ជាតិ
ពីនេះ ពីនោះ
អាជ្ញាធរជាតិព្រះវិហារ ប្រទះឃើញបំណែកវត្ថុ មានចារអក្សរក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ 
សកម្មភាពមន្ត្រីជំនាញ ស្ថិតនៅទីតាំងរកឃើញបំណែកវត្ថុបុរាណ។ រូបភាពពីទំព័រហ្វេសប៊ុក អាជ្ញាធរជាតិព្រះវិហារ។
×![]()
នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានប្រទះឃើញនូវបំណែកវត្ថុលោហៈ ចំនួន២បំណែក គឺបំណែកក និងតួខ្លួនដែលមានចារអក្សរមួយបន្ទាត់។ អក្សរនោះ ត្រូវបានអ្នកជំនាញកំណត់ជាអក្សរ ស្ថិតនៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។
បំណែកទាំងពីរនោះ ជាបំណែកក មានទំហំ ៦សង់ទីម៉ែត្រ គុណនឹង ១១សង់ទីម៉ែត្រ ឯតួខ្លួនមានកម្ពស់ ១២សង់ទីម៉ែត្រ។ អ្នកជំនាញបានសន្និដ្ឋានថា បំណែកលោហៈដែលរកឃើញនោះ ជាវត្ថុតង្វាយចំពោះទេពភៃសជ្យគុរុ (គ្រូនៃថ្នាំ ឬគ្រូនៃស្ដេចថ្នាំ) ដែលមានតម្កល់ក្នុងអរោគ្យសាលា ឬប្រាសាទតូច ដែលជាហោបន់ស្រន់របស់មន្ទីរពេទ្យ។
ផែនទី ទីតាំងរកឃើញបំណែកវត្ថុបុរាណ។ រូបភាពពីទំព័រហ្វេសប៊ុក អាជ្ញាធរជាតិព្រះវិហារ។
លោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ប្រាប់សារព័ត៌មានថ្មីៗ២៥ថា បំណែកវត្ថុលោហៈខាងលើនេះ ត្រូវបានមន្ត្រីអាជ្ញាធរជាតិព្រះវិហារ ប្រទះឃើញចៃដន់ នៅក្បែរប្រាសាទតូច នៅជើងភ្នំប្រាសាទព្រះវិហារ ក្នុងតំបន់ទី២ នៃរមណីយដ្ឋានប្រាសាទព្រះវិហារ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។
លោក ផេង សំអឿន អះអាងថា បច្ចុប្បន្នបំណែកវត្ថុខាងលើនេះ ត្រូវបានអ្នកជំនាញ យកទៅរក្សាទុកបណ្ដោះអាសន្ននៅសារមន្ទីរធម្មជាតិសាកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីត្រៀមបញ្ជូនមកកាន់ សារមន្ទីរជាតិ ភ្នំពេញ ដើម្បីសិក្សាលម្អិតបន្ថែម ៕
Tag:
ThmeyThmey25
វត្ថុបុរាណ
អាជ្ញាធរជាតិព្រះវិហារ
ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com