ជាតិ
រថយន្ត
ឡានRENAULTអាយុ៧០ឆ្នាំ ត្រូវគេដាក់តាំងក្នុងភូមិគ្រឹះសសរ១០០បែបបុរាណ នៅសង្កាត់ព្រែកលាប
06, Jun 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ភូមិគ្រឹះសសរ១០០ នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សុទ្ធតែជាផ្ទះឈើរចនាបថខ្មែរបុរាណ។ ទន្ទឹមនឹងរចនាបថបុរាណ ក៏មានរថយន្ដបុរាណ៥គ្រឿង ដែរ ត្រូវបានដាក់តាំង និង១គ្រឿងទៀតដែលអាចជិះបាន។ រថយន្តបុរាណ៦គ្រឿងនោះ គឺជាឡានពីជំនាន់ផ្សេងៗ ដែលត្រូវបានផលិតពីប្រហែលឆ្នាំ១៩២២ ដល់ឆ្នាំ១៩៦៨។ ក្នុងនោះចំណោមនោះ មាន៣គ្រឿង ជារថយន្តម៉ាកបារាំងសេស RENAULT (រ៉ឺណូ) និង CITROËN (ស៊ីត្រូអ៊ែន) ហើយ២គ្រឿង ជាម៉ាកអាល្លឺម៉ង់ VOLKSWAGEN និង MERCEDES-BENZ ។

 
ក្នុងចំណោមរថយន្ដម៉ាក RENAULT ២គ្រឿងនោះ មាន១គ្រឿងជាប្រភេទ Colorale (កូឡូរ៉ាល) ម៉ូឌែល Prairie (ព្រែរី) ដែលមានអាយុកាល ៧០ឆ្នាំហើយ។ រថយន្តនេះ មានពណ៌ត្នោត ដែលជាពណ៌ដើមរបស់វា ប៉ុន្តែនៅផ្នែកខ្លះត្រូវបានគេបាញ់ថ្នាំពណ៌ត្រយូងចេក។ ផ្លាកលេខរបស់វា នៅនៅរក្សាតាមស្តង់ដារសហភាពអឺរ៉ុប ដែលបញ្ជាក់លេខស្រុក៧៥។ ផ្លាកលេខនេះតំណាងក្រុង ប៉ារីស ដែលជារដ្ឋធានីបារាំង ហើយដែលគេអាចសន្និដ្ឋានបានថា វាត្រូវបាននាំចូលពីប្រទេសបារាំង ប្រហែលជាបួន-ដប់ឆ្នាំមុន។ ការណ៍ដែលវាមិនមែនជាផ្លាកចាស់ទេ បង្ហាញថាកាលពីវា នៅក្នុងដៃម្ចាស់មុន វាអាចជិះបាន។ អ្វីដែលពិសេសរថយន្ដនេះ មានបិតរូបសញ្ញាឡូហ្គូ VIGNOBLES RAGUENOT ដែលជាចំការទំពាំងបាយជូររបស់ត្រកូល រ៉ាហ្កឺណូ។ ប្រហែលជាគេធ្លាប់ប្រើយានយន្ដនេះ ដើម្បីដឹកស្រាទំពាំងបាយជូរ ព្រមទាំងផ្សព្វផ្សាយឈ្មោះផង។ ពីព្រោះឡានចាស់ដូចនេះ ដែលនៅសេសសល់តិច ទាក់ទាញភ្នែកមនុស្សម្នា។ ម្យ៉ាងទៀតវ័យចំណាស់របស់រថយន្ដនេះ ស៊ីនឹងស្រាទំពាំងបាយជូរ ដែលជាស្រាមានប្រពៃណីជាប់ជាមួយ។
 
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
សូមជម្រាបបន្ថែមថា កាលពីជាង៦០ឆ្នាំមុន ឪពុកលោកម្ដាយរបស់នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ បានទិញរថយន្ដ RENAULT Colorale Prairie ១គ្រឿង ដើម្បីធ្វើជំនួញស្រាទំពាំងបាយជូរ នៅឯប្រទេសបារាំង។ ដោយឡែកនាយ យ៉ាន មិនដែលបានឃើញឡាននោះទេ។ ជីតារបស់នាយ យ៉ាន ទទួលមរណភាព កាលពីនាយ យ៉ាន ទើបតែកើត តាំងពីប្រហែល២ខែ។
 


RENAULT Colorale ត្រូវបានផលិត ៣៨ ១៥០គ្រឿង ពីឆ្នាំ១៩៥០ រហូតដល់ខែកុម្ភៈ ឆ្នាំ១៩៥៦។ មានរោងចក្រ២កន្លែង នៅប្រទេសបារាំង ដែល១ស្ថិតនៅលើកោះមួយ នៃទន្លេសែន។ រថយន្ដប្រភេទនេះ ប្រើសាំង។ វាអាចជិះបានល្បឿនអតិបរមាលើសពី ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ វាមានទម្ងន់ ១ ៦៤០គីឡូក្រាម។ គឺដោយសារជាប្រភេទឡានដែលខ្ពស់ និងធំល្មម ដើម្បីដឹកទំនិញ។ នេះជាមូលហេតុដែលធ្វើឱ្យម៉ាស៊ីនវាប្រើសាំងច្រើនមែនទែន គឺពី១៦ ទៅ២០លីត្រ ក្នុង១០០គីឡូម៉ែត្រ។ ខាងមុខ មានកៅអី៣ ជាប់គ្នា។ ម៉ូឌែល Prairie គេធ្វើដើម្បីជិះតាមផ្លូវដី។ ក៏មានម៉ូឌែលផ្សេងៗ សម្រាប់ផ្លូវឧបសគ្គ សម្រាប់តាក់ស៊ី និងច្រើនទៀត សម្រាប់ដឹកអីវ៉ាន់តាមមុខទំនិញ។ ម៉ូឌែលណាមានបង្វិលកង់២ក៏បាន បង្វិលកង់ទាំង៤ក៏បាន។
 


Colorale មកពីពាក្យ coloniale និង rurale ដែលមានន័យថា អាណានិគម និងជនបទ។ កាលពីសម័យនោះ ប្រទេសបារាំងនៅតែធ្វើអាណានិគម ដូចជាឥណ្ឌូចិនជាដើម។ ពាក្យ prairie វិញ មានន័យថា វាលស្មៅ។ បងប្អូនបង្កើត RENAULT Fernand និង Marcel បានបង្កើតក្រុមហ៊ុន RENAULT ឆ្នាំ១៨៩៨ នៅទីក្រុង Boulogne-Billancourt ប្រទេសបារាំង។ បើតាមចំនួនរថយន្ដផលិត ឆ្នាំ២០២១ ក្រុមសម្ព័ន្ធ RENAULT-NISSAN-MITSUBISHI ជាក្រុមសម្ព័ន្ធចំណាក់ថ្នាក់លេខ៣ ទូទាំងពិភពលោក៕
 





 
អត្ថបទទាក់ទង
 
 

Tag:
 យានយន្ត
  ឡានបុរាណ
  RENAULT
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com