ជាតិ
សេដ្ឋកិច្ច
រដ្ឋនឹងបោះផ្សាយលក់«មូលបត្របំណុល»​ ដើម្បីកៀរគរទុនវិនិយោគ ក្នុងឆ្នាំ២០២២
17, May 2022 , 9:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ CSX
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ CSX
ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងចាប់ផ្តើមបោះផ្សាយលក់មូលបត្របំណុល នៅក្នុងឆ្នាំ២០២២។ នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបញ្ជាក់ថា មូលបត្របំណុលរដ្ឋនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយ ដែល​ផ្តល់​​ជម្រើស​ឱ្យអ្នក​វិនិយោគ និង​បើក​លទ្ធភាព​ដល់​រដ្ឋ​ក្នុងការ​កៀរគរ​ទុន​ក្នុងស្រុក​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។

 
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា រដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្របំណុល នៅឆ្នាំ២០២២ ដើម្បីបង្កើតនូវប្រភពហិរញ្ញប្បទានថ្មីមួយទៀត  សម្រាប់ការកៀរគរទុនរបស់រដ្ឋ។ លោកបន្តថ្លែង ​ក្នុង​សន្និសីទ​ជាតិ​ស្តីពី​ទីផ្សារ​មូលបត្រ​កម្ពុជា៖ «មួយ​ទសវត្សរ៍​នៃ​ការអភិវឌ្ឍ​ទីផ្សារ​មូលបត្រ​កម្ពុជា និង​ដំណើរ​ឆ្ពោះ​ទៅមុខ​» កាលពី​ថ្ងៃទី​ ១៦ឧសភាថា ការសម្រេចបោះផ្សាយមូលបត្រនេះ គឺដូចជា​បង្កើត​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី ​សម្រាប់​វិនិយោគិន​នៅក្នុង​ទីផ្សារ​មូលបត្រ ជាពិសេសស្ថាប័នរកស៊ីនៅកម្ពុជា​​ រួមមាន ធនាគារ ក្រុមហ៊ុន​ធានារ៉ាប់រង​, មូលនិធិ​សោធន​និវត្តន៍​,​មូលនិធិ​សន្តិសុខ​សង្គម​ជាដើម​។
 
សម្រាប់ឧបករណ៍ហិរញ្ញវត្ថុថ្មីនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ក្តីរំពឹងថា៖ «នឹងទទួលបានការពេញនិយមសម្រាប់ការជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា ​និងផ្តល់នូវទិន្នន័យ Benchmark សម្រាប់​ការជួញដូរ​មូលបត្រ​សាជីវកម្ម និង​ការវិភាគ​ហិរញ្ញវត្ថុ​នានា ​ដូច​ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​ដែលមាន​វិស័យ​មូលបត្រ​រីកចម្រើន​»​។
 
រយៈពេល១០ឆ្នាំនៃការបង្កើតផ្សារមូលបត្រកម្ពុជា(CSX) គឺមានក្រុមហ៊ុនចំនួន១៦បានចុះបញ្ជី។ លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនទាំងនេះ គឺមាន៩ក្រុមហ៊ុន ចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀតចុះបញ្ជីបោះលក់មូលបត្របំណុល ឬ សញ្ញបណ្ណ។ 


លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា។ រូបថត៖ CSX

បច្ចុប្បន្នក្រុមហ៊ុនទាំងនេះ កៀរគរទុនវិយោពីផ្សារមូលបត្រ បាន២៨១លានដុល្លារ។ លោក ហុង សុហួរ បាននិយាយថា​ ៖ «ទោះបីជាផ្សាររបស់យើងនៅមានទំហំតូច បើធៀបនឹងប្រទេសជិតខាង និងប្រទេសដទៃ​។ ប៉ុន្តែមួយទស្សវត្សរ៍មកនេះ  យើងសម្រេចបាននូវសមិទ្ធជាច្រើន ដែលសមិទ្ធទាំងនេះ គឺជាឧត្តមប្រយោជន៍ ដល់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម វិនិយោគិន ក៏ដូចជាបានរួមចំណែកក្នុងកម្រិតណាមួយនៃការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ»។​
 
បើតាមលោក ហុង សុហួរ ចាប់តាំងឆ្នាំ២០១៩មក ទំហំជួញដូរក្នុងផ្សារមូលបត្រកម្ពុជា គឺមានកើនឡើងយ៉ាងខ្លាំង ដោយជាមធ្យម​មានទំហំទឹកប្រាក់ ជិត១៦ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែការជួញដូរប្រចាំថ្ងៃនេះ ​បានធ្លាក់មកនៅត្រឹម១១ម៉ឺនវិញ ក្នុងឆ្នាំ២០២០ ព្រោះតែវិបត្តិកូវីដ-១៩។​ ការជួញដូរផ្សារមូលបត្រនេះ បានកើនដល់ជិត៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ សម្រាប់ឆ្នាំ២០២២១ ហើយបន្តកើនដល់រង្វង់ ១លានដុល្លារ​ក្នុងមួយថ្ងៃ នារយៈពេល៤ខែ ដើមឆ្នាំ២០២២។​  អគ្គនាយកផ្សារមូលបត្រកម្ពុជារូបនេះ បានរំឭកថា កាលឆ្នាំ២០១៨ ទំហំជួញដូរក្នុងផ្សារមូលបត្រប្រចាំថ្ងៃ មានត្រឹម២ម៉ឺនដុល្លារ ឬក្រោមនេះប៉ុណ្ណោះ។​
 
ជាមួយគ្នានេះ លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា​ (SERC) បានលើកឡើងថា មកទល់បច្ចុប្បន្ន​​ SERC បានផ្តល់​អត្តសញ្ញាណ​វិនិយោគិន​ជាង ៣,១ម៉ឺនអត្តសញ្ញាណ​ ​​ក្នុងនោះមាន​វិនិយោគិនជា​ស្ត្រី​ចំនួន ៣៤ភាគរយ និង​មានវិនិយោគិន​សញ្ជាតិ​ខ្មែរសរុប ៨៦ភាគរយ​។


 លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា។ រូបថត៖ CSX

លោកបន្តថ្លែងយ៉ាងដូច្នេះ៖ «ចំនួនវិនិយោគិន មានការកើនឡើងយ៉ាងគំហុកនៅក្នុងឆ្នាំ២០១៨ និង២០១៩ ដែលជាឆ្នាំ ផ្សារយើងចាប់ផ្តើមមានការវិវត្តដ៏ល្អមួយ»។
 
សូមជម្រាបថា ផ្សារមូលបត្រ​កម្ពុជា​ ត្រូវបានបើក​ឱ្យដំណើរការ​ជួញដូរ​មូលបត្រ​ជា​លើកដំបូង​នៅ​ថ្ងៃទី​ ១៨ ខែមេសា ឆ្នាំ​២០១២ ហើយរដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ គឺជាសហគ្រាសសាធារណៈដំបូងគេ ដែលបោះផ្សាយលក់ភាគហ៊ុន៕​
 

Tag:
 មូលបត្របំណុល
  លោក អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com