានានាមិនឱ្យពលរដ្ឋរង់ចាំយូរនោះឡើយ។ បើទោះយ៉ាងនេះក្តី មានការកត់សម្គាល់ឃើញថា ពលរដ្ឋមួយចំនួនតូចនៅមិនទាន់យល់ពីកាតព្វរបស់មន្ត្រីអ្នកផ្តល់សេវានៅឡើយ ហើយ​ការផ្តល់ប្រាក់លើសតម្លៃសេវារដ្ឋបាល ពី​ពលរដ្ឋទៅដល់មន្ត្រី នៅមិនទាន់លុបបំបាត់ទាំង​ស្រុងនោះទេ។ ជុំវិញករណីនេះ អ្នកស្រី បួ ឌី ជំទប់ទី១ ឃុំក្បាលត្រាច អះអាងថា ​បើពលរដ្ឋនៅតែបង្ខំឱ្យមន្ត្រីទទួលយកថ្លៃសាគុណនោះ ​មន្ត្រីក៏បង្ខំចិត្តទទួល ត្រឹមតែ​តម្លៃស្មើនឹង​កាហ្វេ ឬទឹកអំពៅមួយកែវប៉ុណ្ណោះ។ ​ប្រាក់សាគុណលើសនេះ ក៏មន្ត្រីបដិសេធដែរ ព្រោះផ្តល់សេវាសាធារណៈនាដល់ពលរដ្ឋ គឺជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន។



អ្នកស្រី បួ ឌី ជំទប់ទី១ ឃុំកំពង់ត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់​
 
ការចុះអត្រានុកូលដ្ឋានក្នុងឃុំក្បាលត្រាច នៃស្រុកក្រគរ ខេត្តពោធិ៍ សាត់ នៅតែមានដំណើរការល្អប្រសើរ។ អ្នកស្រី បួ ឌី ជំទប់ទី១ ឃុំក្បាលត្រាច លើកឡើងដូច្នេះក្នុងកិច្ចសម្ភាសដោយផ្ទាល់ជាមួយ អ្នកសារព័ត៌មានប្រជាពលរដ្ឋប្រចាំឃុំក្បាលត្រាច។ អ្នកស្រី ជំទប់ទី១ ឃុំក្បាលត្រាច បញ្ជាក់ទៀតថា អាជ្ញាធរតែងតែព្យាយាមពន្លឿនការផ្តល់សេវារដ្ឋបាលសេវាសាធារណៈ នៅក្នុងឃុំ មិនឱ្យពលរដ្ឋរង់ចាំយូរ ឬហួសកាលបរិច្ឆេទនោះឡើយ។ 
 
«យើងត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យពលរដ្ឋ ទទួលបានសេវាឆាប់រហ័ស។ នៅតារាង យើងដាក់ថាឯកសារចុះសំបុត្រកំណើត អ៊ីចឹងគឺមានរយៈពេលប៉ុន្មានថ្ងៃ? ជួនកាលមានការស្នើសុំផ្សេងៗច្រើនពេក ក៏យើងសម្រេចឱ្យគាត់ មិនលើស៣ថ្ងៃទេ។ ប្រសិនបើកាលណាអត់ច្រើនទេ យើងធ្វើឱ្យគាត់ភ្លាម មិនបាច់ឱ្យគាត់រង់ចាំនោះទេ»។ នេះជាការរៀបរាប់របស់អ្នកស្រី បួ ឌី។ 
 
រយៈពេល៥ឆ្នាំហើយ ដែលអ្នកស្រី បួ ឌី បានក្លាយជាមន្ត្រីផ្តល់សេវាដល់ពលរដ្ឋរស់នៅ ក្នុងឃុំក្បាលត្រាច។ អ្នកស្រី ជំទប់ទី១ រូបនេះ អះអាងថាការធ្វើអត្រានុកូលដ្ឋាន គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពលរដ្ឋ ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ គ្មានអត្រានុកូលដ្ឋាន ដំណើរការរៀបចំលិខិត ឬធ្វើឯកសារចាំបាច់ផ្សេងៗ នឹងត្រូវរាំងស្ទះ។ «អត្រានុកូលដ្ឋានសំខាន់ណាស់! សំខាន់តាំងពីយើងចូលរៀន ក៏ត្រូវការអត្រានុកូលដ្ឋាន។ យើងត្រូវការថតអត្តសញ្ញាណបណ្ណក៏យើងត្រូវការអត្រានុកូលដ្ឋាន។ យើងធ្វើប្លង់ដី ជាដើមហ្នឹងក៏ត្រូវការចាំបាច់សំខាន់បំផុត គឺអត្រានុកូលដ្ឋាន»។  នេះជាគុណសម្បត្តិនៃការធ្វើអត្រានុកូលដ្ឋានរបស់ពលរដ្ឋ ដែលអ្នកស្រី បួ ឌី ជំទប់ទី១ ឃុំក្បាលត្រាចបានលើកឡើង។ 
 



ប្រជាពលរដ្ឋភាគច្រើន មានការយល់ពីនីតិវិធី និងបានដឹងជាស្រេច ពីឯកសារពាក់ព័ន្ធ នៅពេលស្នើសុំសេវានានា។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ ក៏យល់ដឹងពីតម្លៃសេវាដែលខ្លួន ត្រូវបង់ និងរយៈពេលដែលត្រូវទទួលបានឯកសារទាំងនោះវិញដែរ។ អ្នកស្រីជំទប់ទី១ បញ្ជាក់បន្ថែមថា៖ «ការបិទតារាងតម្លៃសេវានីមួយៗ ក៏ដូចជាការកំណត់រយៈពេល នៃការផ្តល់សេវា នៅសាលាឃុំ ក៏ជាការរួមចំណែកនៅក្នុងដំណើរការនៃការផ្តល់សេវារបស់មន្ត្រីរដ្ឋបាលឃុំទៅកាន់ពលរដ្ឋ»។ 
ទោះជាយ៉ាងនេះក្តី អ្នកស្រី បួ ឌី និយាយដោយឥតលាក់លៀមបន្តថា ករណីផ្តល់សាគុណដល់មន្ត្រីផ្តល់សេវា នៅមិនទាន់បានលុបបំបាត់ទាំងស្រុងនៅឡើយ។ បើតាមអ្នកស្រី ឌី ពលរដ្ឋមួយចំនួនតូច នៅតែបន្តផ្តល់ប្រាក់ដល់មន្ត្រី ទោះបីបានដឹងថា ដឹងពីតម្លៃសេវារដ្ឋបាលនោះ តាមរយៈតារាងតម្លៃសេវា ដែលបិទនៅសាលាឃុំនោះច្បាស់ ហើយក៏ដោយ។ អ្នកស្រី បួ ឌី ថ្លែងបែបនេះ៖ «គាត់(ពលរដ្ឋ)ខ្លះ អត់ដែលមក(ទទួលសេវា) គាត់ហុចលុយមកត្រឹម៥ពាន់(រៀល) អីហ្នឹង យើង(តប)ថាអត់ទេ ពួកខ្ញុំធ្វើនេះអត់ទទួលសេវាអីទេ។ ធ្វើជូនអត់គិតលុយ អត់គិតថ្លៃ»។ 
 
តបនឹងសំណួររបស់អ្នកកាសែតពលរដ្ឋ​ដែលសួរថា តើធ្វើដូចម្តេច បើពលរដ្ឋនៅតែ បង្ខំឱ្យមន្ត្រីទទួលយកថ្លៃសាគុណនោះ?  អ្នកស្រី ឌី ឆ្លើយដូច្នេះថាមន្ត្រី ក៏បង្ខំចិត្តប្រាក់សាគុណនោះ ត្រឹមតែតម្លៃស្មើនឹងភេសជ្ជៈ ដូចជាកាហ្វេ ឬទឹកអំពៅ មួយកែវ ប៉ុណ្ណោះ។ ទឹកប្រាក់សាគុណ លើសនេះ ក៏មន្ត្រីបដិសេធដែរ។ ​


 
ជុំវិញការកាត់បន្ថយរូបភាពនេះ អ្នកស្រី បួ ឌី លើកឡើងថា ទាំងមន្ត្រីឃុំ និងអ្នកពាក់ព័ន្ធ នៅតែបន្តផ្សព្វផ្សាយ និងអប់រំដល់ពលរដ្ឋ តាមរយៈវេទិកាសាធារណៈ ឬតាមសិក្ខាសាលានានា ព្រមទាំងការចុះអប់រំផ្សព្វផ្សាយដល់ផ្ទះពលរដ្ឋផងដែរ។
 
អ្នកស្រី ណែត ស្រីដា ជាពលរដ្ឋរស់នៅក្នុងឃុំក្បាលត្រាច បាន​លើក​ឡើង​ថា​ការចុះ បញ្ជីអត្រានុកូលដ្ឋានក្នុងឃុំរបស់គាត់ពិតជាមានដំណើរការល្អប្រសើរមែន។ អ្នកស្រី ណែត ស្រីដា បន្តទៀតថា អាជ្ញាធរឃុំ តែងតែផ្សព្វផ្សាយ និងជំរុញឱ្យពលរដ្ឋ មកធ្វើអត្រានុកូលដ្ឋានឱ្យបានទាន់ពេលវេលា ដើម្បីយកឯកសារនេះ ទុកប្រើប្រាស់​ក្នុងតម្រូវការរស់នៅប្រចាំថ្ងៃ៕
 
 
(​វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 
 
 

Tag:
 អត្រានុកូលដ្ឋាន
  ឃុំក្បាលត្រាច
  ក្រគរ
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com