ជាតិ
កម្ពុជា-វៀតណាម រួមគ្នាបង្កើតកញ្ចប់ទេសចរណ៍ «ប្រទេសពីរ គោលដៅមួយ»
27, May 2022 , 8:59 am        
រូបភាព
ដោយ:
កម្ពុជា និងវៀតណាម បានឯកភាពគ្នារៀបចំកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខណ្ឌនៃការផ្សព្វផ្សាយ «ប្រទេសពីរ គោលដៅមួយ»។ ការរៀបចំកញ្ចប់ទេសចរណ៍នេះដើម្បី ជំរុញទេសចររវាងប្រទេសទាំងពីរនិងទាក់ទាញទេសចរអន្តរជាតិពីប្រទេសទីបី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីលទ្ធផលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នៅក្រុងហាណូយ។



លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួបពិភាក្សា ជាមួយលោក ង្វៀង​ វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ជុំវិញការបើកដំណើរការទេសចរណ៍ឡើងវិញរវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហការក្នុងវិស័យទេសចរណ៍។ ក្នុងនោះភាគីទាំងពីរបានឯកភាពបើកជើងហោះហើរ សិក្សាពីការបើកច្រកទ្វារទេសចរណ៍ផ្លូវទឹក នៅពេលកំពង់ផែខេត្តកំពតធ្វើរួចរាល់ និងការបើកទេសចរណ៍តាមដងទន្លេ។
  


ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសទាំងពីរ នឹងរួមគ្នាបង្កើតកញ្ចប់ផលិតផលទេសចរណ៍រួម ដោយមានការចូលរួមពីវិស័យឯកជន ក្នុងក្រមខណ្ឌផ្សព្វផ្សាយ «ប្រទេសពីរ គោលដៅតែមួយ» ។ ការបង្កើតកញ្ចប់ទេសចរណ៍នេះដើម្បីផ្លាស់​​ប្ដូព័ត៌មានទេសចរណ៍រវាងប្រទេសទាំងពីរ ក្នុងគោលបំណងជំរុញទេសចរទៅវិញទៅមក និងទាក់ទាញទេសចរអន្តរជាតិពីបរទេសបន្ថែម។ 
 
លើសពីការបង្កើតកញ្ចប់ទេសចរណ៍ កម្ពុជា-វៀតណាម ក៏ឯកភាពគ្នាបង្កើនការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា ទៅកាន់ប្រទេសទីបី ដើម្បីឱ្យវិស័យទេសចរណ៍អាចងើបឡើងវិញពេញលេញ។ ប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរការអប់រំ និងចំណេះដឹងផ្នែកទេសចរណ៍ ក៏ដូចជាផ្លាស់ប្ដូរបទពិសោធរបស់ប្រតិបត្តិករ​ និងបុគ្គលិកក្នុងវិស័យទេសចរណ៍។​ ប្រទេសទាំងពីរក៏ជំរុញឱ្យមានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ័ភាសាវៀតណាម និងភាសាខ្មែរផងដែរ។
 



សូមជម្រាបដែរថាក្នុងជំនួបរវាងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី១១ឧសភានៅសហរដ្ឋអាម៉េរិក ប្រទេសទាំងពីរបាន បានឯកភាពគ្នាបើកទ្វារទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសឡើងវិញ ។​
 
បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ រយៈពេល៤ខែនៃឆ្នាំ២០២២ ទេសចរវៀតណាមចូលមកកម្ពុជាប្រមាណ៧ម៉ឺន៥ពាន់នាក់។ ទិន្នន័យនេះជាចំនួនច្រើនជាងគេក្នុងចំណោមទីផ្សារទេសចរអន្តរជាតិសំខាន់ៗទាំង១០ ដែលមាន ថៃ ចិន អាម៉េរិក ឥណ្ឌូនេស៊ី បារាំង កូរ៉េខាងត្បូង ម៉ាឡេស៊ី អង់គ្លេស និងចិនតៃវ៉ាន់៕
 

Tag:
 ThmeyThmey25
  វៀតណាម
  ប្រទេសពីរ គោលដៅមួយ
© រក្សាសិទ្ធិដោយ thmeythmey.com