ជាតិ
បោះឆ្នោត
លោក ហង្ស ពុទ្ធា៖ ការឃោសនាបោះឆ្នោតដំណើរដោយរលូន ព្រោះបក្សនយោបាយមានភាពចាស់ទុំ
23, May 2022 , 8:59 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។ រូបពី NEC
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។ រូបពី NEC
ភ្នំពេញ៖ រយៈពេលបីថ្ងៃនេះ ដំណើរការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន និងគ្មានហិង្សា។ សភាពបែបនេះ ឆ្លុះបញ្ចាំងពីភាពចាស់ទុំរបស់នៃគណបក្សនយោបាយនីមួយៗ ។បច្ចុប្បន្ន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មិនទាន់ទទួលបានពាក្យបណ្ដឹងជុំវិញដំណើរការឃោសនាបោះឆ្នោតនៅឡើយទេ។ នេះជាការអះអាងរបស់់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។

 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ហង្ស ពុទ្ធា បានវាយតម្លៃពីដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ មានសភាពល្អប្រសើរ។ ចំពោះ ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត គឺមានការហែក្បួនទ្រង់ទ្រាយធំ ក្នុងនោះមានបក្សពីរ គឺគណបក្សប្រជាជនកម្ពុជាមានអ្នកចូលរួមហែក្បួនប្រមាណ៤ម៉ឺននាក់ ហើយគណបក្សភ្លើងទៀន មានប្រមាណ១៥០០នាក់។ ចំណែក បក្សដទៃទៀត និងថ្ងៃបន្តបន្ទាប់ មានការហែក្បួនទ្រង់ទ្រាយតូចៗប៉ុណ្ណោះ។ 
 
សូមស្ដាប់កិច្ចសម្ភាសន៍រវាង កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ៖ 





 
«ការឃោសនាមានភាពល្អប្រសើរ គ.ជ.ប មិនមានទទួលបណ្ដឹងជុំវិញការបោះឆ្នោតនេះទេ។ ហើយការហែក្បួនជ្រោះគ្នា រវាងគនបក្សនយោបាយគឺមានភាពល្អប្រសើរ គ្មានការឌឺដង ញុះញង់ ឬកប៉ះទង្គិចគ្នាទេ។ នេះបញ្ជាក់ឲ្យឃើញ ពីភាពចាស់ទុំខានយោបាយនៃគណបក្ស និងការដឹកនាំក្បួនដង្ហែគឺមានភាពល្អប្រសើរ»។ នេះជាការលើកឡើងរបស់លោក ហង្ស ពុទ្ធា ដោយបន្ថែមថា មកពេលនេះបណ្ដាគណបក្សនីមួយៗ នៅតែបន្តព្យាយាមហែក្បួនឃោសនា ដោយចាក់សំឡេងសារនយោបាយ ចែកខិតិប័ណ្ណ និងចុះពន្យល់ពលរដ្ឋតាមមូលដ្ឋាន ជាទ្រង់ទ្រាយតូចនៅឃុំសង្កាត់ក តាមបណ្ដារាជធានី-ខេត្ត។ 
 
ពាក់ព័ន្ធនឹង ដំណើរការបោះឆ្នោតឃុំសង្កាត់នេះ សង្គមស៊ីវិលជាតិ បានដាក់អ្នកអង្កេតការណ៍ប្រមាណ៥ម៉ឺននាក់ ហើយក្នុងនោះ អ្នកចុះសង្កេតការណ៍ឃោសនាបោះឆ្នោត ឃើញមានចំនួនតិចតិចនៅឡើយ។ ដោយឡែក គ.ជ.ប បានដាក់ក្រុមការងារអង្កេតការណ៍ឃ្លាំមើលការឃោសនាបោះឆ្នោត ថ្នាក់ខេត្ត២០រូប ហើយថ្នាក់ឃុំសង្កាត់១០រូប។ 
 
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ករណីមានភាពមិនប្រក្រតីណាមួយកើតឡើងជុំ វិញដំណើរការឃោសនាបោះឆ្នោតនេះ គណបក្សនីមួយៗ អាចដាក់ពាក្យបណ្ដឹង ទៅ គ.ជ.ប បាន។ លោកបានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ ខិតខំធ្វើយ៉ាងណាឲ្យដំណើរការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានហិង្សា ហើយធ្វើយ៉ាងណាឲ្យពលរដ្ឋមានជំនឿចិត្តលើការបោះឆ្នោត។ 
 
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ មានរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ឧសភា ដល់ថ្ងៃទី៣ មិថុនា។ ​នៅថ្ងៃទី៥ មិថុនា គឺជាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រព្រឹត្តទៅនៅទូទាំងប្រទេស ក្នុងឃុំសង្កាត់១៦៥២ឃុំសង្កាត់៕ 
 
 
 
 

Tag:
 គ.ជ.ប
  ដំណើរ
© រក្សាសិទ្ធិដោយ thmeythmey.com