ជាតិ
សង្គមជាតិ
ស៊ីម៉ាក់ យកគ្រាប់បែកចេញពីនាវាលិចក្នុងបាតទន្លេមេគង្គ បានជាង១ពាន់គ្រាប់
25, May 2022 , 11:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ហេង រតនា
រូបភាពពីហ្វេសប៊ុកលោក ហេង រតនា
ភ្នំពេញ៖ ក្រុមជំនាញដោះមីន នៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានយកគ្រាប់បែកមិនទាន់ផ្ទុះ ប្រមាណជាង១ពាន់គ្រាប់ ដែលមានទម្ងន់ជាង១០តោន ចេញពីនាវាលិចក្នុងបាតទន្លេមេគង្គ ស្ថិតនៅចំណុចឃុំពាមរាំង ស្រុកពាមជរ ខេត្តព្រៃវែង។

 
រយៈពេលជិត២០ថ្ងៃហើយ ដែលក្រុមជំនាញដោះមីន និងសម្អាតគ្រាប់ នៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ធ្វើប្រតិបត្តិការយកគ្រាប់ចេញពីនាវាលិចក្នុងបាតទន្លេមេគង្គ ត្រង់ចំណុចភូមិពាមរាំង ឃុំពាមរាំង ស្រុកពាមជរ ខេត្តព្រៃវែង។ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ក្រុមជំនាញរបស់ស៊ីម៉ាក់ ប្រមូលបានគ្រាប់បែកមិនទាន់ផ្ទុះសរុបជាង១ពាន់គ្រាប់ ទម្ងន់ជាង១០តោន ពីនាវាលិចទឹកនោះ។ នេះបើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC)។
 
លោក ហេង រតនា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ក្រុមជំនាញបានប្រតិបត្តិការរុករកតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព ហើយពុំមានបញ្ហាអ្វីឡើយ។ ចំពោះគ្រាប់បែក ដែលយកចេញពីនាវានោះមានច្រើនប្រភេទ ក្នុងនោះមានដូចជា គ្រាប់១០៥មីលីម៉ែត្រ គ្រាប់៧៥មីលីម៉ែត្រ និងគ្រាប់មីនក្លេម័រជាដើម។

 
លោក អះអាងថា៖«គ្រាប់ប្រមូលបានជាង១ពាន់គ្រាប់នេះ មិនទាន់អស់ទេ ប្រហែលជារាប់ពាន់តោននៅទីតាំងនោះ។ នេះគ្រាន់ជាការចាប់ផ្ដើមទេ យើងនៅបន្តធ្វើទៀត ទាល់តែអស់»។ ចំពោះប្រតិបត្តិរុករកគ្រាប់បែក មួយទីតាំងត្រូវការពេលវេលាប្រមាណ៦ខែ ទៅ១ឆ្នាំ។ នេះបើតាមលោក ហេង រតនា។
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែឧសភា ស៊ីម៉ាក់ បានបោសសម្អាតគ្រាប់បែក១គ្រាប់ ប្រភេទ MK-82 ទម្ងន់ជាង២០០គីឡូក្រាម ដែលទម្លាក់ពីយន្តហោះអំឡុងពេលសង្គ្រាម ដែលស្ថិតក្នុងភូមិភីរី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នៅថ្ងៃទី២៤ ខែឧសភា ក្រុមជំនាញស៊ីម៉ាក់ ក៏បានកាត់បន្សាបគ្រាប់បែក AN-M66 ដែលមានទម្ងន់ជិត១តោន ពីបាតទន្លេចតុមុខ ត្រង់ចំណុចទល់មុខព្រះបរមរាជវាំងផងដែរ៕
 
 
 

Tag:
 ហេង រតនា
  គ្រាប់បែក
  នាវាលិចទឹក
  ទន្លេមេគង្គ
  ស៊ីម៉ាក់
© រក្សាសិទ្ធិដោយ thmeythmey.com