ជាតិ
WFP ជំរុញកម្ពុជា បញ្ចូលមីក្រូសារជាតិក្នុងអង្ករ ដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ
24, May 2022 , 11:59 am        
រូបភាព
(មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ)
(មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ)
ភ្នំពេញ៖ កម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ (WFP) បានសហការជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេស ស្ដីពី«ការបញ្ចូលមីក្រូសារជាតិក្នុងអង្ករ» ដល់រោងម៉ាស៊ីនកិនស្រូវចំនួន១៥ ។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ២ថ្ងៃ ដែលបង្ហាញនូវការអនុវត្ត អំពីដំណើរការផ្សំ ការដំឡើង របៀបប្រើប្រាស់ឧបករណ៍ និងការត្រួតពិនិត្យគុណភាពអង្ករ។

 
ការបន្ថែមមីក្រូសារជាតិក្នុងអង្ករ នឹងជួយបង្កើនតម្លៃអាហាររូបត្ថម្ភប្រកបដោយសុវត្ថិភាព សន្សំសំចៃ ជាពិសេសផ្ដល់វីតាមីន និងសារធាតុរួមផ្សំមួយចំនួនទៀត លើកកម្ពស់សុខភាពអ្នកបរិភោគ។ នៅកម្ពុជា ការបញ្ចូលមីក្រូសារជាតិទៅក្នុងអំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ដោយប្រើជាតិអ៊ីយ៉ូដ និងឬហ្វូឡាត ត្រូវបានអនុវត្តអស់ជាច្រើនឆ្នាំមកហើយ ខណៈបញ្ចូលមីក្រូសារជាតិក្នុងអង្ករ ពុំទាន់មាននៅឡើយ។  
 
លោក សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ បានលើកឡើងថា ប្រជាជនកម្ពុជា ភាគច្រើនទទួលទានបាយក្នុងបរិមាណច្រើន ដូច្នេះ ប្រសិនបើ អង្ករមានបន្ថែមមីក្រូសារជាតិ នឹងចូលរួមចំណែកដោះស្រាយបញ្ហាកង្វះហារូបត្ថម្ភ។ 
 
លោក ពន្យល់ថា បាយ ជាប្រភពថាមពលដ៏ល្អ ប៉ុន្តែ វានៅខ្វះមីក្រូសារជាតិសំខាន់ៗដូចជាវីតាមីអា ជាតិដែក និងកាល់ស្យូម ដែលសម្បូរក្នុងផ្លែឈើ និងបន្លែ។ ពលរដ្ឋកម្ពុជា ភាគច្រើនរងផលប៉ះពាល់ដោយសារបញ្ហាកង្វះមីក្រូសារជាតិ ដែលធ្វើសុខភាពទន់ខ្សោយ ផលិតភាពការងារ និងរៀនសូត្រទាប។  
 
ការសិក្សាអំពីផលវិបាកផ្នែកសេដ្ឋកិច្ច ដោយសារបញ្ហាអាហារូបត្ថម្ភនៅកម្ពុជា រកឃើញថា ការចំណាយទៅលើបញ្ហាកង្វះអាហារូបត្ថម្ភមានបរិមាណពី២៥០ ទៅ៤០០លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះ ១៣៤លានដុល្លារ ត្រូវខាតបង់ដោយសារបញ្ហាកង្វះមីក្រូសារជាតិ។ 
 
លោក ម៉ម បូរ៉ាត ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ នៃក្រសួងផែនការ បានឱ្យដឹងថា ការបន្ថែមវីតាមី ឬសារធាតុរ៉ែ ទៅក្នុងអង្ករប្រកបដោយសុវត្ថិភាព នឹងជួយបង្កើនគុណភាពអាហារូបត្ថម្ភ ជាពិសេសជួយកាត់បន្ថយបញ្ហាកង្វះមីក្រូសារជាតិរបស់ពលរដ្ឋក្រីក្រ ដោយពុំចាំបាច់ផ្លាស់ប្ដូរទម្លាប់ និងរស់ជាតិរបស់ពួកគេ។ 
 
កម្មវិធីស្បៀងអាហារពិភពលោក ក៏បានរកឃើញថា មួយភាគប្រាំនៃប្រជាជនកម្ពុជា ខ្វះខាតលទ្ធភាពទិញរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់ ក្នុងតម្លៃទាបបំផុត។ ការសិក្សាដំបូង បង្ហាញថា អង្ករដែលបញ្ចូលមីក្រូសារជាតិ ទទួលបានការចូលចិត្តខ្លាំងពីគ្រូបង្រៀន ឪពុកម្ដាយ និងកុមារទូទាំងប្រទេស។ ជាលទ្ធផល អង្ករមីក្រូសារជាតិ បានជួយលើកកម្ពស់សុខភាព និងសមត្ថភាពគិតរបស់កុមារនៅតាមជនបទ។ 
 
លោកស្រី គ្លែរ កូណាន់ ជាតំណាង និងនាយកប្រចាំប្រទេសនៃកម្មវិធីអាហារពិភពលោក  បានជំរុញឱ្យមានការប្រើប្រាស់ «អង្ករមីក្រូសារជាតិ» ដើម្បីធានាឱ្យពលរដ្ឋ និងជនក្រីក្រងាយរងគ្រោះ មានលទ្ធភាពទិញអាហារមានជីវជាតិ និងកាត់បន្ថយបញ្ហាអាហារូបត្ថម្ភនៅកម្ពុជា ជាពិសេសលើស្រ្តី និងកុមារ៕ 
 

Tag:
 មីក្រូសារជាតិ
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com