ជាតិ
សេដ្ឋកិច្ច
IMF ព្យាករថា ឆ្នាំ២០២២សេដ្ឋកិច្ចកម្ពុជាមានកំណើន៥,១ភាគរយ​ តែប្រឈមហានិភ័យមួយចំនួន
19, May 2022 , 7:59 pm        
រូបភាព
ដោយ ៖ ធន់ សេងហុង 
 
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្យាករថា​ សេដ្ឋកិច្ចកម្ពុជា​នឹងមានកំណើនក្នុងរង្វង់៥,១ភាគរយសម្រាប់ឆ្នាំ២០២២។ប៉ុន្តែកំណើននេះ គឺអាចប្រឈមនឹងហានិភ័យ ព្រោះតែការកើនឡើងខ្ពស់នៃអត្រាអតិផរណា​, សង្រ្គាមរុស្សី-អ៊ុយក្រែន,ការធ្លាប់ចុះនៃសេដ្ឋកិច្ចចិននិងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេស​អភិវឌ្ឍន៍ ។

 
 
សេដ្ឋកិច្ចកម្ពុជា​នឹងមានកំណើនក្នុងរង្វង់៥,១ភាគរយ នាឆ្នាំ២០២២ ហើយនឹងកើនដល់៦,២ភាគរយក្នុងឆ្នាំ២០២៣។ នេះជាការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដែលត្រូវបានលើកឡើងដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់IMF នៅចំពោះមុខលោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងជំនួបពិភាក្សាការងារ​ នៅទីស្តីការក្រសួង កាលពីថ្ងៃទី១៧ឧសភា។​
 
សេចក្តីប្រកាសព័ត៌មានរបស់សេដ្ឋកិច្ច បានស្រង់សម្តីរបស់លោក Alasdair Scott មកចុះផ្សាយថា​ ក្នុងឆ្នាំ២០២២ កម្ពុជានឹងសម្រេចកំណើនសេដ្ឋកិច្ចបាន៥,១ភាគរយ ដូចគ្នានឹងការព្យាករកាលពីខែមុន។​ កំណើននេះ គឺបានដោយសារការបន្តងើបឡើងវិញលឿននៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងតម្រូវការខាងក្រៅ។ តែលោក Alasdair Scott បន្តរៀបរាប់ថា ទន្ទឹមនឹងការព្យាករដ៏ប្រសើរនេះ កម្ពុជាក៏ប្រឈមនូវហានិភ័យមួយចំនួន ដែលអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនេះផងដែរ។​
 
លោក Alasdair Scott ​បានបញ្ជាក់ថា៖ «បញ្ហាប្រឈមដែលប៉ះពាល់កំណើនសេដ្ឋកិច្ចកម្ពុជានោះ គឺមានការកើនឡើងខ្ពស់នៃអត្រាអតិផរណា, ការបន្តអូសបន្លាយនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, ការថមថយនៃសេដ្ឋកិច្ចចិន, និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍លឿនជាងការរំពឹងទុក»។ ជុំវិញនៃបញ្ហានេះ ប្រធានIMFរូបនេះបានឆន្ទៈគាំទ្របន្ថែមដល់កម្ពុជា ជាជំនួយបច្ចេកទេស និងការណែនាំនៃគោលនយោបាយចាំបាច់នានា ដើម្បីរក្សាលំនឹងនៃកំណើនសេដ្ឋកិច្ច។
 
ជាមួយនឹងគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានកត់សម្គាល់មានលក្ខណៈស្រដៀងនឹងIMFនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ ក្នុងរយៈពេលខ្លី និងមធ្យម ផងដែរ។  លោក ស្នើដល់ក្រុមការងារIMF ពិនិត្យមើលលើបញ្ហានៃការកើនឡើងនៃអត្រាអតិផរណាដោយសារសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ដែលជះឥទ្ធិពលមកសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យកសិកម្ម ព្រមទាំងការកើនឡើងនៃឥណទានក្នុងវិស័យឯកជន និងហានិភ័យមួយចំនួនទាក់ទងវិស័យសំណង់ និងអចលនទ្រព្យ។ លើសពីនេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏ឱ្យIMFពិនិត្យឡើងវិញនៃយុទ្ធសាស្រ្តប្រមូលចំណូល និងប្រភពហិរញ្ញប្បទានសម្រាប់ដំណាក់កាលបន្ទាប់ ផងដែរ​ ។
 
កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនក្នុងអត្រា៥,៣ភាគរយ នៅឆ្នាំ២០២២ និងឈានដល់៦,៥ភាគរយក្នុងឆ្នាំ២០២៣។ ផលរំពឹងនេះ គឺផ្អែកទៅលើកំណើននៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស(Foreign Direct Investment_FDI)៕
 
 

Tag:
 IMF
  លោកអូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com