ជាតិ
សេដ្ឋកិច្ច
ពន្ធដារប្រមូលចំណូលចូលជាតិបានជិត ២៤០លានដុល្លារ ក្នុងខែមេសា 
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDP
×![]()
ភ្នំពេញ៖ ក្នុងខែមេសា អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបាន ២៣៧,២៧លានដុល្លារ។ ចំណូលនេះ ស្មើនឹងជាង៨ភាគរយនៃផែនការប្រចាំឆ្នាំ២០២២។ បើតាមសេចក្តីអគ្គនាយកដ្ឋានពន្ធដារចំណូលដែលសម្រេចបាននេះ គឺបានពីប្រភេទពន្ធមួយចំនួនដែលមានកំណើនពីរង្វង់៧០ទៅ៨០ភាគរយ។
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ពន្ធប្រចាំខែមេសា ឆ្នាំ២០២២ ប្រមូលពន្ធលើប្រាក់ចំណូលមានកំណើន៨១,៩៨ភាគរយ ,អាករលើតម្លៃបន្ថែមមានកំណើន៨៤,៤៤ភាគរយ ,ពន្ធលើប្រាក់បៀវត្សមានកំណើន ៨៨,៥៥ភាគរយ និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ មាន៧៧,៣៣ភាគរយ បើនឹងខែមេសា ក្នុងឆ្នាំ២០២១។ ជាមួយគ្នានេះ ចំណូលអាករពិសេស មានកំណើនដល់ ១១០,៥៨ភាគរយ ខណៈពន្ធលើឈ្នួលផ្ទះ និងដី មានកំណើនរហូតដល់១១៤,៦០ភាគរយ។
កំណើននៃចំណូលពន្ធទាំង៦ប្រភេទខាងលើនេះ បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារសម្រេចបានការប្រមូល ពន្ធ-អាករគ្រប់ប្រភេទ ចំនួន ២៣៧,២៧លានដុល្លារ នៅក្នុងខែមេសា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៣ឧសភា។
ដោយឡែក គិតចាប់ពីខែមករាដល់ខែមេសា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករចូលជាតិបានជាង ១ ៥០១លានដុល្លារ។ ចំណូលសរុបនេះ គឺស្មើនឹង៥៣,២៧ភាគរយនៃផែនការ ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ក្នុងទំហំសរុប២ ៨១៩,៥៤លានដុល្លារ។
ដើម្បីសម្រេចផែនការប្រចាំឆ្នាំ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម(VAT), ពង្រឹងការគ្រប់គ្រងនិងតាមដានលើលិខិតប្រកាសពន្ធរបស់សហគ្រាស...ជាដើម។ ក្រៅពីនេះអគ្គនាយកដ្ឋានពន្ធដារ នឹងសិក្សាពីវិធានការបំពាក់GPS និងFRID លើរថយន្តដឹកជញ្ជូន ក្នុងគោលដៅគ្រប់គ្រងទិន្នន័យក្នុងការប្រកាសពន្ធ និងម្រួលការផ្តល់សេវាជូនអ្នកជាប់ពន្ធ៕
Tag:
ពន្ធដារ
លោក គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com