ជាតិ
សេដ្ឋកិច្ច
អឺរ៉ុប ត្រៀមកញ្ចប់ប្រាក់ជាង១៥០០លានដុល្លារ​ ជួយកម្ពុជាស្តារសង្គម-សេដ្ឋកិច្ច
19, May 2022 , 8:59 pm        
រូបភាព
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ រូបថត៖ CDC
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ រូបថត៖ CDC
ភ្នំពេញ៖ សហភាពអឺរ៉ុប បានត្រៀមបញ្ចប់ហិរញ្ញប្បទានប្រមាណ១ ៤៣២,៦៣លានអឺរ៉ូ(ជាង១ ៥០០លានដុល្លារ)សម្រាប់កម្ពុជា ក្នុងការស្តារសង្គម-សេដ្ឋកិច្ចនិងបញ្ហាអនុវិស័យផ្សេងៗ។ ទំហំនៃហិរញ្ញប្បទាននេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាលើយុទ្ធសាស្ត្រអឺរ៉ុបរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាឆ្នាំ២០២១-២០២៧ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 
លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) ជួប លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងប្រទេសសមាជិកសហភាពអឺរ៉ុបនិងស្វីសចំនួន១០ប្រទេសទៀត ដើម្បីពិភាក្សាលើយុទ្ធសាស្ត្រអឺរ៉ុបរួម ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាឆ្នាំ២០២១-២០២៧ នាថ្ងៃទី១៨ឧសភា។ 
 
បើតាម លោក យ៉ាណារ៉ា យុទ្ធសាស្ត្រអឺរ៉ុបរួមនេះ គឺដើរទន្ទឹមជាមួយគោលនយោបាយអភិវឌ្ឍន៍របស់កម្ពុជា ព្រមទាំងរំលេចពីការប្តេជ្ញារបស់ដៃគូអឺរ៉ុប ក្នុងការរួមចំណែកដល់ការបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់CDC។
 
ជាមួយគ្នានេះលោក Jacqes Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានលើកឡើងថា យុទ្ធសាស្រ្តថ្មីនេះមានសង្គតិភាពជាមួយយុទ្ធសាស្ត្រីចតុកោណ-ដំណាក់កាលទី៤របស់រដ្ឋាភិបាលកម្ពុជា ខណៈដៃគូអឺរ៉ុបបានកំណត់អាទិភាពជាសាកលលើការលើសកម្ពស់ថាមពលបៃតង, ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងគោរពសណ្តាប់ធ្នាប់សាកលដែលផ្អាកតាមច្បាប់។ 
 
លោក Jacqes Pellet បន្តនិយាយដូច្នេះ៖« យុទ្ធសាស្រ្តថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការពង្រឹងការតភ្ជាប់ក្នុងតំបន់អាស៊ាន ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្មក្នុងតំបន់ និងសកល»។ 
 
សេចក្តីប្រកាសព័ត៌មានរបស់CDC​ បានបញ្ជាក់ថា តាមរយៈយុទ្ធសាស្ត្រនេះ ដៃគូអឺរ៉ុបនឹង​ផ្តោតលើវិស័យអាទិភាព ក្នុងការពង្រឹងគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។​ យុទ្ធសាស្រ្តនេះ ផ្តោតលើការជំរុញការចូលរួមតាមបែបប្រជាធិបតេយ្យ, ការអភិវឌ្ឍធនធានមនុស្ស, ការពង្រឹងភាពប្រកួតប្រជែងកម្ពុជា ក្នុងទីផ្សារតំបន់និងសកល, ការលើកកម្ពស់ការអភិវឌ្ឍបៃតងប្រកបដោយចីរភាព និងការពង្រឹងកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា។  
 
ដើម្បីអនុវត្តយុទ្ធសាស្ត្រនេះ ដៃគូអឺរ៉ុបបានត្រៀមកញ្ចប់ហិរញ្ញប្បទាន ជាង១៥០០លានដុល្លារ ដោយផ្តោតសំខាន់លើការពង្រឹងការស្តារសង្គម-សេដ្ឋកិច្ច ព្រមទាំងបញ្ហាលើវិស័យសិទិ្ធមនុស្ស, សមភាពយេនឌ័រ, ភាពអង់អាចរបស់ស្រី្តនិងយុវជន, ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ យុទ្ធសាស្ត្រអឺរ៉ុបរួមនេះ ក៏ចូលរួមក្នុងការជំរុញឌីជីថលភាវូបនីយកម្មនៅកម្ពុជា និងគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបាននូវដំណោះស្រាយប្រព័ន្ធព័ត៌មានវិទ្យាប្រកបដោយចីរភាព សមភាព និងអនុលោមតាមបទដ្ឋាន និងស្តង់ដារជាតិ ជាពិសេសលើការការពារទិន្នន័យ៕
 

Tag:
 អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com