ភ្នំពេញ៖ កម្ពុជា និងអូស្រ្តាលី ប្រកាសឱ្យប្រើប្រាស់នូវគោលការណ៍ណែនាំ ស្តីពី«សុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់» នាថ្ងៃទី២៤ឧសភា។ គោលការណ៍នេះ នឹងក្លាយជាធាតុផ្សំយ៉ាងសំខាន់ នៃច្បាប់សំណង់របស់កម្ពុជា ក្នុងការជួយកាត់បន្ថយហានិភ័យ និងធ្វើឱ្យប្រសើរឡើង នូវសុវត្ថិភាពក្នុងវិស័យសំណង់នៅកម្ពុជា។
វិស័យសំណង់នៅកម្ពុជា គឺមានភាពរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលទាមទារឱ្យមានការអភិវឌ្ឍ និងការអនុវត្តស្តង់ដារផ្លូវការនានា ទាក់ទងនឹងគុណភាពសំណង់ ការរចនាគ្រឿងបង្គុំសំណង់ ជាពិសេសគឺសុវត្ថិភាពនៅកន្លែងធ្វើការ។ ដើម្បីកាត់បន្ថយហានិភ័យនៅការដ្ឋានសំណង់នៅកម្ពុជា លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានអនុម័តឱ្យប្រើប្រាស់គោលការណ៍ណែនាំស្តីពី សុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់សំណង់(WHS) ចាប់ពីថ្ងៃទី២៤ឧសភា ឆ្នាំ២០២២ទៅ។
គោលការណ៍នេះ ត្រូវបានចែកចេញជាបីផ្នែក ដែលគ្របដណ្តប់លើទំនួលខុសត្រូវ នៃសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន ព្រមទាំងការសង្គ្រោះបឋម និងការការពារកុមារ និងកម្មករវ័យក្មេង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា ដោយបន្ថែមថា គោលការណ៍នេះ ក៏ផ្តល់ការការពារបន្ថែម ដល់កម្មករសំណង់ស្ត្រី រួមទាំងនីតិវិធីសម្រាប់ការយល់ដឹង និងដោះស្រាយអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ នៅតាមការដ្ឋានសំណង់ ផងដែរ។
សម្រាប់ស្ថានទូតអូស្រា្តលីនៅកម្ពុជា គោលការណ៍នេះ នឹងក្លាយជាធាតុដ៏សំខាន់នៃច្បាប់សំណង់របស់កម្ពុជា ដែលមានភាពចាំបាច់សម្រាប់ឧស្សាហកម្មសំណង់នៅកម្ពុជា ដែលកំពុងលូតលាស់យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ លោក Pablo Kang ដែលជាឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា មានប្រសាសន៍ដូច្នេះ ៖«ខ្ញុំរីករាយណាស់ ដែលយើងបានដាក់ឱ្យដំណើរការ នូវឯកសារដ៏មានសារៈសំខាន់នេះ។ វាជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលចូលរួមក្នុងវិស័យសំណង់ ដែលចូលរួមក្នុងវិស័យសំណង់ ដែលជាវិស័យមួយប្រកបដោយសក្តានុពលនៅកម្ពុជា»។
បើតាម លោក Pablo Kang គោលការណ៍នេះ គឺផ្តោតការយកចិត្តទុកដាក់ លើសុវត្ថិភាពនៅការដ្ឋានសំណង់ ហើយវាក៏គ្របដណ្តប់ លើបញ្ហាសំខាន់ៗនានាផងដែរ ដូចជាសុវត្ថិភាពសាធារណៈ និងវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាដើម។
ជាមួយគ្នានេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា គោលការណ៍ណែនាំស្តីពី«សុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់»នេះ នឹងដើរតួនាទីសំខាន់ណាស់ ក្នុងការជួយកាត់បន្ថយហានិភ័យ និងធានាឱ្យបាននូវសុវត្ថិភាពប្រសើរ នៅតាមការដ្ឋានសំណង់ និងទីតាំង ក្បែរការដ្ឋានសំណង់នានា។ « ខ្ញុំសូមលើកទឹកចិត្តយ៉ាងមុតមាំ ដល់វិនិយោគិន និយោជក និងនិយោជិក បុគ្គល អង្គភាព និងស្ថាប័នពាក់ព័ន្ធនានា ឱ្យយកចិត្តទុកដាក់លើគោលការណ៍ណែនាំនេះ និងជួយអប់រំសមាជិកពាក់ព័ន្ធទាំងឡាយរបស់ខ្លួន ឱ្យយកចិត្តទុកដាក់លើគោលការណ៍នេះ ហើយសូមអនុវត្តគោលការណ៍ណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ នៅការដ្ឋានសំណង់របស់ខ្លួន»។ លោក ជា សុផារ៉ា មានប្រសាសន៍បែបនេះ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា។
សូមជម្រាបថា ២ទស្សវត្សន៍ចុងក្រោយនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់ ដល់ការដ្ឋានសំណង់ ជាង៥៧ ០០០កន្លែង នៅទូទាំងប្រទេស។ ទិន្នន័យរបស់ក្រសួងរៀបចំដែនដី បានបង្ហាញថា ការដ្ឋានសំណង់ទាំងនេះ មានតម្លៃទុនវិនិយោគ ជាង៦៦ពាន់លានដុល្លារ ហើយវិស័យនេះ ផ្តល់ការងារជាមធ្យមដល់ពលរដ្ឋ ប្រមាណ១៥ម៉ឺននាក់ក្នុងមួយថ្ងៃ។
រយៈពេលចុងក្រោយនេះ គ្រោះថ្នាក់នៅតាមការដ្ឋានសំណង់ បានកើតឡើងជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីថ្ងៃទី២០ឧសភា កម្មករសំណង់ចំនួន៤នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារដាច់ខ្សែកាបយោងជណ្ដើរយន្ត នៅការដ្ឋានសំណង់មួយកន្លែង មានកម្ពស់១៥ជាន់ នៅក្រុងព្រះសីហនុ៕