ជាតិ
ប្រធានអាស៊ាន ៖ អ្នកពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង ត្រូវអនុវត្តតាមDOC និងអត់ធ្មត់ដោះស្រាយ បង្កើតCOC
25, May 2022 , 2:00 pm        
រូបភាព
ជាថ្មីម្ដងទៀត សម្ដេច ហ៊ុន សែន បានលើកយកបញ្ហាសមុទ្រចិនខាងត្បូង ទៅពន្យល់នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ានតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា នាទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី២៤ ឧសភា។


ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ សម្ដេច ហ៊ុន សែន នៅតែប្រកាសរក្សាជំហរខ្លួន គោរពអនុវត្តពេញលេញនូវសេចក្តីប្រកាសក្រមប្រតិបតិ្តភាគីសមុទ្រចិនខាងត្បូង (DOC) នៅភ្នំពេញ កាលពីឆ្នាំ២០០២។ សម្ដេច ហ៊ុន សែន មិនចង់ធ្វើជាចៅក្រមកាត់សេចក្តីលើបញ្ហាសមុទ្រចិនខាងត្បូងឡើយ ដោយទុកឱ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងភាគី ដែលពាក់ព័ន្ធជម្លោះសមុទ្រចិនខាងត្បូងនេះ សម្របសម្រួលគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈានទៅបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (Code of Conduct on South China Sea )។
 
បើតាមនាយករដ្ឋមន្រ្តីកម្ពុជា សេចក្តីប្រកាសក្រមប្រតិបតិ្តភាគីសមុទ្រចិនខាងត្បូង មានចែងអំពីការបើកចំហរដោយសេរី លើការធ្វើដំណើររបស់នាវាចរ ការហោះហើរលើដែនសមុទ្រ និងការអនុវត្តតាមច្បាប់ស្តីពី សមុទ្រអន្តរជាតិ ដែលបែងចែងនៅក្នុងឆ្នាំ១៩៨២ជាដើម។

 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ៖«ទី១ យើងទាមទារឱ្យមានការអនុវត្តឱ្យបានត្រឹមត្រូវ នូវបញ្ហា DOC ។ ឯទី២ ប្រទេសដែលមានការពាក់ព័ន្ធសូមអត់ធ្មត់សម្របសម្រួលគ្នា។ កម្ពុជា មិនមែនជាប្រទេសដែលទាមទារអធិបតេយ្យទេ ក៏ប៉ុន្តែក៏ទាមទារឱ្យ(ភាគីពាក់ព័ន្ធ) ដោះស្រាយទ្វេភាគីទៅលើចំណុចណា ដែលគេអាចដោះស្រាយបាន។ ឯចំណុចទី៣ គឺខិតខំកសាងនូវក្រមប្រតិបត្តិនូវ COC នៅសមុទ្រចិនខាងត្បូង»។
 
សម្តេចបានអះអាងថា សម្ដេចនឹងជំរុញឱ្យចិន ក៏ដូចជាប្រទេសអាស៊ានពាក់ព័ន្ធលើបញ្ហានេះ ចរចារកដំណោះស្រាយឈានទៅបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដែលជាយន្តការដោះស្រាយវិវាទមួយរបស់អាស៊ាន និងចិន។ ប៉ុន្តែប្រធានអាស៊ានរូបនេះ ក៏មិនប្រាកដថា ខ្លួននឹងអាចជួយសម្របសម្រួលបង្កើត COC នេះ បានកម្រិតណានោះទេ។
 
ប្រសិនបើឈានទៅបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) មែននោះ បញ្ហាសមុទ្រនេះ នឹងលែងក្លាយជាប្រធានក្តៅគគុកទៀត​ហើយ ព្រោះការរៀបចំ COC ប្រាកដណាស់ថា នឹងមានការតាក់តែងពីច្បាប់ទម្លាប់ និងការទទួលខុសត្រូវ រួមទាំងពីការអនុវត្តលើការប្រើប្រាស់ដែនសមុទ្រឱ្យបានត្រឹមត្រូវ ស្របតាមស្ថានភាពជាក់ស្ដែង។
 
ភាគីពាក់ព័ន្ធនៃជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ក្របខណ្ឌ​អាស៊ាន ​រួមមាន​រដ្ឋ​អាស៊ាន​បួន​ដូចជា​ ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម និង ចិន​។ កន្លងមក​ភាគី​ពាក់​ព​ន្ធ័​ជាពិសេស​អាស៊ាន បាន​ព្យាយាម​បង្កើត​យន្តការ​នានា​ ដើម្បី​កាត់បន្ថយ​នូវ​ភាពតានតឹង​នៅក្នុង​តំបន់​ជម្លោះ ​តាមរយៈ​កិច្ចប្រជុំ​របស់​អាស៊ាន​។ តែវា​មិនមែនជា​រឿង​ងាយស្រួលនោះទេ ក្នុងការ​ទាញ​ចិន​ដែលជា​ភាគី​តែមួយគត់​ ដែល​បានទាមទារ​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ ដោយ​យោងតាម​ហេតុផល​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន​លើកយក​ហេតុផល​ច្បាប់​មក​ដោះស្រាយ​នោះ​។​
 
ប៉ុន្តែចិន តែងតែ​បដិសេធ​រាល់​ការដោះស្រាយ​ជា​លក្ខណៈ​ពហុភាគី និងជំនួស​វិញ​ ដោយ​ការដោះស្រាយ​តាម​លក្ខណៈ​ទ្វេភាគី​ ដែល​ហ្វីលីពីន តែងតែ​ជំទាស់​ជាដាច់ខាត​។ ស្របពេលគ្មានដំណោះស្រាយនេះ ​ចិន​ដែលជា​ភាគី​ជម្លោះ​មួយ និងជា​មហាអំណាច​ដ៏​មានឥទ្ធិពល​ក្នុង​តំបន់ផងនោះ ក៏​បាន​វាតទី​លើ​តំបន់​ជម្លោះ​ត្រួត​ស៊ី​។ បើ​យោងតាម​របាយការណ៍​ផ្កាយរណប​របស់​អាមេរិក បាន​បង្ហាញកន្លងមកថា ចិន បាន​ចូលទៅ​សាងសង់​កោះ​សិប្បនិម្មិត​ដែលមាន​ទំហំ​ជាច្រើនហិច​តា ​ដែល​ជា​គោលដៅ​មូលដ្ឋាន​យោធា​ដ៏​សំខាន់​មួយទៀតផង៕
 
 

Tag:
 ហ៊ុន សែន
  វេទិកាធុរកិច្ច
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com