ជាតិ
សុខភាព
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ បើចាក់វ៉ាក់សាំងកូវីដយកលុយ វានឹងបង្កើតអំពើពុករលួយពេញទឹកពេញដី
17, May 2022 , 11:29 am        
រូបភាព
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្តេច​ ហ៊ុន សែន នៅតែផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលជីវភាពពលរដ្ឋ និងបង្ការអំពើពុករលួយ​ក្នុងផ្នែកសុខភាពសាធារណៈនេះ។ សម្តេច​ មើលឃើញថា បើសិនរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ យកលុយពីពលរដ្ឋ នោះវានឹងបង្កើតឱ្យមានអំពើពុករលួយ។​

 
កម្ពុជា បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ដល់ពលរដ្ឋបានប្រមាណ១៥លាននាក់ហើយ។ ក្នុងចំណោមនោះ មានជាង៩លាននាក់ បានចាក់នូវដូសទី៣ និងមានជាង ២,២លាននាក់​ បានចាក់នូវដូសទី៤។ ពីពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តធីតា នាព្រឹកថ្ងៃទី១៧ឧសភា សម្តេច ហ៊ុន សែន បានអះអាងថា ទោះចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ដូសទី១០ ក៏រដ្ឋមិនយកប្រាក់ពីពលរដ្ឋដែរ។ 
 
«[វ៉ាក់សាំង]ដែលយើងទិញក្តី! ជំនួយក្តី! គឺចាក់ជូន[ពលរដ្ឋ]ដោយឥតគិតថ្លៃ ហើយក៏គ្មានការរើសអើងណាមួយ ដែរ។ ទាំងបញ្ហានយោបាយ ទាំងជាតិសាសន៍ ទាំងសាសនា ទាំងតំបន់ជនបទ ទាំងទីក្រុង គឺទទួលបានដូចៗគ្នា»។ នេះជាការលើកឡើងសារជាថ្មីរបស់សម្តេច ហ៊ុន សែន ដោយបញ្ជាក់ថា ចំណុចទាំងនេះហើយ ជាភាពជោគជ័យរបស់កម្ពុជា ដែលបង្កើតបាននូវភាពស៊ាំសហគមន៍ពីទីក្រុងរហូតដល់ជនបទ។ លើសពីនេះ វាបង្កើតបាននូវទំនុកចិត្តរបស់អ្នកផ្តល់ជំនួយ ថែមទៀត។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ដូច្នេះ៖«ឥឡូវសាកល្បងចាក់[វ៉ាក់សាំងកូវីដ-១៩]យកលុយមើល!​ វានឹងបង្កើតអំពើពុករលួយពេញទឹកពេញដីនៅហ្នឹង!»។ ​សម្តេច​ បន្តពន្យល់ថា៖ «ជូនកាល ថាត្រូវយកមួយដូស១០ដុល្លារ ឬ១៥ដុល្លារ [តែពេទ្យ] យកទៅចាក់មួយដូស២០ដុល្លារ ឬ៣០ដុល្លារ [ពីពលរដ្ឋ]។  អត់ទេ! សម្រាប់ខ្ញុំ គឺច្បាស់អាកន្លែងហ្នឹងមួយ។ ត្រូវធានា! បើទោះបីដល់ដូសទី១០ ឬដូសទី២០ ក៏នៅតែមិនយកលុយដែរ[...]។ 
 

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះមិនមែនជាពេលវេលា ត្រូវយកលុយពីប្រជាជនទេ​ តែគឺជាពេលវេលា ដែលត្រូវជួយប្រជាជន។  
 
ក្រៅពីចាក់វ៉ាក់សាំង និងព្យាបាលជំងឺកូវីដ-១៩ ដល់ពលរដ្ឋមិនយកប្រាក់ហើយនោះ រដ្ឋាភិបាលត្រូវបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយខែ​ ដើម្បីចិញ្ចឹមពលរដ្ឋក្រីក្រ រួមទាំងដោះស្រាយបញ្ហាកម្មកររោងចក្រ និងបុគ្គលិកក្នុងវិស័យទេសចរណ៍ដែលអត់មានការងារធ្វើ​។​ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ «យើងត្រូវបន្តនូវកិច្ចទាំងនេះតទៅទៀត!»។
 
សូមជម្រាបថា​ មកទល់នេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ៥២ ៨៣៥ ៣៩១ដូស ក្នុងនោះ មាន២៨,៥លានដូស កម្ពុជា​បញ្ជាទិញពីបរទេស។​ បើតាមសម្តេច ហ៊ុន សែន ក្នុងចំណោមវ៉ាក់សាំងទាំងជាង ៥២,៨លានដូស គឺមាន ៤២ ៨៧១ ៥៣៦ដូស រដ្ឋាភិបាលផ្តល់ឱ្យពលរដ្ឋទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ បានជាង១៥លាននាក់៕ 
 
 

Tag:
 COVID-19
  វ៉ាក់សាំង
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com