ជាតិ
សេដ្ឋកិច្ច
ពន្ធដារប្រមូលចំណូលចូលជាតិបានជិត ២៤០លានដុល្លារ ក្នុង​ខែមេសា
24, May 2022 , 7:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។​ រូបថត៖​ GDP
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។​ រូបថត៖​ GDP
ភ្នំពេញ៖​ ក្នុងខែមេសា អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបាន ២៣៧,២៧លានដុល្លារ។ ចំណូលនេះ ស្មើនឹងជាង៨ភាគរយនៃផែនការប្រចាំឆ្នាំ២០២២។ បើតាមសេចក្តីអគ្គនាយកដ្ឋានពន្ធដារចំណូលដែលសម្រេចបាននេះ គឺបានពីប្រភេទពន្ធមួយចំនួនដែលមានកំណើនពីរង្វង់៧០ទៅ៨០ភាគរយ។​

 
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ពន្ធប្រចាំខែមេសា ឆ្នាំ២០២២ ប្រមូលពន្ធលើប្រាក់ចំណូលមានកំណើន៨១,៩៨ភាគរយ ,អាករលើតម្លៃបន្ថែមមានកំណើន៨៤,៤៤ភាគរយ ,ពន្ធលើប្រាក់បៀវត្សមានកំណើន ៨៨,៥៥ភាគរយ និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ មាន៧៧,៣៣ភាគរយ បើនឹងខែមេសា​ ក្នុងឆ្នាំ២០២១។  ជាមួយគ្នានេះ ចំណូលអាករពិសេស មានកំណើនដល់ ១១០,៥៨ភាគរយ ខណៈពន្ធលើឈ្នួលផ្ទះ និងដី មានកំណើនរហូតដល់១១៤,៦០ភាគរយ។ 
 
កំណើននៃចំណូលពន្ធទាំង៦ប្រភេទខាងលើនេះ បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារសម្រេចបានការប្រមូល ពន្ធ-អាករគ្រប់ប្រភេទ ចំនួន ២៣៧,២៧លានដុល្លារ នៅក្នុងខែមេសា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៣ឧសភា។​
 
ដោយឡែក គិតចាប់ពីខែមករាដល់ខែមេសា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករចូលជាតិបានជាង ១ ៥០១លានដុល្លារ។ ចំណូលសរុបនេះ គឺស្មើនឹង៥៣,២៧ភាគរយនៃផែនការ​ ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ក្នុងទំហំសរុប​២ ៨១៩,៥៤លានដុល្លារ។ 
 
ដើម្បីសម្រេចផែនការប្រចាំឆ្នាំ ​អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម(VAT),​ ពង្រឹងការគ្រប់គ្រងនិងតាមដានលើលិខិតប្រកាសពន្ធរបស់សហគ្រាស...ជាដើម។ ក្រៅពីនេះអគ្គនាយកដ្ឋានពន្ធដារ នឹងសិក្សាពីវិធានការបំពាក់GPS​ និងFRID លើរថយន្តដឹកជញ្ជូន ក្នុងគោលដៅគ្រប់គ្រងទិន្នន័យក្នុងការប្រកាសពន្ធ និងម្រួលការផ្តល់សេវាជូនអ្នកជាប់ពន្ធ៕ 
 
 
 

Tag:
 ពន្ធដារ
  លោក គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com