ជាតិ
សេដ្ឋកិច្ច
កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ
22, May 2022 , 5:29 pm        
រូបភាព
កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​ITF នៅ​ទីក្រុង Leipzig  ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​១៩ឧសភា។ រូបថត៖​ ក្រសួង​សាធារណការ
កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​ITF នៅ​ទីក្រុង Leipzig ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​១៩ឧសភា។ រូបថត៖​ ក្រសួង​សាធារណការ
រដ្ឋមន្រ្តីដឹកជញ្ជូនចំនួន៦៣ប្រទេសនៃវេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) បោះឆ្នោតជាឯកឆន្ទដាក់បញ្ចូល កម្ពុជាជាសមាជិកទី៦៤នៃ ITF នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

 
កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤នៃវេទិកាដឹកជញ្ជូនអន្តរជាតិ(International Transport Forum_ITF)នៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៩ឧសភា ឆ្នាំ២០២២។ លោក ឡេង ធនយុទ្ធា  រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅទីក្រុងLeipzig ថា ជាមោទកភាពយ៉ាងខ្លាំងដែលកម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤នៃITF ហើយនេះ គឺជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូននិងភស្តុភារកម្មនៅកម្ពុជា។ 
 

លោក ឡេង ធនយុទ្ធា  រដ្ឋលេខាធិការក្រសួងសាធារណការ ដឹកនាំក្រុមការងារចូលរួមនៃវេទិកាដឹកជញ្ជូនអន្តរជាតិប្រចាំឆ្នាំ​នៅប្រទេសអាល្លឺម៉ង់។ រូបថត៖ ក្រសួងសាធារការ

លោក ឡេង ធនយុទ្ធា មានប្រសាសន៍ដូច្នេះ៖ «ការចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិនេះ បានផ្តល់ឱកាសឱ្យកម្ពុជាទទួលបាន និងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជាមួយបណ្តាប្រទេសជាសមាជិកទាំងអស់ ជាទុនដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនកម្ពុជា ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាប័ន»។  សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការបន្តស្រង់សម្តីលោក ឡេង ធនយុទ្ធា ថា លើសពីនេះ កម្ពុជានឹងទទួលបាននូវការគាំទ្រពីប្រទេសជាសមាជិក និងលេខាធិការដ្ឋាននៃITF ទាំងក្នុងក្របខណ្ឌបច្ចេកទេសនិងក្របខណ្ឌគោលនយោបាយ ក្នុងការអភិវឌ្ឍវិស័យដឹក និងភស្តុភារកម្មនៅកម្ពុជា។

បើតាមលោក Young Tae Kim អគ្គលេខាធិការនៃITF កម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ីអគ្នេយ៍ ដែលបានចូលជាសមាជិកITF។ លោក ប្រកាសស្វាគមន៍កម្ពុជាជាសមាជិករបស់ITF ហើយសង្ឃឹមថាប្រទេសដ៏ទៃទៀត នៅក្នុងតំបន់អាស៊ីអគ្នេយ៍នឹងចូលរួមជាសមាជិកITF ផងដែរ។
 
ក្រសួងសាធារណការបានស្រង់សម្តីអគ្គលេខាធិការនៃIFTមកចុះផ្សាយថា៖ « ITF បានត្រៀមខ្លួនជាស្រេចក្នុងការជួយប្រទេសកម្ពុជា​ ក្នុងការកសាងគោលនយោបាយដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីសម្រេចគោលដៅរបស់ខ្លួន ដូចមានចែងនៅក្នុងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម»៕
 

Tag:
 ITF
  លោក ឡេង ធនយុទ្ធា
© រក្សាសិទ្ធិដោយ thmeythmey.com