រថយន្ត
អន្តរជាតិ
Mercedes 300 SLR Coupé ដែលទាក់ទាញដូច​គំនូរ Mona Lisa លក់បានក្នុងតម្លៃ​១៤២លានដុល្លារ
23, May 2022 , 8:29 pm        
រូបភាព
ដោយ: ធីតា
រថយន្ត Mercedes 300 SLR Coupé មួយគ្រឿង​ លក់បានក្នុងតម្លៃ​១៣៥លាន​អឺរ៉ូ (១៤២លាន​ដុល្លារអាម៉េរិក) នៅក្រុង​ Stuttagart កាលពីពេលថ្មីៗកន្លងមកនេះ។ វាក្លាយជា​រថយន្តដែល​លក់បាន​ថ្លៃ​ជាងគេ​លើពិភពលោក។

 
ម៉ូដែល Mercedes 300 SLR Coupé "Uhlenhaut" នេះ ជា​រថយន្តគំរូមួយ​ក្នុងចំណោម​រថយន្តគំរូតែពីរប៉ុណ្ណោះ​ដែលត្រូវបាន​ផលិត​ឡើង​នៅ​ឆ្នាំ​១៩៥៥។ កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០២២ អ្នក​ចូល​ចិត្ត​សន្សំទុករថយន្តម្នាក់ដែលមិនបាន​បញ្ចេញឈ្មោះ បាន​ចំណាយ​ដល់​ទៅ១៤២លាន​ដុល្លារ​ក្នុង​ការទិញ​រថយន្តនេះ ដោយ​បំបែក​កំណត់ត្រា​របស់​រថយន្ត Ferrari 250 GTO ឆ្នាំ​១៩៦២ ដែលមានតម្លៃ​៧៨លាន​ដុល្លារ។
 


យោងតាម​ការផ្សាយ​របស់សារព័ត៌មានយានយន្ត Hypebeast រថយន្ត Mercedes 300 SLR Coupé នេះ ត្រូវបាន​គេប្រៀបប្រដូចទៅ​នឹង​ផ្ទាំងគំនូរ Mona Lisa យ៉ាងដូច្នោះដែរ ដោយសារភាពស្រស់ស្អាតដ៏ទាក់ទាញ​របស់វា​។
 

ប្រភពព័ត៌មានពី Autocar និង Automobil Revue របស់ស្វីស ក៏បាន​បញ្ជាក់ផងដែរថា Mercedes 300 SLR Coupé មួយគ្រឿងនេះ មិនបាន​ឆ្លងកាត់ការលក់ដូរនោះឡើយ។ អ្នកជំនាញមួយរូប បាន​អះអាងថា វាមិនមែនជារថយន្ត​សម្រាប់​លក់ឡើយ​ វាជា​ប្រភេទ​រថយន្ត​ប្រឆាំង​ដែលប្រើ​ប្រាស់​ដើម្បី​សាកល្បងនៅ​លើ​ផ្លូវថ្នល់។
 




មុននឹង​ឈាន​ដល់​ការ​លក់ដូរផ្លូវការ ការចរចា​ដំណើរ​ការរហូត​ដល់ទៅ​ប្រមាណ១៨​ខែ។ ម្ចាស់​រថយន្ត​បាន​បញ្ជាក់ថា គាត់​នឹង​ដាក់តាំង​បង្ហាញ​រថយន្ត​របស់ខ្លួន​នៅក្នុងព្រឹត្តិការណ៍ជាក់លាក់ណាមួយ ដោយ​លោកមិនមែន​ទិញ​ដើម្បី​យក​ទៅ​ទុក​ចោលនោះឡើយ​។
 


ទស្សនាវដ្តីយានយន្ត Automobile Magazine របស់បារាំង បាន​បញ្ជាក់ថា មូលនិធិ​ Mercedes-Benz អន្តរជាតិ ក៏នឹង​ប្រើ​ប្រាស់ថវិកាការលក់​រថយន្ត ដើម្បីជួយ​ដល់​ក្រុមយុវជន​ដែលស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ បរិស្ថាន និង​ការកាត់បន្ថយកាបូន​ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com