ជាតិ
ពីនេះ ពីនោះ
កូនកន្ធាយក្បាលកង្កែបជិត៦០០ក្បាល ត្រូវបានលែងចូលក្នុងជម្រកធម្មជាតិនៅក្រចេះ
24, May 2022 , 10:59 pm        
រូបភាព
ការលែងកូនកន្ធាយក្បាលកង្កែប ចូលក្នុងជម្រកធម្មជាតិ ក្នុងខេត្តក្រចេះ ដើម្បីអបអរសាទរទិវាអណ្ដើកអន្តរជាតិ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក អង្គការ​WCS។
ការលែងកូនកន្ធាយក្បាលកង្កែប ចូលក្នុងជម្រកធម្មជាតិ ក្នុងខេត្តក្រចេះ ដើម្បីអបអរសាទរទិវាអណ្ដើកអន្តរជាតិ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក អង្គការ​WCS។
អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានលែងកូនកន្ធាយក្បាលកង្កែប ឬល្មេច ចំនួន៥៨០ក្បាល ដែលជាប្រភេទជិតផុតពូជបំផុត ចូលទៅក្នុងជម្រកធម្មជាតិតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ។ សកម្មភាពខាងលើនេះ ដើម្បីចូលរួមអបអរសាទរទិវាអណ្ដើកពិភពលោក ក្នុងឆ្នាំនេះ។



ពិធីលែងកូនកន្ធាយក្បាលកង្កែបនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ក្រោមការសហការពីរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ។ កន្ធាយក្បាលកង្កែបនេះ គឺជាប្រភេទសត្វកម្រមួយ ក្នុងចំណោមប្រភេទកម្រផ្សេងទៀត ដែលត្រូវការពារបន្ទាន់ តាមដងទន្លេមេគង្គ។ បើតាមសេចក្ដីប្រកាសព័ត៌មានអង្គការWCS ការលែងកន្ធាយក្បាលកង្កែបចូលក្នុងជម្រកធម្មជាតិនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ដល់ការស្ដារប្រភេទសត្វនេះឡើងវិញ កុំឱ្យផុតពូជនៅថ្ងៃអនាគត។
 
លោក ក្លេមឹន បេគ័រ តំណាងប្រតិភូសហភាពអឺរ៉ុប ថ្លែងថា ប្រទេសកម្ពុជាមានទីជម្រក និងសត្វព្រៃដ៏សម្បូរបែបជាច្រើនប្រភេទ។ លោកបន្ថែមថា៖ «យើងទាំងអស់គ្នាមានគោលដៅរួមតែមួយ ក្នុងការជួយសង្គ្រោះសត្វប្រភេទនេះកុំឱ្យផុតពូជ ហើយសហភាពអឺរ៉ុប នៅតែប្ដេជ្ញាចិត្តធ្វើការ ជាមួយដៃគូទាំងអស់ ដើម្បីសម្រេចគោលដៅ»។ 
 
លោក កែន សេរីដ្ឋា នាយកអង្គការ WCS លើកឡើងថា WCS សម្រេចបាននូវសមិទ្ធផលជាច្រើន គួរឱ្យកត់សម្គាល់ ក្នុងការអនុវត្តគម្រោងរបស់ខ្លួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ លោកបន្តថា សមិទ្ធផលនេះកើតឡើងបាន ដោយសារមានការគាំទ្រពីម្ចាស់ជំនួយ និងកិច្ចសហការពីរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន បុគ្គលិក និងក្រុមការពារសម្បុកសហគមន៍។


សកម្មភាព នាពិធីលែងកូនកន្ធាយក្បាលកង្កែប ចូលក្នុងជម្រកធម្មជាតិ ក្នុងខេត្តក្រចេះ ដើម្បីអបអរសាទរទិវាអណ្ដើកអន្តរជាតិ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក អង្គការ​WCS។

លោក សេរីដ្ឋា បន្ថែមដូច្នេះ៖ «កំណើននៃសម្បុក និងពងកន្ធាយ បានជំរុញ និងលើកទឹកចិត្តយើងឱ្យខិតខំ ប្រឹងប្រែងបន្តទៀត ដើម្បីអភិរក្សកន្ធាយក្បាលក្បាលកង្កែប ដែលកំពុងទទួលរង​គ្រោះជិតផុតពូជបំផុតនេះ»។ ពាក់ព័ន្ធនឹងកំណើនសម្បុកកន្ធាយក្នុងឆ្នាំនេះ មានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០២១កន្លងទៅ។ 
 
យោងតាមរបាយការណ៍ នារដូវពងកូនឆ្នាំ២០២១កន្លងទៅ ក្រុមការងារអង្គការWCS បានរកឃើញសម្បុកកន្ធាយ ៦៦ ស្មើនឹង ២ ៥២៨ពង និងបានលែងចូលជម្រកធម្មជាតិ ១ ៣០០កូន។ ចំណែកឆ្នាំ២០២២វិញ ក្រុមការងាររកឃើញសម្បុកចំនួន ៦៣សម្បុក ស្មើនឹង ២ ១៥៥ពង។  គិតចាប់ពីខែមីនា ដល់ថ្ងៃទី២០ ខែឧសភា ក្នុងឆ្នាំនេះ មានកូនកន្ធាយចំនួន ៩៨២កូន ញាស់ពីសម្បុក៤០ និងបានលែងចូលក្នុងជម្រកធម្មជាតិទាំងអស់។ 
 
ដោយឡែកក្នុងឆ្នាំ២០២១កន្លងទៅ យ៉ាងហោចណាស់មានកន្ធាយក្បាលកង្កែបចំនួន៩ក្បាល ត្រូវបានជួយដូរតាមប្រព័ន្ធអនឡាញ និង ២ក្បាល បានស្លាប់ដោយសារការនេសាទខុសច្បាប់។ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល ស្នើឱ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្ដារប្រភេទកន្ធាយក្បាលកង្កែប ព្រមទាំងក្រើនរំឭកដល់ជនមួយចំនួន ដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។ 
 
គួរជម្រាបផងដែរថា កន្ធាយក្បាលកង្កែប ឬល្មេច មានឈ្មោះវិទ្យាសាស្ត្រ Pelochelys cantorii ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត។ កន្ធាយប្រភេទនេះ វាមានចំនួនតិចតួចប៉ុណ្ណោះ ក្នុងប្រទេសឡាវ និងប្រទេសមួយចំនួនទៀត និងទំនងជាផុតពូជហើយ នៅតាមជម្រលដែលធ្លាប់រស់នៅភាគច្រើន នៅប្រទេសវៀតណាម និងប្រទេសថៃ។
 
នៅកម្ពុជាវិញ អ្នកវិទ្យាសាស្ត្រមិនបានរកឃើញវត្តមានកន្ធាយប្រភេទនេះទេ នៅរង្វង់ឆ្នាំ២០០៣ ដល់ឆ្នាំ ២០០៧។ បន្ទាប់មកវាត្រូវបានឃើញវត្តមានវិញ នៅឆ្នាំ២០០៧ ដោយអង្គការអភិរក្សអន្តរជាតិ (CI) នៅក្នុងខេត្តក្រចេះ និង ស្ទឹងត្រែង៕
 

Tag:
 ThmeyThmey25
  បរិស្ថាន
  អណ្ដើក
  ទិវាអណ្ដើកពិភពលោក២០២២
  wcs
© រក្សាសិទ្ធិដោយ thmeythmey.com