ជាតិ
សេដ្ឋកិច្ច
Data Center ចំណាយទឹកប្រាក់ប្រមាណ១លានដុល្លារ ត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
16, May 2022 , 11:58 am        
រូបភាព
ពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ_នូវ_ មជ្ឈមណ្ឌល_ទិន្នន័យ(Data Center) របស់_ក្រសួង_ឧស្សាហកម្ម_ វិទ្យាសាស្ត្រ_ បច្ចេកវិទ្យា_ និងនវានុវត្តន៍_ រូបថត៖ MISTI
ពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ_នូវ_ មជ្ឈមណ្ឌល_ទិន្នន័យ(Data Center) របស់_ក្រសួង_ឧស្សាហកម្ម_ វិទ្យាសាស្ត្រ_ បច្ចេកវិទ្យា_ និងនវានុវត្តន៍_ រូបថត៖ MISTI
ដោយ ៖ ធន់ សេងហុង 
 
មជ្ឈមណ្ឌលទិន្នន័យ Data Center ដែលចំណាយទឹកប្រាក់ប្រមាណ ១លានដុល្លារ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។ សមត្ថភាពរបស់មជ្ឈមណ្ឌលទិន្នន័យនេះ អាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀតបានរយៈពេល៣ឆ្នាំ ។

 
មជ្ឈមណ្ឌលទិន្នន័យ (Data Center) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលចំណាយទឹកប្រាក់ប្រមាណ ៤ពាន់៦៥ លានរៀល ស្មើនឹងប្រមាណ១លានដុល្លារ ហើយក្រុមហ៊ុន អ៊ិនតេជ ដេវ (Intech Dev Co., Ltd) គឺជាអ្នកទទួលសិទ្ធិក្នុងការផ្គត់ផ្គង់ និងកសាងមជ្ឈមណ្ឌលទិន្នន័យនេះ។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃ១៦ខែឧសភានេះ ។
 
មជ្ឈមណ្ឌលទិន្នន័យនេះ ត្រូវបានរៀបចំជាពីរផ្នែក ដោយផ្នែកទី១ បរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យដែលផ្នែកនេះ ត្រូវបានរចនា និងរៀបចំឡើងដើម្បីធានាដំណើរការប្រកបដោយប្រសិទ្ធភាព សុពលភាព និងសុវត្ថិភាពរបស់ឧបករណ៍។ ចំណែកផ្នែកទី២ ផ្នែកឧបករណ៍ព័ត៌មានវិទ្យា គឺជាផ្នែកដែលមានឧបករណ៍បច្ចេកវិទ្យាព័ត៌មាន លក្ខណៈបច្ចេកវិទ្យាចុងក្រោយ ហើយកម្មវិធីសម្រាប់ត្រួតពិនិត្យប្រតិបត្តិការរបស់ឧបករណ៍ទាំងនេះ និងការរក្សាទុកទិន្នន័យ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការផ្តល់សេវាឌីជីថលជូនសាធារណជន ។
 
សមត្ថភាពរបស់មជ្ឈមណ្ឌលទិន្នន័យនេះ នាពេលបច្ចុប្បន្នអាចធានា និងឆ្លើយតបនឹងតម្រូវការរបស់ក្រសួងបានយ៉ាងហោច ៣ឆ្នាំទៅមុខទៀត។ នេះជាការលើកឡើងរបស់ លោក សឺន សូថា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
 
លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុកថា នេះជាលើកទី១ ដែលកម្ពុជាមានមជ្ឈមណ្ឌលទិន្នន័យផ្ទាល់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា ៖ «មជ្ឈមណ្ឌលទិន្នន័យនេះ មានសារៈសំខាន់ណាស់ សម្រាប់ផ្ទុកទិន្ន័យសំខាន់ៗពី១០ឆ្នាំ ២០ឆ្នាំមុន រហូតដល់បច្ចុប្បន្ន និងអនាគត ។ បើទោះបីសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យ អាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀត បានរយៈពេល៣ឆ្នាំក៏ដោយ តែយើងអាចពង្រីកសមត្ថភាពរបស់វា ជាបន្តបន្ទាប់ទៀត តាមធនធានដែលយើងមាន»។
 
ក្នុងយុគសម័យនៃការរីកចម្រើន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ការរក្សាផ្ទុកទិន្នន័យផ្សេងៗ កាន់តែមានសារៈសំខាន់ ពីព្រោះជាទីតាំងប្រមូលផ្តុំឯកសារ ងាយស្រួលស្វែងរក សម្រាប់ម្រូវការសិក្សាស្រាវជ្រាវ រៀនសូត្រ ហើយក៏ជាមជ្ឈមណ្ឌលរក្សាសុវត្ថិភាពទិន្នន័យជាការសម្ងាត់ និងយូរអង្វែង។ នេះជាការលើកឡើងបន្ថែមរបស់ លោក ចម ប្រសិទ្ធ ៕
 
 
 

Tag:
 Data Center ចម ប្រសិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com