ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាករថា ឆ្នាំ២០២៣ អាចនឹងជួបវិបត្តិស្បៀង និងវិបត្តិថាមពល លើពិភពលោក ដោយសារតែភាពអូសបន្លាយនៃសង្គ្រាមរវាងប្រទេសរុស្សី និងអ៊ុយក្រែន និងកង្វះផលិតកម្មនៃប្រេងឥន្ធនៈ។ ការព្យាកររបស់សម្តេច គឺស្របពេលនឹងកម្រិតអតិផរណានៅកម្ពុជា កើនដល់៤ភាគរយក្នុងឆ្នាំ២០២២។
សម្តេច ហ៊ុន សែន បានបង្ហាញនូវក្តីបារម្ភជុំវិញវិបត្តិស្បៀងអាហារ និងថាមពល ដែលកម្ពុជាអាចជួបនៅ ក្នុងឆ្នាំ២០២៣។ «ព្យាករទុកឱ្យហើយ គឺឆ្នាំ២០២៣ អាចជាឆ្នាំវិបត្តិស្បៀង ដើរទន្ទឹមជាមួយវិបត្តិថាមពល ដែលបាននិងកំពុងកើតរួចស្រេចហើយ ដែលប៉ះពាល់ដល់យើង»។ សម្តេច ថ្លែងបែបនេះ ចេញពីពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តធីតា នាព្រឹកថ្ងៃទី១៧ឧសភា។
បើតាមប្រមុខរដ្ឋាភិបាល វិបត្តិដែលកម្ពុជាក៏ដូចជាប្រទេសផ្សេងទៀតក្នុងពិភពលោកកំពុងប្រឈមនេះ គឺបញ្ហាប្រេងឡើងថ្លៃ ដែលបណ្តាលមកពីការអូសបន្លាយជម្លោះរវាងរុស្សី និងអ៊ុយក្រែន។ បច្ចុប្បន្នតម្លៃប្រេងឥន្ធនៈ នៅកម្ពុជានិងនៅលើពិភពលោកកំពុងហក់ឡើងខ្លាំង។ ការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈនេះ ក៏បង្កមកពីការផ្អាកផលិតកម្មប្រេងនៅតាមបណ្តាប្រទេសមួយចំនួន ជាពិសេសប្រទេសរុស្ស៊ីផ្ទាល់តែម្តង។ ចំណែកបញ្ហានៃកង្វះស្បៀង វិញ អ៊ុយក្រែន គឺជាប្រទេសដែលផលិតស្រូវសាលីដ៏ធំជាងគេមួយនៅលើពិភពលោក ខណៈតម្លៃទំនិញ និងការដឹកជញ្ចូន ក៏ស្ទុះឡើងថ្លៃមួយកម្រិតផងដែរ។ នេះជាការរៀបរាប់របស់សម្តេច ហ៊ុន សែន។
រុស្សី និងអ៊ុយក្រែន ជាប្រទេសដែលផលិតស្រូវសាលី និងពោតច្រើនជាងគេ នៅក្នុងពិភពលោក ខណៈបច្ចុប្បន្ន ច្រវ៉ាក់ផលិតស្បៀងនេះកំពុងជាប់គាំងទាំងស្រុងដោយសារសង្គ្រាម។ ទន្ទឹមនឹងគ្នា ឥណ្ឌាដែលជាប្រទេសនាំចេញធំនូវផលិតផលកសិកម្ម ក៏បានប្រកាសផ្អាកនាំចេញស្រូវសាលី ទៅកាន់ទីផ្សារពិភពលោក ដោយសាររងឥទ្ធិពលនៃរលកកម្តៅធ្វើឱ្យប៉ះពាល់ដល់ការផលិតស្បៀង។
ការព្រួយបារម្ភរបស់សម្ដេច ហ៊ុន សែន លើបញ្ហាវិបត្តិស្បៀង និងថាមពលនេះ ស្របពេលដែល ធនាគារជាតិនៃកម្ពុជា(NBC)បានព្យាករថា អតិផរណាក្នុងប្រទេសកម្ពុជា នឹងកើនឡើងដល់៤ភាគរយ ក្នុងឆ្នាំ២០២២។
លោក បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) កំណើននៃអតិផរណាក្នុងប្រទេសនេះ វាមិនស្របតាមចំណូលរបស់ពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមានចំណូលធា្លក់ចុះ ដោយសារបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ។
«អតិផរណានេះ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋប្រចាំថ្ងៃ ប្រចាំខែ។ [បញ្ហានេះ]ផ្សំគ្នាពីមួយខែ ទៅមួយខែ ធ្វើឱ្យប៉ះពាល់ជីវភាពពិតប្រាកដរបស់ពលរដ្ឋ»។ នេះជាការលើកឡើងរបស់លោក ហុង វណ្ណៈ។
ដើម្បីកាត់បន្ថយនូវបញ្ហាអតិផរណាដែលបណ្តាលមកការឡើងថៃ្លនៃប្រេងឥន្ធនៈ និងកង្វះស្បៀងអាហារនាពេលខាងមុន អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ណែនាំដល់ពលរដ្ឋត្រូវមានផែនការចំណាយឱ្យបានត្រឹមត្រូវ ពិសេសត្រូវកាត់បន្ថយការចំណាយលើទំនិញ-សេវាណា ដែលមិនចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
បើតាមសម្តេច ហ៊ុន សែន ក្នុងមួយឆ្នាំកម្ពុជាអតិរេកស្រូវប្រមាណ៦លានតោន បើគិតជាអង្ករ គឺស្មើនឹង៤លានតោន ដែលអាចធានាសុវត្ថិភាពស្បៀង ចំពោះពលរដ្ឋបានមួយកម្រិតពីវិបត្តិសាកលនានា៕